Saturday, September 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើឲ្យ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្វាយទាប ឆ្លើយតប​រាល់​ការលំបាក​របស់​ប្រពល​រដ្ឋ​ងាយ​រងគ្រោះ ក្នុង​មូលដ្ឋាន​

​ខេត្ត​ស្វាយរៀង ៖ ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ នៅ​សាលប្រជុំ​សាលា​ស្រុក​ស្វាយទាប បាន​រៀបចំ​ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព​គណៈ​កិត្តិយស និគណៈ​កម្មា​ធិ​ការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ស្វាយទាប ដែល​ទើប​កែសម្រួល​ថ្មី ក្រោម​អធិបតីភាព​លោក ម៉ែន វិបុល អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អនុប្រធាន​កិត្តិយស លោក លោកស្រី​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោកនាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ថ្នាក់ដឹកនាំ បុគ្គលិក ក្រុម​កាកបាទ​ក្រហម​ឃុំ និង​អ្នកស្ម័គ្រចិត្ត​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ស្វាយទាប ព្រមទាំង​យុវជន​កាកបាទក្រហម​កម្ពុជា សរុប​ចំនួន ៥២​នាក់ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ម៉ែន វិបុល អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំ​ពោ​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ស្វាយទាប ដែល​នា​ពេលកន្លងមក បាន​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​ជួយ​ដោះស្រាយ និង​ឆ្លើយតប​ចំពោះ​រាល់​ការលំបាក​របស់​ប្រជាជន​ងាយ​រងគ្រោះ និង​រង​គ្រោះ​មហន្តរាយ​ផ្សេងៗ​ដែល​កើតឡើង​ក្នុង​មូលដ្ឋាន​ស្រុក បាន​ទាន់ពេលវេលា និង​ទទួលបាន​លទ្ធផល​ជោគជ័យ ដែល​ពិតជា​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ការយកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី​ភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​របស់​អនុសាខា ស្រប​តាម​យុទ្ធសាស្ត្រ​កាកបាទក្រហមកម្ពុជា ២០១១-២០២០ ក្រោម​មា​គា៌​ដឹកនាំ​ដ៏​ត្រឹមត្រូវ ប្រកប​ដោយ​ភាព​ឆ្លាត​វៃ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ។​

​ជាមួយនេះ ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោក ម៉ែន វិបុល បាន​ផ្ដាំផ្ញើ​ដល់​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ស្វាយទាប និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ពង្រឹង​របៀបរបប​ធ្វើ​ការងារ រក្សា​ឲ្យបាន​នូវ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ត្រូវ​មាន​ការសហការ និង​ទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាធរ​ដែនដី ជាពិសេស​រដ្ឋបាល​ស្រុក ក្នុង​ការបំពេញ​ការងា​រ​មនុស្សធម៌ ត្រូវ​ខិតខំ​ពង្រឹង បង្កើន​សមត្ថភាព និង​តម្រង់​ទិស​អនុវត្ត​របស់​មន្ត្រី បុគ្គលិក ត្រូវ​បន្ត​ពង្រឹងពង្រីក​សមាជិក កម្លាំង​យុវជន និង​អ្នកស្ម័គ្រចិត្ត​បន្ថែមទៀត ព្រមទាំង​ត្រូវ​រៀបចំ​ចាត់ចែង​កត់ត្រា ទុកដាក់ ថែរក្សា​សម្ភារៈ ទ្រព្យសម្បត្តិ​របស់​អនុសាខា​ឲ្យបាន​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង ជា​ពិសេស​ត្រូវ​ខិតខំ​ពង្រឹង​ការងារ​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ឲ្យបាន​ត្រឹមត្រូវ ច្បាស់លាស់ ចៀសវាង​ឲ្យបាន​នូវ​កំហុសឆ្គង​ផ្សេងៗ និង​ត្រូវ​រាយការណ៍​មក​សាខា​ថ្នាក់​ខេត្ត​ឲ្យបាន​ជាប្រចាំ និង​ទៀងទាត់​៕ វ៉ៃកូ​

 

spot_img
×