Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​គ្រឿងញៀន​ឆ្លងដែន​ពី​ឡាវ ឃាត់ខ្លួន​បុរស​ម្នាក់ រឹបអូស​ថ្នាំញៀន​ជាង​១​ម៉ឺន​គ្រាប់​

​ខេត្តស្ទឹងត្រែង​៖ ជនសង្ស័យ​ជាតិខ្មែរ​ម្នាក់ រួមជាមួយ​ថ្នាំញៀន ១២០១៥​គ្រាប់ ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្តស្ទឹងត្រែង បើក​ប្រតិបត្តិការ​ចុះបង្ក្រាប និង​រឹបអូស​បាន នៅ​គ្រា​ដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព នាំ​គ្រឿងញៀន​ឆ្លងដែន​ពី​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ ចូលមក​ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា តាម​ច្រករបៀង​មួយ​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ​។​

​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន ដែលមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នេះ បានធ្វើ​ឡើង​នៅ​ម៉ោង​៩ និង​៤០​នាទី​ព្រឹក ថ្ងៃទី​១៨​មិថុនា​ឆ្នាំ​២០១៩​នេះ នៅលើ​ដងផ្លូវ​១​ខ្សែ​ចូលទៅ​កាន់​ច្រកព្រំដែន​ផ្លូវ ត្រង់ចំណុច​ស្ពាន​ទី​២ ស្ថិតនៅ​ក្នុងភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​។​

​ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្តស្ទឹងត្រែង លោក​វរសេនីយ៍ទោ ចែម ផានិត បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ ដែល​រង​ការឃាត់ខ្លួន​នេះ ឈ្មោះ ភូម្មា ដាំ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មាន​ទីលំនៅភូមិ​ណា​អូ​ង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បច្ចុប្បន្នរស់នៅ​ភូមិ​សាំ​បៀ​ង ស្រុក​សុ​កុម៉ា ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ លោក​ថា ក្រោយពេល​ឃាត់​រួច សមត្ថកិច្ច​បាន​ឆែកឆេរ​ខ្លួន​ជនសង្ស័យ ហើយ​បាន​រកឃើញ​ថ្នាំញៀន​១​កញ្ចប់​ធំ ស្មើនឹង​៦០​កញ្ចប់​តូច ក្នុងនោះ​១២​កញ្ចប់​តូច ជា​កញ្ចប់​ពណ៌​ផ្កាឈូក មាន​សរសេរ​អក្សរ « A »​។​

​លោក​ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​បន្តថា នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ជំនួញ​គ្រឿងញៀន ដែលមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នេះ គឺ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​អនុវត្តតាម​ការណែនាំ របស់​ស្នងការ​នគរបាល​ខេត្ត ពិសេស អនុវត្តតាម​គោលការណ៍​ណែនាំ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ បញ្ជា​ឲ្យ​រឹតបន្តឹង​លើ​ការងារ​បង្ក្រាប​គ្រឿងញៀន នៅក្នុង​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់គ្រង ហើយ​ជា​លទ្ធផល បាន​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជាតិខ្មែរ​ម្នាក់ និង​ដកហូត​ថ្នាំញៀន​បាន ៦០​កញ្ចប់​តូច មាន​ចំនួន ១២០១៥​គ្រាប់​។​

​លោក​ថា ជនសង្ស័យឈ្មោះ ភូម្មា ដាំ គឺជា​កូន​ខ្មែរ មាន​ឪពុកម្តាយ​ជា​ខ្មែរ រស់នៅ​ភូមិ​ណា​អូ​ង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង​។ ប៉ុន្តែ ជនសង្ស័យ​រូបនេះ បាន​ទៅ​រស់នៅនិង​យកប្រពន្ធ ជនជាតិ​ឡាវ នៅ​ខេត្ត​ចម្ប៉ា​សាក់ មាន​រយៈពេល ៧​ឆ្នាំ​មកហើយ និង​នៅ​ខណៈ​នេះ ត្រូវបាន​ឃាត់ខ្លួន​ជាមួយ​ថ្នាំញៀន គ្រា​កំពុង​ធ្វើ​សកម្មភាព​នាំ​គ្រឿង​ឆ្លងដែន ពី​ប្រទេស​ឡាវ ចូលមក​កម្ពុជា តាម​ច្រករបៀង​មួយ​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ ក្នុង​ខេត្តស្ទឹងត្រែង​។​

លោក​បាន​បញ្ជាក់ថា ខណៈ​នេះ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន កំពុងស្ថិត​នៅក្រោម​ការ​សាកសួរ និង​គ្រឿងញៀន ដែលមាន​ចំនួន​៦០​កញ្ចប់​តូច មាន​ទម្ងន់ ១២៣៤​ក្រាម ស្មើ​១២០១៥​គ្រាប់ ពី​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​។ លោក​ថា ជនសង្ស័យ និង​វត្ថុតាង​ថ្នាំញៀន នឹងត្រូវ​បញ្ជូន​ទៅកាន់ អយ្យការ និង​សាលាដំបូង​ខេត្តស្ទឹងត្រែង នៅក្រោយ​បញ្ចប់​កិច្ច​នីតិវិធី​សាកសួរ​រួច​៕​ ដោយ​៖​កូ​ឡាប​

×