រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានបើកប្រតិបត្តិការទាំងកណ្តាលអធ្រាត្រចុះឆែកឆេរក្លឹបកម្សាន្ត លុច្សសារី ឃាត់ខ្លួមនុស្សប្រុសស្រី មានទាំងចិន ខ្មែរ វៀតណាម ជាង ៤០០ នាក់ រួមទាំងរកឃើញឧបករណ៍ប្រើប្រាស់ថ្នាំញៀន និងថ្នាំញៀនមួយចំនួន។
ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្តកណ្តាលរាជធានីភ្នំពេញនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ ៤រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ បង្ក្រាបក្លឹបកម្សាន្ត លុច្សសារីស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
កម្លាំងសមត្ថកិច្ចបានបិទក្លឹបជាបណ្តោះអាសន្ន និងបាននាំអ្នកលេងកម្សាន្តប្រមាណ ៤០០ នាក់ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បើតាមប្រភពពីសមត្ថកិច្ចអ្នកលេងកម្សាន្តក្នុងក្លឹបនេះភាគច្រេីនជនជាតិចិន និងវៀតណាម។
ក្លឹបកម្សាន្ត លុច្សសារី ជាក្លឹបកម្សាន្តមួយ ក្នុងចំណោមក្លឹបកម្សាន្តជាច្រើននៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានបិទជាបន្តបន្ទាប់ក្រោយពីសមត្ថកិច្ចបានចូលឆែកឆេររកឃើញមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចាប់តាំងពីលោក ស ថេត ចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៨។
បើយោងតាម page facebook ជាផ្លូវការរបស់ស្នងការនគរបាលរាជធានីភ្នំពេញបានបង្ហោះចេញផ្សាយថា ” នាវេលាម៉ោង ២ យប់រំលងអធ្រាតឈានចូលថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៩នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលដឹកនាំដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអភិបាលរងសាលារាជធានីភ្នំពេញ ព្រមទាំងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ រួមជាមួយសមត្ថកិច្ចមូលដ្ឋាន កំពុងបង្ក្រាបកន្លែងកម្សាន្ត លុច្សសារី(Luxurious) ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២១៤ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ហើយបន្ទាប់ពីត្រួតពិនិត្យក្លឹបនេះ បានរកឃើញសារធាតុញៀនមួយចំនួន ចំណែកមនុស្សរាប់រយនាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ “៕ ដោយ ៖ កូឡាប