ភ្នំពេញ ៖ ស្ថិតនៅក្នុងសវនាការ នៃសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីក្រុមអ្នកសារព័ត៌មានជាច្រើន ជនជាប់ចោទ ផែង វណ្ណៈ បានប្រកាសថា ខ្លួនពិតមានកំហុសដោយបានដឹងនូវកំហុសនេះ រូបគេបានសសេរជាលិខិតសុំទោសមួយ នៅក្នុងពន្ធនាគារ ដើម្បីសុំទោសសម្តេចនាយករដ្ឋមន្ត្រី ក៏ដូចជាបងប្អូនមួយចំនួន ដែលខ្លួនបានប្រព្រឹត្តខុសកន្លងមក។
នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងជនជាប់ចោទ ផែង វណ្ណៈ ពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ។ ក្រោយសាកសួរដេញដោលពេញមួយព្រឹកនេះ តុលាការបានសម្រេចប្រកាសសាលក្រម សំណុំរឿងនេះនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ។
នៅក្នុងសវនាការនោះ លោកមេធាវី គី តិច មេធាវីការពារសិទ្ធិ និងជាតំណាងឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំឲ្យតុលាការផ្តន្ទាទោសលោក ផែង វណ្ណៈ ទៅតាមច្បាប់ ប៉ុន្តែមិនទាមទារសំណងជំងឺចិត្តពីជនជាប់ចោទនោះទេ។
លោក គី តិច បានលើកឡើងយ៉ាងដូច្នេះថា ការបង្ហោះសារ និងរូបភាពប្រៀបធៀបរបស់ជនជាប់ចោទ ពិតជាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងធ្វើឲ្យមានការយល់ច្រឡំ លើសម្តេចតេជោប្រាកដមែន។ ប៉ុន្តែដោយសារជនជាប់ចោទ មានការភ្ញាក់រលឹកទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ ចំពោះទង្វើរបស់ខ្លួន ដូច្នេះសម្តេចតេជោ មិនបានទាមទារសំណងពីជនជាប់ចោទនោះ។
ចំពោះមុខអង្គសវនាការថា ជនជាប់ចោទ ផែង វណ្ណៈ បានទទួលកំហុសទាំងអស់ ដែលខ្លួនបានប្រព្រឹត្ត នាពេលកន្លងមក។ ជនជាប់ចោទក៏បានសុំទោស ចំពោះទង្វើទាំងអស់នេះ និងសន្យាឈប់ប្រព្រឹត្តតទៅទៀតហើយ។ លោក ផែង វណ្ណៈ ក៏បានសំណូមពរឲ្យតុលាការ បន្ធូរបន្ថយទោសដល់រូបលោកផងដែរ។
នៅទីបញ្ចប់ តុលាការបានលើកយកសំណុំរឿងនេះ ទៅប្រកាសសាលក្រម នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ៕ ដោយ ៖ កូឡាប