ក្រចេះ ៖ នគរបាលព្រហ្មទណ្ឌខេត្តក្រចេះ បានឲ្យដឹងថា ក្រុមក្មេងទំនើង១ក្រុម មានគ្នា ៧នាក់ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌដែលចុះល្បាត ធ្វើការចាប់ខ្លួន កាលពីយប់ថ្ងៃទី១២ មិថុនា នៅពេលពួកគេ កំពុងប្រមូលផ្តុំគ្នា នៅមាត់ទន្លេ មុខសាលាខេត្តក្រចេះ បង្កភាពអនាធិបតេយ្យ ប៉ះពាល់សុខសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានទីប្រជុំជនក្រុងក្រចេះ ។
នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោកវរសេនីយ៍ឯក គុណ សោភ័ណ្ឌ បានអោយដឹងថា ក្រោយការឃាត់ខ្លួន នគរបាលបាន ធ្វើតេស្តទឹកនោម របស់ពួកគេទាំង ៧ នាក់ ក្នុងនោះមានម្នាក់ រកឃើញមានផ្ទុកសារធាតុញៀន ត្រូវបានចាត់បញ្ជូនទៅការិយាល័យជំនាញគ្រឿងញៀន ខណៈ ៦ នាក់ទៀត ត្រូវបាននគរបាល ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចប្រគល់ឲ្យអណាព្យាបាលយកទៅអប់រំបន្តរៀងៗខ្លួន ៕ ដោយ ៖ កូឡាប