ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ ជាមេខ្លោងធ្វើសកម្មភាពលួចម៉ូតូសិស្សសាលាម្នាក់ និងជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនរយៈពេល៣ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល សហការជាមួយសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបចាប់ខ្លួនបានរួមជាកាំភ្លើងខ្លីមួយដើម ហើយបក្ខពួក២នាក់ទៀតកំពុងគេចខ្លួន ។ ក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូសិស្សសាលាម្នាក់ ដោយប្រដាប់ដោយអាវុធភ្ជង់គំរាម ។
ជនសង្ស័យត្រូវចាប់ខ្លួននៅម៉ោង៣រសៀល ថ្ងៃព្រហស្សត៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវលំ ស្ថិតក្នុងភូមិរការធំ ឃុំឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ ជិន លាប ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិត ស្នាក់នៅបច្ចុប្បន្ន ផ្ទះសំណាក់ភ្នំមាស សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលជាមេខ្លោងធ្វើសកម្មភាព ហើយក៏ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនរយៈពេល៣ឆ្នាំ។ រីឯជនសង្ស័យ២នាក់ទៀត ដែលរត់គេចខ្លួន ឈ្មោះ គុង ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល១៩ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ សាន ណារ៉ាត់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០A មានទីលំនៅភូមិត្រពាំងសុក្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ដោយឡែកវត្ថុតាងដកហូតបាន អាវុធខ្លី១ដើម ម៉ាកK៥៩ ក្រូមេពណ៌ស លេខ០៧៥៧ បង់ចំនួន១មានគ្រប់ចំនួន៨គ្រាប់ ម៉ូតូមួយគ្រឿងម៉ាកEXCITER ពណ៌សលាយក្រហម ស៊េរីឆ្នាំ២០១៥ ជារបស់ជនរងគ្រោះយកបានវិញ និងទូរស័ព្ទដៃ១គ្រឿង៕ ដោយ៖ បញ្ញាស័ក្តិ