កងទ័ពរបស់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមធ្វើសមយុទ្ធការពារខ្លួន នៅក្បែរកោះមានជម្លោះ Dokdo ដែលជប៉ុនហៅថា កោះ Takeshima។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាកងារសារព៌តមានចិន Xinhua។
កងទ័ពជើងទឹករបស់កូរ៉េត្រូវបានដកស្រងសម្តីដោយសារព៌តមានក្នុងស្រុកថា ការធ្វើសមយុទ្ធការពារដែនកោះ Dokdo នឹងត្រូវធ្វើឡើងរយៈពេល ២ថ្ងៃចាប់ពីថ្ងៃនេះទៅ ក្នុងគោលបំណងការពារប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពខាងក្រៅ។
សមយុទ្ធដែនទឹកនេះ មានការចូលរួមពីនាវាចំបាំង ៥គ្រឿង រួមទាំងនាវាពិឃាតទំងន់ ៣.២០០តោនផងដែរ ព្រមទាំងយន្តហោះល្បាតដែនទឹក យន្តហោះចំបាំង និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង។
នេះគឺជាការធ្វើសមយុទ្ធលើកទី ២ហើយដើម្បីការពារដែនកោះ Dokdo ចាប់តាំងពីប្រធានាធិបតីម៉ូន ជេអ៊ីន ឡើងកាន់តំណែងកាលពីខែឧសភា។ សមយុទ្ធលើកមុន ធ្វើឡើងកាលពីខែមិថុនា។
ប្រទេសជប៉ុនប្រឆាំងតវ៉ាទៅនឹងការធ្វើសមយុទ្ធរបស់កូរ៉េខាងជើងនៅក្បែរកោះ Dokdo។
ប្រទេសកូរ៉េខាងត្បូងយកបានកោះ Dokdo មកគ្រប់គ្រងវិញ ក្រោយពេលរំដោះប្រទេសចេញពីរបបអាណានិគមនជប៉ុនដែលគ្រប់គ្រងឧបទ្វីបកូរ៉េពីឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥។ កោះនេះ ត្រូវបានដាក់បញ្ជូលជារបស់ជប៉ុនក្នុងកំឡុងពេលធ្វើអនានិគមន៍៕ សុភ័ក្ត្រ