ភ្នំពេញ៖ តាមរបាយការណ៍រយៈពេល១១ខែឆ្នាំ ២០១៧ របស់អនុគណៈកម្មការត្រួតពិនិត្យ ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបង្ហាញថា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣.២៣៤លើក បណ្តាលអោយស្លាប់ចំនួន១.៦១៧នាក់ និងរងរបួសចំនួន៥១០៧នាក់។ ប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំមុន គ្រោះថ្នាក់ថយចំនួន១០៤លើក ស្មើនឹង៣% ស្លាប់៎កើន៤១នាក់ ស្មើនឹង២.៦% របួសថយចុះ ៨៥៥នាក់ ស្មើនឹង១៤% បង្កើឡើងដោយល្មើសល្បឿនកំណត់ ៣៦% មិនគោរពសិទ្ធិ ១៧%, មិនប្រកាន់ស្តាំ ១៣%, វ៉ាជែង១១%, បត់មិនប្រយ័ត្ន១០% ស្រវឹង១០% កក្តាយានយន្ត៤% និង ងងុយគេង១% ។ អ្នកស្លាប់ជាអ្នកជិះម៉ូតូមានចំនួន៧៦% (៨៣% មិនពាក់មួក)។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍នៅទូទាំងប្រទេស ត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឲ្យបានកាន់តែខ្លាំងបន្ថែមទៀត ព្រោះថាចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់មួយនេះ កំពុងតែកើនឡើងនៅរយៈពេលចុងក្រោយនេះ។
សម្ដេច ស ខេង ក៏បានផ្ដាំផ្ញើដល់មន្ដ្រីនគរបាលចរាចរណ៍ទាំងដែរថា ការអនុវត្តច្បាប់ចរាចរណ៍ ត្រូវតែធ្វើឡើងក្នុងក្របខ័ណ្ឌច្បាប់ មិនត្រូវគាប់សង្កត់ពលរដ្ឋ ឬធ្វើឲ្យមានការថ្នាំងថ្នាក់ជាមួយពលរដ្ឋណាមួយជាដាច់ខាត ដោយមន្ដ្រីនគរបាលត្រូវប្រកាន់ឥរិយាបថសុភាពរាបសារ ម៉ឺងម៉ាត់ និងគោរពវិន័យ។
ការថ្លែងបែបនេះ របស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងមហាសន្និបាត សមាគមមិត្តនគរបាលជាតិកម្ពុជា អាណត្តិទី៤ នៅក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា យើងទាំអស់គ្នាដែលជាសមត្ថកិច្ច ត្រូវតែខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីបំពេញភារកិច្ច ពិសេសទាក់ទងនឹងការងារចរាចរណ៍នេះ កំពុងតែមានការវិវត្តន៍ គួរឲ្យមានការព្រួយបារម្ភ ពិសេសរយៈពេល២ខែចុងក្រោយនេះដែលគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង។
សម្ដេច ស ខេង ក៏បានលើកឡើងដែរថា ការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅមួយរយៈពេលចុងក្រោយនេះ ភាគីច្រើនកើតមានទៅលើអ្នកបើកបរម៉ូត ដោយមិនបានពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវតាមការកំណត់។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញគោលជំហរចង់ឲ្យថ្នាក់ដឹកនាំនគរបាល គួរតែពង្រឹងកម្លាំងនគរបាលដែលមានស្រាប់ ប្រសើរជាងរើសកម្លាំងថ្មីបន្ថែម ដែលតម្រូវឲ្យរដ្ឋចំណាយលុយច្រើនជាងមុន។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា មូលហេតុដែលសម្ដេចមិនចង់ឲ្យរើសកម្លាំងថ្មីបន្ថែមច្រើនបែបនេះ ក៏ព្រោះតែចង់ឲ្យការងារកាន់តែមានប្រសិទ្ធភាព ហើយមិនចង់ឲ្យមានចំនួនមនុស្សច្រើន ប៉ុន្ដែប្រសិទ្ធភាពការងារនៅតែដដែល។
សម្ដេច ស ខេង បានថ្លែងថា នៅសល់កិច្ចការខ្លះដែលត្រូវបន្ដកែទម្រង់ ពិសេសការលើកកម្ពស់គុណភាព សមត្ថភាព ជារួមការកសាងសមត្ថភាពឲ្យមន្ដ្រីនគរបាល មិនមែនទៅរើសប្រឡងចូលអ្នកដែលមានសមត្ថភាពស្រាប់នោះទេ ប៉ុន្ដែបើមានក៏ល្អដែរ ប៉ុន្ដែអភិវឌ្ឍន៍នៅហ្នឹងកន្លែង មានន័យថា ធ្វើបង្ហាត់បង្រៀនមនុស្សដែលមានស្រាប់ កសាងសមត្ថភាព ហើយបើថាកសាងទៅលែងទៅ ចឹងបានរើសថ្មី ដើម្បីជៀសវាងនូវការចំណាយថវិការបស់រដ្ឋ។
សូមជម្រាបថា ក្នុងមួយឆ្នាំៗក្រសួងមហាផ្ទៃ បានប្រកាសរើសមន្ដ្រីនគរបាលក្របខណ្ឌថ្មីបន្ថែម ប្រមាណ៥០០០នាក់ ដើម្បីបំពេញបន្ថែមជំនួសមន្ដ្រីនគរបាលដែលបានចូលនិវត្តន៍ និងបាត់បង់សមត្ថភាពក្នុងការបំពេញការងារ ជាដើម៕ ដោយ៖បញ្ញាស័ក្តិ