Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរ​គាំទ្រ ស្ថាបនិក​បង្កើត​តំបន់​ទេសចរណ៍ «​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង​»

​ខេត្ត​ព្រះសីហនុ​៖ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​មកដល់​ខេត្ត​ព្រះសីហនុ និង​ចេញ​ទៅ​កម្សាន្ត​នៅ​តាម​បណ្ដា​កោះ​មួយចំនួន នៅមុន​ឆ្លង​ឆ្នាំ​សកល ២០១៧-២០១៨ បាន​កោតសរសើរ​ផែនការ​អភិវឌ្ឍ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជាពិសេស​ប្រតិបត្តិ​ករ​ទេសចរ ដែល​បាន​រួម​គ្នា​បង្កើត​តំបន់ឆ្នេរ​កម្សាន្ត​ថ្មីៗ មាន​សោភ័ណភាព​ទាក់ទាញ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​មានឈ្មោះ​ថា «​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង​»​។

​ចំណែក​ស្ថាបនិក បង្កើត ឆ្នេរ “​កោះ​ខាន​សួគ៌​ឆ្នេរ​ភ្លោះ​កោះរ៉ុង​” ក៏​ប្រកាស​ស្វា​គន៍​ភ្ញៀវ​ទេចរ​នា​ឱកាស​ពិធី​ឆ្លង​ឆ្នាំ​សកល ២០១៧-២០១៨ ខាងមុខ​នេះ​ដែរ ដោយ​អះអាង​ថា ឆ្នេរ​ទើប​បង្កើត​ថ្មី​នេះ មាន​បរិស្ថាន​លក្ខណៈ​ធម្មជាតិ សោភ័ណភាព​មាន​អនាម័យ​ល្អ មាន​សន្តិសុខ​សុវត្ថិភាព និង​មាន​សម្ភារៈ ឬ​ឧបរក​ណ៍​ជាច្រើន​ប្រភេទ សម្រាប់​ផ្តល់​ជម្រើស​ជូន​ភ្ញៀវទេសចរ ដែល​ចូល​មក​សម្រាកលំហែ​កម្សាន្ត​នៅ​ឆ្នេរ​មួយ​នេះ​។

ប្រធាន​មន្ត្រី​ទេសចរណ៍ និង​អភិបាលខេត្ត​ព្រះសីហនុ បាន​គាំទ្រ​ប្រតិបត្តិ​ករ​ទេសចរ ដែល​បាន​រួម​គ្នា​បង្កើត​តំបន់ឆ្នេរ​កម្សាន្ត​ថ្មីៗ​ឲ្យបាន​ច្រើន​កន្លែង ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ឲ្យចូល​មក​ទស្សនា​ខេត្ត​នេះ ឲ្យបាន​កាន់តែ​ច្រើន​នា​ថ្ងៃ​អនាគត។​

​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ពិសេស​ភ្ញៀវ​ជាតិ​ដែល​ធ្វើដំណើរ​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​មួយចំនួន​នា​ខេត្ត​ព្រះសីហនុ នៅមុន​ពិធី​ឆ្លង​ឆ្នាំ​សកល ២០១៧-២០១៨ រួមមាន​៖ ឆ្នេរ​ឡុង​សិត ឆ្នេរ​កោះរ៉ុង​សន្លឹម ឆ្នេរ​កោះ​តូច និង​ឆ្នេរ​សុខសាន្ត ជាដើម បានបង្ហាញ​អារម្មណ៍​ពេញចិត្ត​ឆ្នេរ​កម្សាន្ត​ទើប​បង្កើត​ថ្មី មានឈ្មោះ​ថា «​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង​» ដែល​ប្រតិបត្តិ​ករ​ទេសចរ​ខេត្ត​នេះ​រួម​គ្នា​អភិវឌ្ឍ បម្រើ​ដល់​វិស័យ​ទេសចរណ៍​។ ភ្ញៀវ​ទេសចរ​ទាំងនោះ​បាន​សរសើរ​ថា ឆ្នេរ​មាន​អនាម័យ​ល្អ ឆ្នេរ​ធំ​ទូលាយ​មាន​ខ្សាច់​សក្បុស និង​សមុទ្រ​ថ្លា​ឆ្លុះ​គួរ​ជាទី​គយគន់​មិនចេះ​ជិនណាយ​។

​ភ្ញៀវ​ទេសចរ​មួយ​ក្រុម មក​ពី​រាជធានី​ភ្នំពេញ ដែល​បាន​រួម​ដំណើរ​ជាមួយ​ក្រុម​គ្រួសារ​ទៅ​កម្សាន្ត​តាម​កោះ​នានា ហើយ​ចុងក្រោយ បាន​ចូល​ទៅ​សម្រាក​កម្សាន្ត​នៅ​លើ «​កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​កោះរ៉ុង​» កាលពី​សប្តាហ៍​មុន​នេះ បាន​កោតសរសើរ​ការ​ថែរក្សា​បរិស្ថាន​នៅ​តាម​ឆ្នេរ​កោះ​ឋានសួគ៌ ថា​មាន​អនាម័យ​ល្អ និង​មាន​សោភ័ណភាព​ស្រស់ត្រកាល សម​ជាមួយ​ការ​ដាក់​ឈ្មោះ​ឆ្នេរ​នេះ ថា​ជា «​កោះ​ឋានសួគ៌​»​។
​ភ្ញៀវទេសចរ​ក្រុម​នេះ បាន​ផ្តល់​សម្ភាស​ដល់​អ្នក​យក​ព័ត៌មាន CEN.COM.KH ដែល​ចុះ​ទៅ​ដល់​ឆ្នេរ​កោះ​ឋានសួគ៌​ក្នុង​ទឹកមុខ​រីករាយ និង​សម្ដី​មួយៗ​ថា បរិស្ថាន​នៅ​ជុំវិញ​ឆ្នេរ​ទើប​អភិវឌ្ឍ​ថ្មី​នេះ​មាន​ឆ្នេរ​ធំ​ទូលាយ មាន​ខ្សាច់​សក្បុស មាន​ទឹកថ្លា​ឆ្លុះ និង​ហ៊ុមព័ទ្ធ​ដោយ​ចម្ការ​ដូង ផ្កា​ភ្ញី​ចម្រុះ​ពណ៌ ព្រៃកោងកាង និង​ព្រៃឈើ​ធម្មជាតិ​មាន​ពណ៌​ខៀវស្រងាត់​។

​ភ្ញៀវទេសចរ​ដែល​មាន​សម្រស់​ស្រស់​ឆើតឆាយ​រូបនេះ ហាក់​មាន​ការយល់ដឹង​ខ្ពស់​ជុំវិញ​ការងារ​ថែរក្សា​បរិស្ថាន និង​អនាម័យ​នៅតាម​ឆ្នេរ ដោយ​ស្នើឲ្យ​ភ្ញៀវទេសចរ​ទាំងអស់​ដែល​ចូល​ទៅ​ទស្សនា​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង ឲ្យជួយ​ថែរក្សា​បរិស្ថាន​ឆ្នេរ​ជាមួយ​ប្រតិបត្តិ​ករ​ទេសចរ​បង្កើត​តំបន់ឆ្នេរ​កម្សាន្ត​នេះ ឲ្យមាន​អនាម័យ​ល្អ​ជា​រៀងរហូត ដោយ​ត្រូវ​វេច​ខ្ចប់​កាកសំណល់​សល់​ពី​ការ​ទទួលទាន​ឲ្យបាន​ត្រឹមត្រូវ និង​ទុកដាក់​ឲ្យមាន​របៀប​រៀបរយ នៅ​ទីតាំង​ទុកដាក់​សំរាម​នីមួយៗ​។

​ចំណែក​ភ្ញៀវ​ទេសចរ​មួយ​ក្រុម​ទៀត ដែល​អះអាង​ថា ជា​អាជីវករ​លក់ដូរ​សម្លៀក​បំពាក់​ស្ត្រី នៅ​ផ្សារ​ទួល​ទំពូង នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅតាម​បណ្ដា​កោះ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៧ ដើម្បី​អបអរ​មុន​ពិធី​ឆ្លង​ឆ្នាំ​សកល ២០១៧-២០១៨ នឹង​ចូលមក​ដល់ ពួកគេ​ក៏​គាំទ្រ​ស្ថាបនិក​អភិវឌ្ឍ «​កោះ​ឋានសួគ៌​» ដែល​បាន​រួម​គ្នា​បង្កើត​ឆ្នេរ​កម្សាន្ត​ថ្មី ថា​ការពារ​បរិស្ថាន​ឆ្នេរ​បានល្អ និង​ថែរក្សា​សោភ័ណភាព​ឆ្នេរ​មាន​អនាម័យ គួរ​ជាទី​គយគន់​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូលមក​ដល់​ឆ្នេរ​នេះ​។

​ភ្ញៀវទេសចរ​ទាំងអស់ ដែល​ស្ថិត​ក្នុង​ចំណោម​សាច់ញាតិ ឬ​មិត្ត​ភ័ក្ដិ​ជាច្រើន​ក្នុង​ក្រុម​នេះ បានបង្ហាញ​ទឹកមុខ​រីករាយ​ពេល​បាន​មក​ឃើញ​ទិដ្ឋភាព​បរិស្ថាន​«​កោះ​ឋានសួគ៌​» ឆ្នេរ​មាន​អនាម័យ និង​បរិស្ថាន​ឆ្នេរ​មាន​សោភ័ណភាព​គួរ​ឲ្យ​ចង់​គយគន់ និង​បន្ត​ស្នាក់​នៅ​រយៈពេល​វែង​។ បន្ថែម​លើ​នេះ ប្រតិបត្តិ​ករ​ទេសចរ​នៅលើ​ឆ្នេរ​នេះ ចេះ​ឆ្នៃប្រឌិត សំណង់​បឹង​កា​ឡូ ឬ​ផ្ទះ​សម្រាប់​ជួល​ស្នាក់នៅ ឲ្យមាន​ភាព​ធំ​ទូលាយ មាន​បរិស្ថាន​ល្អ ព្រមទាំង​មាន​ដាំ​ផ្កា​តាម​សួនច្បារ នៅ​ជុំវិញ​ទីតាំង​ស្នាក់នៅ​ប្រកប​ដោយ​សោភ័ណភាព ហើយ​មាន​ផ្កា​រីក​ស្កុះ​ស្គា​យ គួរ​ជាទី​គយគន់​ថែម​ទៀត​។

​ភ្ញៀវ​ទេសចរ​មួយ​រូប ដែល​មាន​សម្រស់​ស្រស់​ឆើត​ឆាយ និង​មាន​សម្ដី​រួសរាយ​រាក់ទាក់ ស្នើ​មិន​បញ្ចេញ​ឈ្មោះ តាមរយៈ CEN.COM.KH បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ងាក​មក​ចាប់​អារម្មណ៍ និង​ចូល​មក​ទស្សនា «​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង​» មាន​ទីតាំង​នៅ​ចុង​បំផុត នៃ​កោះរ៉ុង ឲ្យ​ច្រើន​កុះករ​ថែមទៀត ព្រោះ​ឆ្នេរ​ទើប​អភិវឌ្ឍ​ថ្មី​នេះ មាន​បរិស្ថាន​អនាម័យ​ល្អ និង​មាន​លក្ខណៈ​ធម្មជាតិ​។

​ភ្ញៀវ​ទេសចរ​មួយ​ចំនួន បាន​អួត​សរសើរ​ថា នៅលើ​«​កោះ​ឋានសួគ៌​»​នេះ ក៏​មាន​ប្រភេទ​ឧបករណ៍​ជា​ជម្រើស​កម្សាន្ត ដែល​ប្រតិបត្តិ​ក​រ ឬ​ម្ចាស់​ឆ្នេរ បាន​ផ្តល់ជូន​ភ្ញៀវទេសចរ​មានដូចជា ការចុះ​ងូតទឹក​កម្សាន្ត​តាម​ឆ្នេរ​ខ្សាច់​សក្បុស ជិះ​ម៉ូតូ​ទឹក អុំទូក​តូចៗ​ប្រណាំង​គ្នា​តាម​ដៃ​ព្រែក និង​ឆ្នេរសមុទ្រ មាន​ដុះ​ដើម​កោង​កាង​អមដោយ​ព្រៃឈើ​ធម្មជាតិ និង​មាន​ផ្ទាំង​ថ្ម​ធំៗ​ជាដើម​។

​ពួកគេ​ម្នាក់ៗ​ស្នើ​ដល់​ភ្ញៀវទេសច​រទាំ​ង​អស់ ដែល​ចូល​មក​ទស្សនា​កម្សាន្ត​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ​នេះ​ឲ្យបាន​ល្អ​ជាមួយ​ស្ថាបនិក​អភិ​វឌ្ឍន៍​ឆ្នេរ​កម្សាន្ត​មួយ​នេះ ឲ្យមាន​អនាម័យ​ឲ្យបាន​ទាំង​អស់​គ្នា ដើម្បី​រក្សា​ឆ្នេរសមុទ្រ​ធម្មជាតិ​មួយ​នេះ​ឲ្យមាន​បរិស្ថាន និង​សោភ័ណភាព​ស្រស់បំព្រងរ​ហូត​នា​ថ្ងៃ​អនាគត​។

​ភ្ញៀវទេសចរ​ច្រើន​ទៀត ដែល​បាន​សម្រាក​មួយ​យប់ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ នៅ​តំបន់ឆ្នេរ​កម្សាន្ត​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង ក៏​បាន​ស្នើ​ឲ្យ​ប្រតិបត្តិករ ឬ​ម្ចាស់​ទីតាំង​វិនិយោគ​តំបន់​កម្សាន្ត​មួយ​នេះ ត្រូវ​កំណត់​ស្តង់ដារ​នៃ​តម្លៃ​សេវា​ស្នាក់នៅ និង​សេវា​ម្ហូបអាហារ ជូន​ភ្ញៀវ​ទេសចរ​ឲ្យបាន​សមរម្យ ដោយ​មិន​ត្រូវ​ឆ្លៀត​ដំឡើងថ្លៃ​តាម​ទំនើងចិត្ត​នៅ​ពេល​ថ្ងៃ​មាន​បុណ្យទាន​ធំៗ​ចូលមក​ដល់ ដូច​ប្រតិបត្តិ​ក​រ លក់ដូរ​នៅ​តាម​តំបន់​កម្សាន្ត​ដទៃទៀត​នា​ខេត្ត​ព្រះសីហនុ ធ្លាប់​កំណត់​តម្លៃ​ខ្ពស់​កក់​ពពក​នា​រដូវ​មាន​បុណ្យទាន​ធំៗ​ចូលមក​ដល់​នោះទេ​។

​ទាក់ទិន​បញ្ហា​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏​បាន​ស្នើ​ដល់​ប្រតិបត្តិ​ករ​ទេសចរ មន្ត្រីរាជការ ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ត្រូវ​រួម​សហការ​គ្នា​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត ឬ​បង្កើត​ទីតាំង​ទេសចរណ៍ ឬ​តំបន់​កម្សាន្ត​ថ្មីៗ​នា​មូលដ្ឋាន​នេះ ឲ្យបាន​ច្រើន​ទីតាំង​ថែមទៀត សម្រាប់​ផ្តល់​ជម្រើស​កម្សាន្ត​ជូន​ភ្ញៀវទេសចរ​នា​ថ្ងៃ​អនាគត​។

យ៉ាងណា​ក៏ដោយ​ចុះ លោក យន្ត មីន រំពឹងថា កំណើន​ភ្ញៀវ​ទេសចរ​នឹង​កើន​ខ្ពស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ នៅ​គ្រា​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​មាន​ទីកន្លែង​កម្សាន្ត មាន​បរិស្ថាន​អនាម័យ និង​ឆ្នេរ​មាន​សោភ័ណភាព​ល្អ គួបផ្សំ​ប្រតិបត្តិ​ករ​បាន​កំណត់​តម្លៃ​សេវា​ស្នាក់នៅ និង​សេវា​ម្ហូបអាហារ​ជាដើម​មាន​តម្លៃ​សមរម្យ ជា​ពិសេស​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ មាន​ការអភិវឌ្ឍ​គ្រប់​វិស័យ និង​មាន​សន្តិសុខ​សុវត្ថិភាព​ល្អ ផ្តល់ជូន​ដល់​ភ្ញៀវទេសចរ ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ​។

​លោក​ស្នើ​ដល់​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​តាម​ឆ្នេរ​នានា​នៅ​ខេត្ត​ព្រះសីហនុ រួមមាន​៖ កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង ជាដើម ត្រូវ​រួមគ្នា​ថែរក្សា​អនាម័យ​បរិស្ថាន​នៅ​តាម​ឆ្នេរ​នីមួយៗ​ឲ្យបាន​ទាំងអស់គ្នា និង​ជា​ប្រចាំ ដោយ​មិន​ត្រូវ​បោះចោល​កាកសំណល់ ឬ​សំរាម​សល់​ពី​អាហារ​ទទួលទាន​របស់​ខ្លួន​នៅ​តាម​ទីសាធារណៈ ឬ​នៅ​តាម​តំបន់ឆ្នេរ​គ្មាន​សណ្ដាប់ធ្នាប់​ដូចគ្នា​ភ្ញៀវទេសចរ​ភាគច្រើន​បាន​ប្រព្រឹត្ត​នា​ពេល​កន្លង​មក​ទៀត​ទេ​។

​ទាក់ទិន​បញ្ហា​នេះ លោក ជី ឈុន​លាង អ្នកទទួល​មើល​ការខុសត្រូវ​នៅលើ «​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង​» ផ្តល់​សម្ភាស​ឲ្យ​អ្នកយក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ​ដឹងថា សេវា​បម្រើ​ទាំង​ការ​ស្នាក់នៅ និង​ម្ហូបអាហារ គឺ​ពួកគេ​បាន​កំណត់​តម្លៃ​ប្រហាក់ប្រហែល​គ្នា​នឹង​តម្លៃ​អាហារ​ទទួលទាន​នៅលើ​ទីផ្សារ​លើ​ដីគោក​ដែរ​។ បន្ថែម​លើ​នេះ រាល់​ការ​ជិះទូក​កម្សាន្ត​តាម​ព្រែក ឬ​តាម​ឆ្នេរសមុទ្រ ឧបករណ៍​តន្ត្រី​ចាក់​រាំ​កម្សាន្ត​នាពេល​រាត្រី​ក្តី គឺ​គឺមាន​ឧបករណ៍​មួយ​ចំនួន ពួកគេ​មិន​គិតថ្លៃ​សេវា​ពី​ភ្ញៀវទេសចរ​ទេ​។

លោក ឈុន​លាង បន្តថា តម្លៃ​ម្ហូបអាហារ​ដែល​ភ្ញៀវ​កុម្ម៉ង់​ធ្វើ​ភ្លាមៗ​នៅ «​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង​»​នេះ គឺ​មិន​លក់​កោរ​ភ្ញៀវទេសចរ ដូច​នៅ​ទីតាំង​ឆ្នេរ​ផ្សេង​នោះទេ ទោះ​ថ្ងៃ​ធម្មតា ឬ​ថ្ងៃ​មាន​ពិធីបុណ្យ​ជាតិ​ធំៗ​ក្តី គឺ​រក្សា​តម្លៃ​ថេរ​ធម្មតា​។ ពិសេស​ជាង​នេះ សម្រាប់​ភ្ញៀវទេសចរ​ដែល​នាំយក​អាហារ​ហូបចុក​មក​តាម​ខ្លួន ពួកគាត់​បាន​ផ្តល់​តុ​អង្គុយ និង​ផ្តល់​ជូន​សម្ភារ​ផ្សេងៗ​ទៀត​ដូចជា ចាន ស្លាបព្រា​ជាដើម សម្រាប់​ការ​ទទួលទាន និង​សម្រាក​កម្សាន្ត​នៅតាម​ឆ្នេរសមុទ្រ ដោយ​មិន​គិត​តម្លៃ​សេវា​នេះ​ពី​ភ្ញៀវ​ទេសចរ​នោះទេ​។

​លោក ឈុន​លាង ឲ្យដឹងថា ជម្រើស​កម្សាន្ត​ជាច្រើន​ប្រភេទ​សម្រាប់​ផ្តល់ជូន​ភ្ញៀវទេសចរ​ដែល​ចូល​មក​កម្សាន្ត​នៅ​តំបន់ឆ្នេរ​កោះ​ឋានសួគ៌ មានដូចជា​៖ ភ្ញៀវ ជិះ​ម៉ូតូ​ទឹក​កម្សាន្ត​តាម​សមុទ្រ អាច​ចែវ​ទូក​កម្សាន្ត មើល​ព្រៃកោងកាង​តាម​ដងព្រែក តាម​ឆ្នេរសមុទ្រ ជិះទូក​ស្ទូចត្រី​កម្សាន្ត ព្រមទាំង​មាន​ឧបករណ៍​ជា​ច្រើន​ប្រភេទ​ទៀត​សម្រាប់​ជម្រើស​កម្សាន្ត របស់​ភ្ញៀវ​ទេសចរ ដែល​ចូលមក​ដល់​កោះ​ឋានសួគ៌ ដោយ​ជួល​ក្នុង​តម្លៃ​សមរម្យ និង​មានឧ​បរក​ណ៍​ខ្លះ​មិន​យក​លុយ​ពី​ភ្ញៀវ​នោះ​ទេ​។ ជាងនេះទៀត ក៏​មាន​កម្មវិធី​ចាក់​ភ្លេង​ជូន​ភ្ញៀវ​រាំច្រៀង​កម្សាន្ត​នៅ​ពេល​រាត្រី ដោយ​ម្ចាស់​ទីតាំង​នេះ​មាន​ឧបករណ៍​ប្រគំ​តន្ត្រី​សម័យ​រង់ចាំ​បម្រើ​តាម​តម្រូវការ ហើយ​មិន​គិតថ្លៃ​សេវា​ពី​ភ្ញៀវ​ថែមទៀត​។

​លោក ឧកញ៉ា ទៀ វិច​ត្រ អគ្គនាយក​ក្រុមហ៊ុន​កប៉ាល់ ឬ​អូប័រ​ដឹក​ភ្ញៀវទេសចរ ជី​.​ធី​.​វី​.​ស៊ី (G.T.V.C) និង​ជា​ស្ថាបនិក​ផ្ដួចផ្ដើម​អភិវឌ្ឍ​បង្កើតឲ្យមាន​តំបន់ឆ្នេ​រ​កម្សាន្ត​ថ្មី​មានឈ្មោះ​ថា «​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង​» ដែល​ភ្ញៀវទេសចរ​កំពុង​ចាប់អារម្មណ៍​នា​ខេត្ត​ព្រះសីហនុ​។ លោក​ឧកញ៉ា បាន​ផ្តល់​សម្ភាស​តាម​បណ្តាញ​សង្គម Messenger ដល់​អ្នកយកព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ​ដឹងថា នឹង​បង្កើត​ទីកន្លែង​លំហែ​កម្សាន្ត​ឲ្យបាន​ច្រើន​ថែមទៀត ព្រមទាំង​បង្កើតឲ្យមានឧ​បករ​ណ៍​ច្រើន​ប្រភេ​ទទុក​សម្រាប់​ផ្តល់​ជម្រើស​កម្សាន្ត ឬ​ជម្រើស​សប្បាយរីករាយ​ជូន​ភ្ញៀវ​ទេសចរ ដែល​នឹង​ចូល​មក​ទស្សនា​ឆ្នេរ​ទើប​អភិវឌ្ឍ​ថ្មី​នេះ ឲ្យ​សម្បូរ​បែប​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ ឬ​នៅ​មុន​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នឹង​ចូលមក​ដល់​នា​ថ្ងៃ​ខាងមុខ​។

​លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​ជា​ប្រធាន​សមាគម​ដឹកជញ្ជូន​ទេសចរណ៍​ប្រចាំ​ខេត្ត​ព្រះសីហនុ​ផង​នោះ បាន​ធានា​ថា ក្នុងនាម​ជា​អ្នក​រួម​បង្កើត​ឆ្នេរ​កម្សាន្ត​កោះ​ឋានសួគ៌​នេះ នឹង​ខិតខំ​ថែរក្សា​បរិស្ថាន​នៅ​តាម​ឆ្នេរ និង​ព្រែក​នានា​ឲ្យមាន​អនាម័យ​ល្អ ព្រមទាំង​ថែរក្សា​បរិស្ថាន​ព្រៃឈើ​ធម្មជាតិ និង​ដាំ​ដើម​កោង​កា​ង លែង​ត្រី​សមុទ្រ​ប្លែកៗ និង​ជិត​ផុត​ពូជ ចូលទៅ​ក្នុង​ព្រែក និង​សមុទ្រ ដើម្បី​ផ្តល់ជូន​ភ្ញៀវទេសចរ​ដែល​នឹង​ចូល​មក​ទស្សនា​តំបន់​នេះ​អាច​មុជទឹក​ទស្សនា​ត្រី ក្រោម​បាតសមុទ្រ​តាម​ឆ្នេរ​នេះ​នា​ថ្ងៃ​អនាគត​។

​ចំពោះ​ការងារ​ថែរក្សា​បរិស្ថាន​ឆ្នេរ លោក​ឧកញ៉ា ទៀ វិចិត្រ ស្ថាបនិក​អភិវឌ្ឍន៍​កោះ​ឋានសួគ៌ បាន​អះអាង​ថា ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី របស់លោក បាន​បង្កើតឲ្យមាន​ក្រុមការងារ​ដើរ​សម្អា​ត​រើស​សំរាម ឬ​សម្អាត​អនាម័យ​បរិស្ថាន​នៅតាម​ឆ្នេរ​ជា​រៀងរាល់ថ្ងៃ និង​ពង្រាយ​កម្លាំង​យាម​រង់ចាំ​ការពារ​សុវត្ថិភាព​សន្តិសុខ​ជូន​ភ្ញៀវទេសចរ​ដោយ​យកចិត្តទុកដាក់​។

លោក​ឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា ចាប់តាំងពី​ការបង្កើត ឬ​អភិវឌ្ឍ​ឆ្នេរ​កម្សាន្ត​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង​កាលពី​ឆ្នាំ​២០១៦ មក គឺ​ឆ្នេរ​កម្សាន្ត​មួយ​នេះ​មិន​ដែល​កើតមាន​ចោរកម្ម និង​បញ្ហា​ផ្សេងៗ​នាំឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវទេសច​រមាន​ការភ័យខ្លាច​ម្តងណា​ទេ ជាពិសេស​មិន​អនុញ្ញាត​ឲ្យមាន​អ្នកប្រើ​ប្រាស់ ឬ​ជួញដូរ​គ្រឿងញៀន​នៅលើ​ទីតាំង​នេះ​ជាដាច់ខាត ដោយ​ពង្រាយ​កម្លាំង​ឃ្លាំ​មើល​ជា​ប្រចាំ​។


​ចំណែក លោកស្រី ស៊ុយ ស្រីមុំ អគ្គនាយក​ក្រុមហ៊ុន​ដឹក​ភ្ញៀវទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ មានឈ្មោះ​ថា អាយ​លែ​ន ស្ពីដ​ហ្វឺ​រី ខេ​ម​បូឌា ( Island Speed Ferry Cambodia)​ដែល​ជា​ស្ថាបនិក​រួមគ្នា​អភិវឌ្ឍ «​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង​» ម្នាក់​ដែរ បានឲ្យដឹងថា ភ្ញៀវទេសចរ​ដែល​ចង់​ធ្វើដំណើរ​ទៅកាន់​កោះ​នេះ អាច​ធ្វើ​ដំណើរ​តាម រយៈ ក្រុមហ៊ុន អាយ​លែ​ន ស្ពីដ​ហ្វឺ​រី ខេ​ម​បូឌា ( Island Speed Ferry Cambodia) មាន​តម្លៃ​សមរម្យ ហើយ​មាន​កប៉ាល់ និង​ទូក​ធំៗ បំពាក់​ម៉ាស៊ីនត្រជាក់ រង់ចាំ​បំរើសេវា​ដឹក​ភ្ញៀវ​ទៅកាន់​ទីតាំង​កម្សាន្ត​មួយ​នេះ​ជា​រៀងរាល់ថ្ងៃ និង​មាន​សុវត្ថិភាព​ខ្ពស់​។ លោកស្រី​បន្ត​ថា ទាំង​អាហារ​ទទួលទាន និង​បឹង​កា​ឡូ​កោះ​ឋានសួគ៌ ឬ​ផ្ទះ​ស្នាក់​នៅ​លើ​កោះ​នេះ គឺ​មាន​តម្លៃ​សមរម្យ និង​មាន​សន្តិសុខ​សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​ទាំង​យប់​ថ្ងៃ​។

​យ៉ាងណា​ក៏ដោយ​ចុះ លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​វិស័យ​ឯកជន ឬ​ប្រតិបត្តិ​ករ​ទេសចរ​ទាំងអស់​នា​មូលដ្ឋាន​នេះ ឲ្យ​បង្កើន​គុណភាព​សេវាកម្ម​ទេសចរណ៍​របស់​ខ្លួន​ឲ្យមាន​គុណភាព ដោយ​ត្រូវ​កំណត់​តម្លៃ​សេវា​ឲ្យបាន​សមរម្យ មិន​ត្រូវ​លក់​កោរ​ភ្ញៀវ និង​បើក​ធ្វើ​អាជីវកម្ម ត្រូវ​សុំ​ការអនុញ្ញាត​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​។

​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​ជាង ១៧១​គីឡូម៉ែត្រ (១៧១.៣៥​គីឡូម៉ែត្រ​) មាន​ខ្សាច់​ស​ស្អាត ទឹកសមុទ្រ​ថ្លា​ឆ្លុះ ឆ្នេរ​រាក់ ទឹក​ធ្លាក់ មច្ឆា​សមុទ្រ ផ្កា​ថ្ម ឧទ្យាន​ជាតិ និង​មាន​កោះ​ចំនួន​៣២ មាន​ជីវចម្រុះ​ធម្មជាតិ​ស្រស់ស្អាត ជា​សក្ដានុពល​ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដែន សីមា​

 

×