ប្រទេសភីលីពីន បានដឹកជញ្ជូនសំរាម១.៥០០តោន ត្រឡប់ទៅកាន់ប្រទេសកាណាដាវិញ ក្រោយពេលមានជម្លោះការទូតយ៉ាងយូរ ជុំវិញបញ្ហាសំរាម រហូតដល់ថ្នាក់ប្រធានាធិបតី Rodrigo Duterte គំរាមដឹកសំរាមទាំងនោះទៅចាក់ចោលនៅកាណាដាវិញ។
ភីលីពីនបញ្ជាក់ថា សំរាមដែលដឹកមកប្រទេសខ្លួនគឺត្រូវបានគេវាយស្លាកខុស ដោយដាក់ថាជាសំណល់ប្លាស្ទិចកែច្នៃប្រើប្រាស់វិញ នៅពេលវាបានដឹកជញ្ជូនមកកាន់ទីក្រុងម៉ានីល កាលពីឆ្នាំ ២០១៤។
ជុំវិញបញ្ហានេះ កាណាដាបានព្រមព្រៀងចេញលុយទាំងអស់លើថ្លៃដឹកជញ្ជូនសំរាមត្រឡប់ទៅវិញ។
សំរាមចំនួន ៦៩កុងតឺន័រ ត្រូវបានដឹកតាមកប៉ាល់ទំនិញពីភាគខាងជើងទីក្រុងម៉ានីល ត្រឡប់ទៅកាន់ប្រទេសដើមវិញ។
សំរាមទាំងនោះនឹងទៅដល់ទីក្រុង Vancouver របស់កាណាដា មុនបំណាច់ខែមិថុនាខាងមុខ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រទេសម៉ាឡេស៊ីក៏បានប្រកាសថាខ្លួននឹងធ្វើការដឹកសំរាមប្លាស្ទិច ចំនួន៤៥០តោនទៅកាន់ប្រទេសដើមវិញ ដែលវិធានការនេះគឺម៉ាឡេស៊ី
ចង់បញ្ជាក់ថា ប្រទេសខ្លួនមិនមែនជាកន្លែងចាក់សម្រាមរបស់ពិភពលោកទេ។
មន្ត្រីម៉ាឡេស៊ីបញ្ជាក់ថា សំរាមប្លាស្ទិចទាំងនោះត្រូវបានដឹកមកពីអាមេរិច ចក្រភពអង់គ្លេស អូស្ត្រាលី ជប៉ុន ចិន អារ៉ាប់ប៊ី សាអូឌី បង់ក្លាដេស ហូឡង់ និងសិង្ហបុរី៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN