ភ្នំពេញ ៖ សមាជិកសមាគមមិត្តនគរបាលជាតិ ដែលពលី និងមរណៈ នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរហូតដល់៨លានរៀល ក្នុងនោះ ប្រាក់៦លានរៀលត្រូវឧបត្ថម្ភដល់សព និងគ្រួសារសមាជិកសមាគមទទួលបាន ២លានរៀល ហើយការបន្ថែមប្រាក់ឧបត្ថម្ភនេះ នឹងធ្វើឲ្យសមាជិកសមាគមមិត្តនគរបាលរបស់ជាតិកម្ពុជា ទាំងមូលមានស្មារតីនឹងនរ ក្នុងការបំពេញភារកិច្ចកាន់តែខ្លាំងក្លាបន្ថែមទៀត។
ក្នុងមហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា អាណត្តិទី៤ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា បានមានប្រសាសន៍ថា សមាគមមិត្តនគរបាលជាតិកម្ពុជា បានរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយអាណត្តិ ហើយអាណត្តិថ្មីនេះសមាគមមិត្តនគរបាល នឹងបង្កើនប្រាក់ឧបត្ថម្ភដល់មិត្តនគរបាលដែលពលី មរណៈ ភរិយាឬ ស្វាមីស្របច្បាប់ និងករណីប្រធានសក្តិបន្ថែមទៀត ហើយការបន្ថែមនេះ នឹងធ្វើឲ្យសមាជិកសមាគមមិត្តនគរបាលរបស់ជាតិកម្ពុជា ទាំងមូលមានស្មារតីនឹងនរ ក្នុងការបំពេញភារកិច្ចកាន់តែខ្លាំងក្លាបន្ថែមទៀត។
លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបន្តទៀតថា នាពេលបច្ចុប្បន្ននេះសមាគមមិត្តនគរបាលជាតិកម្ពុជា មានសមាជិករហូតដល់ ៦៦.៣៦២នាក់ហើយ ដែលចំនួននេះបានកើនឡើងជាបន្តបន្ទាប់ហើយក៏ជាការបញ្ជាក់នូវភាពសាមគ្គីរវាងគ្នានិងគ្នាកាន់តែស្អិតរមួតផងដែរ ខណៈការបំពេញការងាររបស់មិត្តនគរបាលយើងកាន់តែមានភាពល្អប្រសើក្នុងការខិតខំបំពេញភារកិច្ចក្នុងបុព្វហេតុសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គមជាដើមនោះ ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងកោតសរសើរចំពោះកម្លាំងនគរបាលជាតិទូទាំងប្រទេស ដែលបានខិតខំបំពេញភារកិច្ចរក្សាសន្តិសុខសណ្តាប់ធ្នាប់ នាពេលកន្លងមកដែលបានជ្រោងខ្ពស់ទង់សាមគ្គីភាពឯកភាពជាកម្លាំងដ៏រឹងមាំរបស់ជាតិ និងរាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យស្ថានការណ៍សន្តិសុខ នៃព្រះរាជាណាចក្រកម្ពុជាមានការវិវត្តល្អប្រសើរជាលំដាប់ ធានាជាបព្វបទស្នូល បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងនោះបង្កើតឡើងនូវសមិទ្ធផលធំៗមួយចំនួនគួរកត់សម្គាល់ដូចជា ការទប់ស្កាត់មិនឲ្យកើតមានអំពើភេរវកម្មណាមួយ ដែលនាំដល់ការបំផ្លិតបំផ្លាញអាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិ បានរួមសហការយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ការពារដាច់ខាត់បូរភាពទឹកដី និងអធិបតេយ្យជាតិ បានធ្វើឲ្យបទល្មើសឆ្លងដែនមានការថយចុះអាអតិបរិមា និងបទឧក្រិដ្ឋផ្សេងៗជាច្រើនទៀតក៏មានការថយចុះផងដែរនោះ ។
សូមបញ្ជាក់ថា នាពេលបច្ចុប្បន្នសមាជិកសមាគមនគរបាលដែលទទួលមរណភាពនិងពលី ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤លានរៀល និងគ្រួសារសមាជិកសមាគមទទួលបាន ១លានរៀល ៕ ដោយ ៖ បញ្ញាស័ក្តិ