ប្រទេសរុស្សីបានចោទប្រកាន់អាមេរិចថា បានរំលោភបំពានសន្ធិសញ្ញាគ្រប់គ្រងអាវុធ បន្ទាប់ពីសហរដ្ឋអាមេរិចបានព្រមព្រៀងលក់ប្រព័ន្ធការពារមីស៊ីលទៅឲ្យប្រទេសជប៉ុន។ នេះបើយោងតាមការផ្សាយរបស់សារព៌តមាន CNN នៅថ្ងៃសុក្រនេះ។គណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន កាលពីសប្តាហ៏មុនបានយល់ព្រមទិញប្រព័ន្ធការពារមីស៊ីល (Aegis Ashore missile defense) ពីអាមេរិចចំនួន ២ ខណៈដែលជប៉ុនសព្វថ្ងៃកំពុងតែប្រឈម នឹងការបង្ករឿងពីសំណាក់ប្រទេសជិតខាងកូរ៉េខាងជើង។
ប្រទេសរុស្សីបានសំដែងការព្រួយបារម្ភចំពោះប្រព័ន្ធការពារមីស៊ីលរបស់អាមេរិច ដោយសារតែប្រព័ន្ធការពារនោះក៏អាចមានសមត្ថភាពបាញ់ចេញមីស៊ីលផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្សីឈ្មោះ Maria Zakharova បានថ្លែងថា ពួកគេកំពុងរំលោភបំពានទៅលើសន្ធិសញ្ញាអាវុធនុយក្លេអ៊ែររយៈចំងាយឆ្ងាយ (INF) ដែលជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធរវាងទីក្រុងមូស្កូ និងវ៉ាស៊ីនតាន ដែលបានអនុវត្ត៣០ឆ្នាំមកហើយ។
អ្នកនាំពាក្យដដែលបញ្ជាក់ថា “ពួកយើងត្រូវតែអត់ធ្មត់ក្នុងចិត្តថា ប្រព័ន្ធទាំងនេះមានទំរសំរាប់បាញ់មីស៊ីល ដែលអាចបាញ់មីស៊ីលបានគ្រប់ប្រភេទ។ វាគឺជាការរំលោភបំពានលើសន្ធិសញ្ញា ហើយពួកយើងមើលឃើញថា ជប៉ុនគឺជាសមគំនិតក្នុងបញ្ហានេះ”។
ប៉ុន្តែសហរដ្ឋអាមេរិចបានច្រានចោលការចោទប្រកាន់របស់រុស្សី ហើយអាមេរិចលើកឡើងថា សហរដ្ឋអាមេរិចបានអនុវត្តយ៉ាងពេញលេញលើសន្ធិសញ្ញានោះ ហើយការថ្លែងខុសពីការពិតរបស់រុស្សីគឺគ្រាន់តែចង់បង្វែចំណាប់អារម្មណ៏ចេញ ខណៈដែលខ្លួនបានរំលោភបំពានយ៉ាងច្បាស់លាស់៕ សុភ័ក្ត្រ