អ្នកនាំពាក្យវិមានក្រេមលីន (Kremlin) របស់ប្រទេសរុស្សី ឈ្មោះ Dmitry Peskov បានថ្លែងថា ប្រទេសរុស្សីបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការធ្វើជាអ្នកសម្របសម្រួលបញ្ហារវាង ប្រទេសកូរ៉េខាងជើង និងអាមេរិច ប្រសិនជាប្រទេសទាំងពីរនេះយល់ព្រម។
លោកថ្លែងប្រាប់សារព៌តមាន BBC នៅដើមសប្តាហ៏នេះថា “អ្នកមិនអាចក្លាយជាអ្នកសម្របសម្រួលរវាងប្រទេសទាំងពីរបានដោយចិត្តឯងនោះទេ។ វាមិនអាចទេ អ្នកត្រូវការឆន្ទះរបស់ភាគីទាំងពីរ”។
ការថ្លែងរបស់អ្នកនាំពាក្យរូបនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆ័ននូវ ទណ្ឌកម្មថ្មីដែលស្នើឡើងដោយអាមេរិចប្រឆាំងនឹងកូរ៉េខាងជើង ដើម្បីឆ្លើយតបទៅនឹងការបាញ់
សាកល្បងមីស៊ីលកាលពីពេលថ្មីៗរបស់របបនេះ។
បើតាមឯកអគ្គរដ្ឋទូតអាមេរិចប្រចាំអង្គការសហប្រជាជាតិ អ្នកស្រី Nikki Haley បានឲ្យដឹងថា ទណ្ឌកម្មថ្មីចុងក្រោយមានគោលដៅរឹតបន្តឹងការផ្គត់ផ្គងប្រេង ការរត់ពន្ធ និងការប្រើប្រាស់កម្មកររបស់ប្រទេសកូរ៉េខាងជើង។
ទោះបីជាមានការបោះឆ្នោតជាឯកច្ឆ័នលើទណ្ឌកម្មថ្មីប្រឆាំងកូរ៉េខាងជើងក៏ដោយ ឯកអគ្គរដ្ឋទូតរុស្សីប្រចាំអង្គការសហប្រជាជាតិ លោក Vasilly Nebenzia បានរិះគន់លើសេចក្តី សម្រេចនោះ ដោយបានលើកឡើងថា អាមេរិចបានប្រញ៉ាប់ប្រញាល់ក្នុងរយៈ ៤ទៅ ៥នាទីក្នុងការបាញ់គោលដៅលើកម្មករកូរ៉េខាងជើងនៅបរទេស។
បច្ចុប្បន្ន កម្មករកូរ៉េខាងជើងចំនួន ៤០.០០០នាក់កំពុងធ្វើការក្នុងប្រទេសរុស្សី។ ជារៀងរាល់ថ្ងៃកម្មករកូរ៉េខាងផ្ញើលុយរាប់រយលានដុល្លាទៅកាន់ប្រទេស៕ សុភ័ក្ត្រ