បាត់ដំបង ៖ នគរបាលខេត្តបាត់ដំបង បានប្រើរយៈពេល ៥ ថ្ងៃស្រាវជ្រាវរហូតបំបែកសំណុំរឿង ករណីប្លន់សម្លាប់បុរសម្នាក់ យកម៉ូតូ ដោយចាប់ខ្លួនជនដៃដល់ជាឃាតករចំនួនពីរនាក់ ។ ឃាតករទាំងពីរនេះ ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ស្នងការនគរបាលខេត្តបាត់ដំបងនៅថ្ងៃទី ១១ ខែមិថុនានេះ បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ និង មានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ។
នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ១១និង៥៣នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងប្ញស្សី សហការជាមួយ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយ លោក ឧត្តមសេនីយត្រី ជេត វណ្ណនីស្នងការងទទួលផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ត្រី ស គឹមឡុង អធិការនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចុះប្រតិបត្តិការ បង្ក្រាបឃាត់ខ្លួន ជនសង្ស័យចំនួន ពីរនាក់ គឺ ១.ឈ្មោះ ណែត សុបិន ភេទប្រុស អាយុ ២៨ ឆ្នាំ នៅភូមិរការឈ្មោល ឃុំគារ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។ ឈ្មោះ ឯក ស៊ីណាត ភេទប្រុស អាយុ ៣១ ឆ្នាំ នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ក្នុងករណី លួចមានស្ថានទម្ងន់ទោស (ប្លន់សម្លាប់) កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៩ នៅចំណុចព្រៃពពេល ភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ទៅលើជនរងគ្រោះឈ្មោះ ម៉ិល សុខុម ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅ ភូមិប្រឡាយស្តៅ ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតបាន ទូរស័ព្ទម៉ាក សាំស៊ុង ចំនួន ២ គ្រឿង ម៉ូតូម៉ាកហុងដាទ្រីម ស៊េរីឆ្នាំ ២០១៦ ចំនួន ១គ្រឿង សោបញ្ឆេះ ១
បន្ទះផ្លាកលេខម៉ូតូ ១ ( បាត់ដំបង 1X -1539 ) ។
ករណីនេះកម្លាំងជំនាញ កំពុងកសាងសុំណុំរឿង បញ្ជូនទៅតុលាការ៕ ដោយ៖កូឡាប