ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បេ ៤០ ចំនួន ៤ គ្រាប់ ដែលជនមិនស្គាល់អត្តសញ្ញាណ យកមកបង្កៃប្លុងចោល នៅក្បែរសាលារៀនមួយ ក្នុងបំណងទុច្ចរិត។ នគរបាលបាននិយាយថា គ្រាប់នេះនៅថ្មីស្រឡាង ដែលផលិតនៅប្រទេសសូវៀត ដែលជនមិនស្គាល់មុខ ទើបតែយកមកកប់ក្នុងដីលាយជាមួយរំសេវនាថ្មីៗនេះតែប៉ុណ្ណោះ។
ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១និង៥០នាទី ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បេ៤០ នៅខាងក្រោយសាលាអនុវិឡាលយ័រួតចំប៉ី ហ៊ុន សែន ស្ថិតនៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
បន្ទាប់មកកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ពិតជាមានគ្រាប់ខាងលើពិតមែន ដែលជាប្រភេទគ្រាប់ B40 ផលិតនៅប្រទេសសូវៀត ចំនួន ៤គ្រាប់ បានយកទៅកប់ក្នុងរណ្តៅ នឹងចាក់រំសែវ មានបីកន្លែងខុសគ្នា ដោយឃ្លាតពីកន្លែងមួយ ទៅកន្លែងមួយមានចំងាយ១០ម៉ែត្រ និងគ្រាប់ DK ចំនួន1គ្រាប់ ចំងាយ ១០០ ម៉ែត្រ ពីគ្រាប់ B40 បន្ទាប់មកកម្លាំងជំនាញការពារកន្លែងកើតហេតុ នឹងបានទាក់ទងទៅកម្លាំងស៊ីម៉ាក់ ដើម្បីមកទទួលយកទៅកម្ទេចចោល៕ ដោយ៖កូឡាប