Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ដល់​ភាគី​ចិន ពិនិត្យ និង​ពិចារណា​ផ្តល់​ការគាំទ្រ​ដល់​ការបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ និង​ពិសោធន៍​ពូជ​ឫស្សី និង​ពូជ​រុក្ខជាតិ​ផ្កា​

spot_img

​ភ្នំពេញ ​៖ ​លោក​រដ្ឋមន្ត្រី​កសិកម្ម បានស្នើ​ដល់​ភាគី​ចិន ពិនិត្យ និង​ពិចារណា​ផ្តល់​ការគាំទ្រ​ដល់​ការបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ និង​ពិសោធន៍​ពូជ​ឫស្សី និង​ជាពិសេស​ពូជ​រុក្ខជាតិ​ផ្កា រួមជាមួយ​ការរៀបចំ​គម្រោង​សួនច្បារ​គំរូ​មិត្តភាព កម្ពុជា​-​ចិន ដើម្បី​អភិវឌ្ឍន៍​វិស័យ​ព្រៃឈើ និង​អាច​បង្កើតជា​តំបន់​ទេសចរណ៍ធម្មជាតិ​ផងដែរ​។​

​នា​រសៀល​ថ្ងៃទី​២៨​ឧសភា នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​លោកស្រី​សាស្ត្រាចារ្យ Jiang Zehui សហប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​គណៈ​អភិបាល​របស់​អង្គការ​អន្តរជាតិ​ឫស្សី និង​ផ្តៅ (INBAR) លោក Wang Wentian ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី​ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការ INBAR និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​តែងតែ​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ពេញលេញ ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ លោក​ក៏បាន​ជម្រាបជូន​ភ្ញៀវ​អំពី​វឌ្ឍនភាព​ដែល​សម្រេចបាន​ពីថ្ងៃ​ម្សិលមិញ ដោយ​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចូលរួម​ការពារ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ​នៅ​ចំពោះមុខ​ប្រធាន​គណៈកម្មការ​ទី​៣ និង​ទី​៥ នៃ​រដ្ឋសភា ហើយ​វត្តមាន​របស់លោក​ស្រី លោក​ឯកអគ្គរដ្ឋទូត និង​សហការី​នា​ថ្ងៃនេះ​បាន​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ​ថែម​មួយកម្រិត​ទៀត និង​បញ្ជាក់​អំពី​ការយកចិត្តទុកដាក់​ម​កលើ​កម្ពុជា​ក្នុងការ​អភិវឌ្ឍ និង​អភិរក្ស​វិស័យ​ព្រៃឈើ ពោលគឺ​ផល​ព្រៃឈើ​ឫស្សី និង​ផ្តៅ​នេះ​តែម្តង​។ មួយវិញទៀត ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រសួង បច្ចុប្បន្ន​មាន​សហគមន៍​ព្រៃឈើ​ចំនួន ៦១៤​សហគមន៍ លើ​ផ្ទៃដី​ជាង ៥០០​ពាន់​ហិកតា​ដែល​លោក​ជឿជាក់ថា​សហគមន៍​ទាំងអស់នោះ​នឹង​អាច​ទទួលបាន​ការគាំទ្រ និង​ផលប្រយោជន៍​ជាច្រើន​ពី​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​នេះ​ផងដែរ​។​

​នាឱកាស​នេះ លោកស្រី សាស្ត្រាចារ្យ​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​រដ្ឋមន្ត្រី និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​បានផ្តល់​ការគាំទ្រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេចចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការចូល​ជា​ប្រទេស​សមាជិក​ពេញ​សិទ្ធ​ទី​៤៦ ក្នុង​អង្គការ INBAR ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​តាមរយៈ​ការបង្កើន​គំរប​ព្រៃឈើ បរិស្ថាន​បៃតង ការបង្កើត​ការងារ ប្រាក់ចំណូល និង​កម្រិតជីវភាពរ​បស់​ប្រជាជន និង​សហគមន៍​។ លោកស្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា កម្ពុជា​គឺជា​ប្រទេស​ដែលមាន​សក្តានុពល និង​អំណោយផល​ទាំង​ធនធាន​ដី និង​អាកាសធាតុ​សម្រាប់​ការដាំដុះ​ឫស្សី ស្រប​ជាមួយ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ និង​ស៊ីជម្រៅ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​តាមរយៈ​គោលនយោបាយ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ លោកជំទាវ​ជឿជាក់ថា អង្គការ INBAR នឹងមាន​លទ្ធភាព​ច្រើន​ក្នុងការ​ជួយឧបត្ថម្ភ គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ព្រៃឈើ​នៅ​កម្ពុជា​។ ទន្ទឹមនឹងនេះ លោកស្រី​ក៏បាន​លើកឡើង​ផងដែរ​ថា កិច្ចសហប្រតិបត្តិការ​រវាង​ភាគី​ទាំងពីរ​នឹង​អាចឈាន​ឡើង​ថែម​មួយកម្រិត​ទៀត​សំដៅ​ទៅលើ​ការអភិវឌ្ឍ​រុក្ខជាតិ​ផ្កា​នៅ​កម្ពុជា ដែល​ប្រទេស​ចិន​មាន​សក្តានុពល​ខ្ពស់ ទាំង​បច្ចេកទេស​នៃ​ការដាំដុះ និង​ទីផ្សារ​។​

​ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី​គាំទ្រ​ចំពោះ​ការលើកឡើង​របស់លោក​ស្រី ជាពិសេស​លើ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទាំ​ង​លើ​ការអភិវឌ្ឍ​ឫស្សី ផ្តៅ និង​រុក្ខជាតិ​ផ្កា​នេះ​តែម្តង ហើយ​បញ្ជាក់ថា ក្រសួង​ស្វាគមន៍ និង​ផ្តល់​កិច្ចសហការ​ឲ្យ​អស់​លទ្ធភាព ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន សហគមន៍​ព្រៃឈើ និង​ទីផ្សារ​ទាំងមូល​។ តាមរយៈ​លោកស្រី និង​លោក​ឯកអគ្គរដ្ឋទូត លោក​រដ្ឋមន្ត្រី​បានស្នើ​ដល់​ភាគី​ចិន ពិនិត្យ និង​ពិចារណា​ផ្តល់​ការគាំទ្រ​ដល់​ការបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ និង​ពិសោធន៍​ពូជ​ឫស្សី និង​ជាពិសេស​ពូជ​រុក្ខជាតិ​ផ្កា រួមជាមួយ​ការរៀបចំ​គម្រោង​សួនច្បារ​គំរូ​មិត្តភាព កម្ពុជា​-​ចិន ដើម្បី​អភិវឌ្ឍន៍​វិស័យ​ព្រៃឈើ និង​អាច​បង្កើតជា​តំបន់​ទេសចរណ៍ធម្មជាតិ​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×