ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់ CMAC) ទទួលបានជំនួយជាថវិកា ចំនួន១.២០០.០០០ដុល្លារអាមេរិក ពីអង្គការ UNDP សម្រាប់រំដោះចំការមីនរយៈពេល១ឆ្នាំ នៅឆ្នាំ២០១៨ នៅក្នុងខេត្តជាប់ព្រំដែនថៃ ចំនួនបីរួមមានខេត្ត ប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់ CMAC) បានថ្លែងក្នុងផេកហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី២៨ខែធ្នូថា ក្នុងឆ្នាំ២០១៨ខាងមុខនេះ អង្គភាពស៊ីម៉ាក់ទទួលជំនួយចំនួន១.២០០.០០០ដុល្លារ (១លាន២សែនដុល្លារ) សម្រាប់រយៈមួយឆ្នាំ (២០១៨) ពីUNDP តាមរយៈការដាក់ឱ្យដេញថ្លៃដោយអាជ្ញាធរមីនកម្ពុជា។
រដ្ឋាភិបាលអូស្ត្រាលី ស្វីស កាណាដា និងUNDP បានគាំទ្រគម្រោងសកម្មភាពមីនមួយហៅថា “គម្រោងបោសសំអាតសម្រាប់ទិដ្ឋផល Clearing for Results” សម្រាប់រំដោះផ្ទៃចំការមីនស្ថិតនៅ៣ខេត្តគឺខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ដែលគ្រប់គ្រងនិងចាត់ចែងដេញថ្លៃដោយអាជ្ញាធរមីន ហើយអង្គភាពស៊ីម៉ាក់បានទទួលជោគជ័យទាំង៣គម្រោង ដែលមានថវិកាសរុបចំនួន១.២០០.០០០ ដុល្លារអាមេរិកជាមួយគំរោងទាំង៣នេះ ស៊ីម៉ាក់នឹងពង្រាយកម្លាំងប្រតិបតិ្តការរំដោះផ្ទៃដីចំនួន៧.៥០០.០០០ម៉ែត្រការ៉េ ជាមួយនេះដែរ ខាងអាជ្ញាធរមីននិងUNDP បានសម្រេចបន្ថែមថវិកាចំនួនប្រមាណ ៧៥០.០០០ ដុល្លារ លើគម្រោងឆ្នាំ២០១៧នៅ២ខេត្តគឺបាត់ដំបងនិងខេត្តបន្ទាយមានជ័យ ដែលត្រូវបន្តរហូតដល់ខែមិថុនាឆ្នាំ២០១៨។
សូមបញ្ជាក់ថា រដ្ឋាភិបាលកាណាដាបានត្រឡប់មកបន្តជំនួយដោះមីននកម្ពុជាឡើងវិញ បន្ទាប់ពីបញ្ចប់ជំនួយជាច្រើនឆ្នាំកន្លងមក។
ការអំពាវនាវបន្តជំនួយនិងគាំទ្រចំពោះការខិតខំប្រឹងប្រែងពង្រឹងពង្រីកសេដ្ឋកិច្ច សន្តិសុខជាឧត្តមប្រយោជន៍ប្រជាជននិងសង្គមជាតិ គឺជាមូលដ្ឋានមិនអាចខ្វះបានក្នុងការបន្តពង្រឹងលទិ្ធប្រជាធិបតេយ្យនិងសិទ្ធមនុស្សនៅកម្ពុជា៕ ដោយ៖បញ្ញាស័ក្តិ