ភ្នំពេញ ៖ មន្ត្រីកាំកុងត្រូល បានរកឃើញនូវស្ករត្នោតដែលមានភាពមិនប្រក្រតីមួយចំនួន នៅទីតាំងលក់ស្ករត្នោតនៅខាងក្រោយផ្សារដេប៉ូ ដែលសង្ស័យថា មានប្រើជាតិគីមី ប៉ះពាល់ដល់សុខភាពអ្នកហូប ហើយត្រូវបានមន្ត្រីជំនាញបញ្ជូនយកស្ករត្នោតទាំងនោះទៅមន្ទីរពិសោធន៍ដើម្បីធ្វើការពិសោធន៍បន្តទៀតឲ្យដឹងលទ្ធកាន់ច្បាស់លាស់ ។
មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញសហការណ៌ជាមួយលោកអភិបាលរងខណ្ឌនិងមន្ត្រីខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០១៧នេះបានចុះធ្វើការត្រួតពិនិត្យទីតាំងលក់ស្ករត្នោតនៅខាងក្រោយផ្សារដេប៉ូ ស្ថិតនៅលើផ្លូវលេខ២១៩ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោកដើម្បីស្វែងរកសារធាតុដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ គឺធ្វើឡើងតាមការណែនាំពីប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញរួមទាំងមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋផងដែរ។
លោកបន្តថាការចុះពិនិត្យទំនិញនៅផ្សារដេប៉ូនេះក្រុមការងាររបស់លោកធ្វើសំណាកចំនួន១៨ នឹងបានយកសំណាកស្ករត្នោតចំនួន៤ពីក្រុមអាជីវករផ្សារទៅពិនិត្យក្នុងមន្ទីរពិសោធន៍ស្វែងរកសារធាតុគីមីភ្លាមៗតែម្តង ដែលសារធាតុទាំងនេះនឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់អ្នកបរិភោគ បើសិនរកឃើញនៅសារធាតុគីមីនេះ កម្លាំងកាំកុងត្រូលផែស្ងួតចុងទី និងធ្វើការដកហូតនិងធ្វើការពិន័យតាមផ្លូវច្បាប់។ ទំនិញដែលសង្ស័យរកឃើញនោះត្រូវបានមន្ត្រីជំនាញធ្វើការផ្អាកមិនឲ្យធ្វើអាជីវកម្មបណ្ដោះអាសន្ន រហូតដល់មន្ទីរពិសោធន៍ផ្ដល់នូវលទ្ធផលផ្លូវការ ។
លោក គង់ វុទ្ធី បន្តថា ការងារចុះមកពិនិត្យដល់ទីតាំងអាជីវកម្មដោយផ្ទាល់ ក្នុងគោលបំណងទប់ស្កាត់ នូវការផលិត ស្ករសធ្វើជាស្ករត្នោត ទប់ស្កាត់ នូវបរិមាណនិងគុណភាព ការយកម្ស៉ៅមី ឬម្ស៉ៅឆា ដាក់លាយជាស្ករ អោយមានទំងន់ ធ្ងន់និង ទប់ស្កាត់ នៅការលាយសារធាតុគីមី សូដ្យូមអ៉ីដ្រូសូហ្វីត។
លោកអនុប្រធានកាំកុងត្រូលបានបន្ថែមទៀតថា បញ្ហាសារធាតុគីមី សូដ្យូមអ៊ីដ្រូសូហ្វីត នេះអាចបង្កអោយមានផលប៉ះពាល់ដល់មនុស្សយើង ដូចជា ក្រពះ ពោះវៀន អោយរលាក ដំបៅ ក្លាយទៅជាជម្ងឺមហារីក។
លោក លោក គង់ វុទ្ធី បានអំពាវនាវដល់អាជីវកលក់ដូរនៅផ្សារដេប៉ូក៏ដូចជាផ្សារផ្សេងនិងទីតាំងផលិតទាំងអស់ សូមកុំលាយបន្ថែម នូវសារធាតុគីមី ម្ស៉ៅស ហៅថាសូដ្យូមអ៉ីដ្រូសូហ្វីតនេះ ព្រោះវាធ្វើប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ៕ ដោយ៖បញ្ញាស័ក្តិ