ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ បានសហការគ្នា ចុះត្រួតពិនិត្យទៅលើរថយន្តដឹកទំនិញ និងរថយន្តកុងតឺនរ័ នៅតាមគោលដៅដើមទី មុនអនុញ្ញាតឱ្យរថយន្តទាំងនោះ ចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
យុទ្ធនាការនេះ សមត្ថកិច្ចចម្រុះបានចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩តទៅ ដោយផ្តោតសំខាន់ចុះត្រួតពិនិត្យអំពីលក្ខណៈបច្ចេកទេស របស់យានយន្ត ត្រួតពិនិត្យប័ណ្ណបើកបរ និងត្រួតពិនិត្យលក្ខណៈសម្បត្តិ របស់អ្នកបើកបររថយន្តដឹកទំនិញធុនធំ ឬរថយន្តកុងតឺន័រទាំងនោះថែមទៀតផង។
ទាក់ទិនបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី យើ យ៉ាន់ណូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ទទួលបន្ទុកការងារប្រចាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានប្រសាសន៍ថា យុទ្ធនាការនេះ ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩តទៅ ដោយអនុវត្តតាមគោលការណ៍ណែនាំ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់ចេញកាលពីពេលថ្មីៗនេះ។
លោកថា ថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង បានរណែនាំ និងរំលឹកដល់កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តព្រះសីហនុ ត្រូវបន្តបើកយុទ្ធនាការត្រួតពិនិត្យទៅលើរថយន្តដឹកទំនិញ និងរថយន្តកុងតឺន័រ ឱ្យបានជាច្រាំថ្ងៃ ប្រយោជន៍ដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវឱ្យថយចុះមកចំនួនទាប។
ផ្តើមពីបញ្ហានេះ ទើបកម្លាំងសមត្ថកិច្ចស្ថាប័នចម្រុះខេត្តព្រះសីហនុ ក៏បានសហការគ្នា ចុះអនុវត្តការណែនាំខាងលើព្រមៗគ្នា គឺចាប់ពីចំណុចគោលដៅដើមទី គឺគោលដៅទី១- ត្រួតពិនិត្យនៅកំពង់ផែស្វយ័តភ្នំពេញ និង គោលដៅទី២- ត្រួតពិនិត្យនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ត្រង់ចំណុចនេះ លោកឧត្តមសេនីយ៍ត្រី យើ យ៉ាន់ណូ បានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរឱ្យថយចុះមកចំនួនទាប។
ជាងនេះទៀត គឺស្នើដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ត្រូវណែនាំ និងត្រួតពិនិត្យសុខភាពបុកគ្គលិកជាអ្នកបើកបរ រថយន្តដឹកទំនិញ របស់ខ្លួន ឱ្យបានជាប្រចាំ ដោយមិនត្រូវបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ជាពិសេសមិនត្រូវឱ្យមានជាប់ពាក់ព័ន្ធ ការប្រើប្រាស់គ្រឿងញៀន ឬមានសារធាតុញៀននៅក្នុងឈាមជាដាច់ខាត៕ ដែន សីមា