កោះកុង៖ សហគមន៍អេកូទេសចរណ៍(CBET) ជាអ្នកជួយថែរក្សាព្រៃឈើ ។ តំបន់ស្ទឹងអារ៉ែង ស្ថិតក្នុងឧទ្យានជាតិភ្នំក្រវ៉ាញខាងត្បូង ក្នុងភូមិសាស្ត្រខេត្តកោះកុង។ នេះគឺជាចំណុចមួយនៃយុទ្ធសាស្ត្ររបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃសម្រាប់ការអភិរក្ស ដែលបានការគាំទ្រពីលោក សាយ សំអាល់ រដ្ឋមន្ត្រីនៃក្រសួងបរិស្ថាន ហើយក៏មានការចូលរួមពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ម្សិលមិញ បានទៅទស្សនកិច្ចនៅតំបន់ជាយអារ៉ែង(CBET) ដែលបាននិងកំពុងអភិវឌ្ឍន៍តាំងខែមករា ឆ្នាំ2016 មកម្ល៉េះជាមួយនឹងប្រជាពលរដ្ឋទាំង៨ភូមិដែលរស់នៅតាមជ្រលងភ្នំ។ ការបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នឹងប្រព្រឹត្តិទៅនៅក្នុងខែកុម្ភៈ ឆ្នាំ2018 នាពេលខាងមុខ។
ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់ប្រធានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែងស្តីពីវឌ្ឍនភាពនៃការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ លោករដ្ឋមន្ត្រី បានលើកឡើងថាដើម្បីឱ្យសហគមន៍ចូលរួមអភិរក្សធនធានធម្មជាតិដោយនិរន្តរភាព សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង បង្កើនជីវភាពតាមរយៈការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា។ លោករដ្ឋមន្ត្រីបានណែនាំប្រជាពលរដ្ឋ ពង្រឹងការចិញ្ចឹមសត្វបន្ថែម ដើម្បីជួយជីវភាពគ្រួសារផងដែរ។ តាមរយៈការលើកឡើងពីសហគមន៍ ស្នើសុំបណ្តាញអគ្គិសនី ឯកឧត្តម រដ្ឋមន្ត្រីបានផ្តល់បន្ទះអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន១០បន្ទះ ដល់សហគមន៍ និង១០បន្ទះទៀតជូនទៅមន្ទីរបរិស្ថានខេត្តទុកប្រើប្រាសសាកល្បងដើម្បីជួយក្នុងកិច្ចការពារបរិស្ថានបន្ថែមទៀត។
លោកខៀវ បូរិន អគ្គនាយកសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថានបានឱ្យថា សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ចាប់ផ្តើមដំណើការកាលពីចុងឆ្នាំ២០១៦។ ក្នុងរយៈពេល១ឆ្នាំមកនេះ មានភ្ញៀវទេសចរបានមកទស្សនាតំបន់រមណីយដ្ឋានធម្មជាតិ ចំនួនជាង៤០០នាក់ ក្នុងជនបរទេសមានចំនួនជាង១០% និងបានផ្តល់ចំណូលសម្រាប់សហគមន៍ ចំនួនជាង៤០០០ដុល្លារ។
សូមបញ្ជាក់ថា នៅក្នុងវេទិកាជាតិស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ផ្លូវមួយខ្សែភ្ជាប់ពីផ្លូវជាតិលេខ៤៨ឆ្ពោះមកតំបន់ស្ទឹងអារ៉ែង ហើយបច្ចុប្បន្នបានជួយសម្រួលការធ្វើដំណើឆ្ពោះមកដំបន់នេះបានងាយស្រួល ដែលជាកត្តាសំខាន់ជំរុញឱ្យមានការទាក់ទាញបន្ថែមទៀតពីអ្នកទេសចរ ដែលស្រឡាញ់ធនធានធម្មជាតិជាច្រើនកន្លែង នៅក្នុងតំបន់នេះ៕ ដោយ៖បញ្ញាស័ក្តិ