បន្ទាយមានជ័យ ៖ ប័ណ្ណព្រំដែនកម្ពុជា-ថៃ (Border Pass) នឹងផ្ទេរពិធ្វើដោយនគរបាលអន្តោប្រវេសន៍មកអោយអាជ្ញាធរដែនដីធ្វើវិញ ។ យោងតាមអង្គប្រជុំគណ:បញ្ជាការកងឯកភាពខេត្តបន្ទាយមានជ័យប្រចាំខែធ្នូ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណ:មេបញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: អនុវត្តតាមអនុក្រឹត្យ,តាមប្រកាសខាងលើនេះ តទៅមុខដ៏ខ្លីនេះ ការធ្វើប័ណ្ណព្រំដែនរដ្ឋបាលខេត្តនឹងត្រូវផ្ទេរពីចេញបែបបទ និងនិតិវិធីនេះ ដោយនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនោះ មកអោយអាជ្ញាធរខេត្ត-ស្រុក-ក្រុងជាស្ថាប័នត្រូវចេញវិញ។
លោក អភិបាលខេត្តថ្លែងបន្តថា ៖ ហេតុនេះ ដើម្បីសម្រួលអោយសេវារដ្ឋបាលនេះងាយស្រួលដដែល រដ្ឋបាលេត្តផ្តល់ប្រតិភូកម្មសិទ្ធិអោយទៅរដ្ឋបាលស្រុកក្រុងជាប់បណ្តោយព្រដែនកម្ពុជា ថៃ (ដូចជាស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅស្រុកស្វាយចេកនិងស្រុកថ្មពួក)រៀបចំមន្ត្រីក្រុមការងារនិងទីតាំងសមស្របនៅកៀកនឹងព្រំដែនដើម្បីបំពេញការងារនេះ។ តែសមត្ថកិច្ចត្រូវត្រួតពិនិត្យនូវប័ណ្ណព្រំដែននេះ នៅតែជានគរបាលអន្តរប្រវេសន៍នៃច្រកទ្វារព្រំដែនកម្ពុជា ថៃដដែល។ ប៉ុន្តែនៅខាងកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិ មាននគរបាលអន្តោប្រវេសន៍។ តែតាមច្រកទ្វារតំបន់ មានតែនគរបាលការពារព្រំដែនគោក គ្មាននគរបាលអន្តោប្រវេសន៍ឡើយ (ខាងថៃមាន)។
យោងលោក ជា សេងអាន នាយករងទីចាត់ការរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យអោយដឹងថា៖ ការសម្រេចនេះ បន្ទាប់ពីរាជរដ្ឋាភិបាលក្នុងអនុក្រឹត្យលេខ២៧២អនក្រ-បក ស្តីពីប័ណ្ណព្រំដែនកម្ពុជា -ថៃចុះថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៦ និងប្រកាសក្រសួងមហាផ្ទៃក្នុងលិខិតលេខ៤៧៧ប្រក ស្តីពីបែបបទនិងនិតិវិធី នៃការផ្តល់ប័ណ្ណព្រំដែនកម្ពុជា -ថៃចុះថ្ងៃទី៦មិថុនាឆ្នាំ២០១៧។ យោងនូវកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃស្តីពីការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំង២ តាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៩៧មកម្ល៉េះ ។
សូមរំលឹកថា ប័ណ្ណព្រំដែន (Border Pass) ជាបែបបទឆ្លងដែនស្របច្បាប់ស្ថិតលំដាប់ទី២ បន្ទាប់ពីលិខិតឆ្លងដែន(Passport) ។ និងនៅលំដាប់លើសំបុត្រអនុញាតអោយឆ្លងកាត់តំបន់ព្រំដែន( Laise Pass)(តម្លៃ១.០០០រលឬ១០បាទ) ដែលអាជ្ញាធរថៃនិងកម្ពុជាអនុញ្ញាតិអោយសម្រាប់តែពលរដ្ឋកម្ពុជាឆ្លងចូលតំបន់ព្រំដែន មានផ្សារជាដើមក្នុងរយ:ពេល១ថ្ងៃគឺទៅព្រឹកវិលល្ងាច។
ឯប័ណ្ណព្រំដែន (BorderPass) ត្រូវបានអាជ្ញាធរថៃ-កម្ពុជាអនុញ្ញាតអោយតែពលរដ្ឋកម្ពុជានៅស្រុក-ក្រុង នៃខេត្តជាប់ព្រំដែនអាចឆ្លងចេញចូលទៅក្នុងជម្រៅ២ខេត្តជាប់គ្នា នៃប្រទេសថៃ ហើយមានរយ:ពេល១សប្តាហ៍។ ប័ណ្ណនេះ តាំងពីដើមមក គឺធ្វើនៅក្នុងប៉ុស្តិ៍នគរបាលអន្តោប្រវេសន្ច្រកទ្វារអន្តរជាតិនានារបស់កម្ពុជា ដូចជាច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ,ច្រកទ្វារដូងខេត្តបាត់ដំបង, ច្រកទ្វារព្រំខេត្តប៉ៃលិន , ច្រកទ្វារអូរស្មាច់និងច្រកទ្វារអន្លង់វែងខេត្តឧត្តរមានជ័យ ច្រកទ្វារចាំយាមខេត្តកោះកុង។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯ/ឧ សួន បវរ អភិបាលខេត្តក៏មានមានរបៀបវារៈ ៖ ទី១-ត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០១៨ និងទិវាជ័យជំនះ ៧មករា ២០១៨។ ទី២- ពិភាក្សាពីការផ្តល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ (បន្ទាយមានជ័យ-ស្រះកែវ)។ ទី៣ -ខ ៦០២/១៧ សសរ ស្តីពីការប្រកាសគណៈកម្មការរៀបចំសន្និបាទខេត្តប្រចាំ២០១៧។ ទី៤ – ការរៀបចំប្រកាសចូលកាន់មុខតំណែងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រោយតុលាការរំលាយគណបក្សសង្គ្រោះជាតិ។ និងទី៥ – ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់( ទាំងចាស់ទាំងថ្មី) ផងដែរ៕ ដោយ ៖ បន្ទាយ