Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​និង​ញ៉ូវ​វេល​ហ្សេ​ឡ​ង់ ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​មួយ​កម្រិត​ទៀត លើ​ការងារ​ផលិតកម្ម​សត្វ​

​ភ្នំពេញ ​៖ ​នៅ​ទីស្ដីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​វេលា​ម៉ោង ០៩:៣០ នាទី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​លោក Tahamoana Macpherson ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ញ៉ូ​វេល​ហ្សេ​ឡង់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះរាជាណាចក្រ​ថៃ និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។

​មានមតិ​ស្វាគមន៍ តំណាងឲ្យ​រាជរដ្ឋាភិបាល ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ នេសាទ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ញ៉ូ​វេល​ហ្សេ​ឡង់ ដែល​បាន​ធ្វើ​ការគាំទ្រ​តាមរយៈ​គម្រោង បច្ចេកទេស ការផ្តល់​អាហារូបករណ៍ ជាពិសេស​លើ​ការលើកកម្ពស់​គុណភាព និង​បន្លែ និង​ផ្លែឈើ​សុវត្ថិភាព ដែល​សកម្មភាព​នេះ​គឺ​ពិតជា​ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បន្ត​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។ លោក​សង្ឃឹម និង​ជឿជាក់​ថា​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​នឹង​បន្ត ហើយក៏​មាន​លទ្ធភាព​ក្នុង​ការពង្រឹង និង​ពង្រីក​ថែម​មួយ​កម្រិត​ទៀត​ផង​ដែរ ជាពិសេស​លើ​ការងារ​ផលិតកម្ម​សត្វ ដើម្បី​ចូលរួម​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​ស​ម្រេច​បាន​នូវ​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយ​ប្រទេស​ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ ២០៣០​។

​នា​ឱកាស​នេះ លោក​ឯកអគ្គរដ្ឋទូត​បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង​អរគុណ​ចំពោះ​លោក​រដ្ឋមន្ត្រី និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ដែល​បាន​ផ្តល់​កិច្ចសហប្រតិបត្តិការ និង​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ក្នុង​ការអនុវត្ត​គម្រោង​កន្លង​មក​ទទួល​បាន​លទ្ធផល​គួរឲ្យកត់សម្គាល់​។ ចំពោះ​ជំនួប​នា​ថ្ងៃនេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ជម្រាប​ជូន​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​ដំណាំ​សាក​វប្បកម្ម ដែល​មានឈ្មោះ​ថា “Cambodia Quality Horticulture Initiative” ដែល​គម្រោង​នេះ​ផ្តោត​ជា​សំខាន់​ទៅលើ​ការលើកកម្ពស់​គុណភាព និង​សុវត្ថិភាព​បន្លែ​និង​ផ្លែឈើ តាមរយៈ​ការអនុវត្ត​កសិកម្ម​ល្អ (Good Agricultural Practices, GAP) ក្នុង​ការបំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម និង​តម្លៃបន្ថែម រួម​ជាមួយ​ការកសាង សមត្ថភាព និង​ទំនាក់ទំនង​ទីផ្សារ ដែល​ភាគី​ញ៉ូ​វេល​ហ្សេ​ឡង់​មាន​បំណង​ពង្រីក​សកម្មភាព​ថែម​ទៀត​។

​បន្ទាប់ពី​បាន​ស្តាប់​នូវ​បទ​រាយការណ៍​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​គម្រោង​កំពុង​សម្រេចបាន ហើយ​លោក​បញ្ជាក់ថា​នឹង​ចុះ​ពិនិត្យ​ផ្ទាល់​នា​ថ្ងៃស្អែក ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមិថុនា នៅ​ខេត្ត​សៀមរាប​។ ទន្ទឹមនឹងនេះ ដើម្បី​ឲ្យ​គម្រោង​ទទួលបា​ន​ជោគជ័យ​បន្ថែមទៀត លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​ក្រុមការងារ​រៀបចំ​ចងក្រង​ជា​ឯកសារ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ និង​បង្កើន​ការបណ្ដុះបណ្ដាល​ទាំង​បច្ចេកទេស ជំនាញ និង​ការអនុវត្ត​ដល់​ប្រជាកសិករ ធ្វើយ៉ាងណា​ជួយ​លើកកម្ពស់​ជីវភាព​របស់​គាត់​ឆ្លើយតប​ទៅ​នឹង​បរិបទ​នៃ​កំណើនសេដ្ឋកិច្ច​៕​ ​ដោយ​៖​កូឡាប​

×