ខេត្តកំពង់ធំ ៖ អ្នកកាសែតម្នាក់ បានត្រូវសមត្ថកិច្ចចាប់ខ្លួនជាលើកទី៣ហើយ ក្នុងចំណោមមនុស្ស២នាក់ ដែលត្រូវចាប់ខ្លួន ដោយជាប់ចោទពីបទជំរិតទារប្រាក់ចំនួន១.២០០ដុល្លារ ពីលោក លី ស្រេង នាយកដែនជម្រកសត្វព្រៃអភិរក្សព្រៃឡង់ ។
តាមប្រភពព័ត៌មានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ១០និង៤០នាទីព្រឹកថ្ងៃទី៩ ខែមិថុនា កម្លាំងនគរបាលការិយាល័យជំនាញខេត្តកំពង់ធំ សហការជាមួយនឹងនគរបាលក្រុងស្ទឹងសែន ក្រោមបញ្ជារបស់លោកស្នងការ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានចាប់ឃាត់ខ្លួនអ្នកកាសែតចំនួន២នាក់ នៅក្នុងអាហារដ្ឋានមួយកន្លែង ស្ថិតនៅចំពីមុខផ្សារកំពង់ធំ ក្នុងភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ។
ជនជាប់ចោទទាំង២នាក់ឈ្មោះ ហ៊ាង លីហាក់ ភេទប្រុស អាយុ៥០ឆ្នាំ ជាអ្នកសារព័ត៌មានសំឡេងសន្តិភាព និងម្នាក់ទៀតឈ្មោះ អាំង ប៊ុនហូវ ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកសារព័ត៌មានវិថីសន្តិភាព ។ អ្នកទាំង២នាក់ ជាប់ចោទពីបទជំរិតទារប្រាក់ចំនួន១.២០០ដុល្លារ ពីលោក លី ស្រេង នាយកដែនជម្រកសត្វព្រៃអភិរក្សព្រៃឡង់ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក លី ស្រេង បានប្រាប់កាសែតក្នុងស្រុកមួយ នៅព្រឹកថ្ងៃទី១០ ខែ មិថុនាថា ក្រោយពីមានសារព័ត៌មានមួយចំនួនចុះផ្សាយកាលពីថ្ងៃទី៦ ខែមិថុនា ស្តីអំពីបទល្មើលព្រៃឈើ ហើយប៉ះពាល់ដល់មន្ទីរបរិស្ថាននិងមន្ទីរកសិកម្មរួចមក ស្រាប់តែនៅថ្ងៃទី៨ ខែមិថុនា លោក ហ៊ាង លីហាក់ ដែលប្រាប់ថាជាអ្នកកាសែតសំឡេងសន្តិភាព បានទូរស័ព្ទទៅលោកសួរថា យ៉ាងម៉េចទៅហើយអាម៉ាក ឃើញគេចុះផ្សាយព្រោងព្រាត បើចង់បិទព័ត៌មានមកជួបនិយាយគ្នាមក។
ពួកគេបានណាត់ជួបគ្នាចរចារឿងលុយ នៅក្នុងអាហារដ្ឋានខាងលើ ដែលមានរូបលោកជាមួយលោក ហ៊ាង លីហាក់ និងលោក អាំង ប៊ុនហូវ ។ នៅក្នុងជំនួបនោះ លោក ហ៊ាង លីហាក់ និយាយថា បិទព័ត៌មានទៅពួកម៉ាក ។ លោកក៏យល់ព្រមតាម ដើម្បីកុំឱ្យមានបញ្ហា ហើយខណៈនោះលោក ហ៊ាង លីហាក់ ប្រាប់ថា គេមានគ្នា៤នាក់ ក្នុងម្នាក់សុំ៣០០ដុល្លារ ៤នាក់ស្មើនឹង១.២០០ដុល្លារ ។ លោក លី ស្រេង និយាយថា លោកយល់ព្រមឲ្យ១.២០០ដុល្លារ តែឥឡូវលោកមានតែ៥០០ដុល្លារទេក្នុងហោប៉ៅឲ្យប៉ុណ្ណឹងសិន សុំជំពាក់៧០០ដុល្លារចាំឲ្យពេលក្រោយ ពួកគេក៏យល់ព្រម ។ នៅពេលលោកហុចលុយឲ្យ ក៏ត្រូវកម្លាំនគរបាលចាប់ខ្លួនអ្នកទាំង២នាក់តែម្តង ៕ ដោយ ៖ បញ្ញាស័ក្តិ