ខេត្តព្រះសីហនុ ៖ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ លោក ហួត វិចិត្រ នៅល្ងាចថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៩នេះ សម្រេចចោទប្រកាន់ឃាតករឈ្មោះ មាង វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ ដែលរំលោភសេពសន្ថវៈក្មេងស្រី អាយុ១០ឆ្នាំរួច ហើយបានសម្លាប់ចោលទាំងប្អូនប្រុសអាយុជាង ២ ឆ្នាំម្នាក់ទៀត នៅភូមិគគីឃុំបិតត្រាំង ស្រុកព្រៃនប់។
តុលាការបានចោទជនល្មើសខាងលើចំនួន២បទល្មើស ដែលអាចប្រឈមមុខការជាប់ពន្ធនាគារអស់មួយជីវិត។
ទាក់ទិនសំណុំរឿងនេះដែរ លោក លឹម ប៊ុនហេង អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានប្រាប់បណ្តាញផ្សព្វផ្សាយថា តុលាការបានចោទប្រកាន់ជនសង្ស័យរូបនេះ ពីបទឃាតកម្មដោយមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២០២ ចំណុចទី១ នៃក្រមព្រហ្មទណ្ឌ និងបទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និងរំលោភសេពសន្ថវៈ តាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ។ ហើយថា បច្ចុប្បន្ននេះ ជនត្រូវចោទរូបនេះត្រូវបានសមត្ថកិច្ច បញ្ជូនទៅចៅក្រម ស៊េីបសួរ ដើម្បីឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន តាមនីតិវិធីច្បាប់ មុននឹងធ្វើការជម្រះក្តីដើម្បីផ្តន្ទាទោស៕ ដែន សីមា