ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាត ឲ្យក្រុមហ៊ុនចំនួន២ ប្រតិបត្តិការជួសជុលផ្លូវចំនួន២ខ្សែ មានប្រវែងសរុប ២១៨គីឡូម៉ែត្រ (កែពីកម្រាលកៅស៊ូប្រភេទ DEST ទៅជាកម្រាលប្រភេទ AC) ដែលប្រើប្រាស់ថវិកាចំនួន ២០លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពី ធនាគារពិភពលោក។
ផ្លូវដែលត្រូវជួសជុលទាំង២ខ្សែនោះ រួមមាន៖ ខ្សែទី១. កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីទីរួមខេត្តកំពត ទៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្រវែង ១១១គីឡូម៉ែត្រ និងខ្សែទី២. កំណាត់ផ្លូវជាតិលេខ៧ តទៅផ្លូវជាតិលេខ៧៣ ចាប់ពីឃុំថ្នល់ទទឹង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទៅព្រំប្រទល់ខេត្តក្រចេះ មានប្រវែងប្រវែង ១០៧គីឡូម៉ែត្រ (ចាប់ពី គម ១៣៦ ដល់ ២៤៣) សរុបទាំង២ខ្សែ ២១៨គីឡូម៉ែត្រ។ ការផ្លាស់ប្តូរពី DBST មក AC ដោយសារ យើងមានថវិកសគ្រប់គ្រាន់ ចំនួន យានយន្តកើន ជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏មានស្ថេរភាព សាងសង់ ១៨ខែ និងបន្តថែទាំ ៣៦ខែ ការធ្វើផ្លូវនេះ មានការពិនិត្យលក្ខណៈបច្ចេកទេស ដោយក្រុមហ៊ុន consultant សហការជាមួយអគ្គនាយកដ្ឋានបច្ចេកទេស។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមទៀតថា ផ្លូវដែលយើងគ្រោងជួសជុល ដែលយើងនឹងចាប់ផ្ដើមនេះអស់ ២០លានដុល្លារសហរដ្ឋអាមេរិក នៅលើកញ្ចប់ ៦០លានដុល្លារសហរដ្ឋអាមេរិក។
ការលើកឡើងនេះ បានធ្វើឡើង ខណៈដែលរដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះ អញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា លើកកម្រិតនិងថែទាំផ្លូវជាតិលេខ៧ ប្រវែង១០៧គីឡូម៉ែត្រ ទៅជាកម្រាល AC រវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុន Guangdong Provincial Changda Highway Engineering Co., Ltd ក្រោមឥណទានសម្បទាន ធនាគារពិភពលោកលេខ 5789-KH Road Asset Management Project II (RAMP-II) នៅរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងសាធារណការ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដោយទទូចឲ្យប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ នាំឱ្យខូចផ្លូវនោះទេ។ ក្រសួងសាធារណការ និងកម្លាំងសមត្ថកិច្ច ត្រូវបន្ដការងារចុះចាប់រថយន្តណា ដែលដឹកទំនិញលើសទម្ងន់។ ត្រង់ចំណុចនេះ លោកទេសរដ្ឋមន្ត្រីបានលើកឡើងថា កម្លាំងសមត្ថកិច្ច មិនចង់ឃាត់រថយន្តឲ្យច្រើននោះទេ តែចង់ឲ្យប្រជាពលរដ្ឋគោរពច្បាប់ឲ្យបានត្រឹមត្រូវ កុំដឹកទំនិញលើសទម្ងន់កំណត់ដោយច្បាប់ ដើម្បីឲ្យគុណភាពផ្លូវប្រើប្រាស់បានយូរអង្វែង៕ ដោយ៖បញ្ញាស័ក្តិ