Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនិយម​កងដៃ​-​កង​ជើង របស់​កុលសម្ព័ន្ធ​ខ្មែរលើ​

​ជាទូទៅ​សហគមន៍​មន​-​ខ្មែរ ឬ​ខ្មែរលើ ដែល​សង្គម​មាន​លក្ខណៈ​ជា​កុលសម្ព័ន្ធ នៅក្នុង​ខេត្ត​រតនគិរី ស្ទឹងត្រែង ក្រចេះ នៅ​ប្រទេស​វៀតណាម​ប៉ែក​កណ្តាល និង​ខាងត្បូង ព្រម​ទាំង​នៅ​ប្រទេស​ឡាវ (​លា​វ​) ប្រើ​កងដៃ​-​កង​ជើង ធ្វើ​អំពី​ស្ពាន់ ដើម្បី​ជា​គ្រឿង​លំអរ​រូបរាងកាយ​។ ការនិយម​កងដៃ​-​កង​ជើង ដែលជា​ប្រពៃណី​របស់​សហគមន៍​មន​-​ខ្មែរ​ទាំងនោះ មិនមែន​ជា​ការ​ចៃដន្យ​នោះទេ ក៏ប៉ុន្តែ​ជា​មរតក​វប្បធម៌​ដែល​សម័យ​បុរេប្រវត្តិសាស្ត្រ​បាន​បន្សល់ទុក​។​

​ការស្រាវជ្រាវ​បានឲ្យដឹងថា រហូត​ដល់​សព្វថ្ងៃ ការនិយម​កងដៃ​-​កងជើង​បែបនេះ គឺ​ស្ត្រី​ទេ​ដែល​និយម​ច្រើនជាង​បុរស​ដែល​រស់នៅ​តាម​ព្រៃភ្នំ​។ ជាទូទៅ ឪពុក​ម្តាយ​រមែងតែ​ធ្វើ​អំណោយ​កងដៃ ឬ​កងជើង​មួយគូរ ធ្វើ​អំពី​លោហធាតុ ទៅ​កូនស្រី នៅពេល​ដែល​ពេញវ័យ​ក្រមុំ​អាច​នឹង​មាន​គ្រួសារ បង្កើត​កូនចៅ​។​

​ការពាក់​កងដៃ កងជើង​បែបនេះ មិន​គ្រាន់តែ​ជា​គ្រឿង​លំអ​រូបរាងកាយ ពោល​គឺ​មិន​គ្រាន់តែ​ជា​គ្រឿងអលង្កា​តែប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​គឺជា​និមិត្តសញ្ញា​បង្ហាញ​ចង្អុល​ថា ពួកគេ​គឺជា​ពួក​អភិជន ឬ​ជា​អ្នក​មាន​ស្តុកស្តម្ភ​គ្រាន់បើ​ក្នុង​សហគមន៍​។ ក្រៅពីនេះ កងដៃ កងជើង​ទាំងនោះ ក៏​ជា​គ្រឿង​សិរី​មង្គល​ផ្តល់នូវ​សេចក្តីសុខ សេចក្តី​សប្បាយ​គ្រប់ពេលវេលា​ផងដែរ​។ ព្រោះថា គ្រឿងអលង្ការ​ទាំងនោះ គឺ​ជា​ចំណង​ដ៏​ថ្លៃថ្លា​រវាង​ឪពុកម្តាយ និង​កូន ដែល​បង្កប់​នូវ​អត្ថន័យ​ស៊ីជម្រៅ​មួយទៀត​ផ្នែក​ជំនឿ​សាសនា​។ នៅទីនេះ យើង​ចង់​និយាយថា ក្នុង​ក្រសែភ្នែក​របស់​មនុស្ស​ក្នុង​សហគមន៍​មន​-​ខ្មែរ​ទាំងនោះ កងដៃ កង​ជើង សុទ្ធសឹងតែ​មាន​បារមី​កាន់ ឬ​វត្ថុ​ស័ក្តសិទ្ធិ​សណ្ឋិត​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​នឹង​គាំពារ ការពារ​ពួកគេ​ឲ្យ​ផុត​ពី​គ្រឿង​សៅហ្មង​ទាំងឡាយ ដែល​ព្យាយាម​បៀតបៀន​ពួកគេ​។​

​រូបភាព ១-៤ : កងដៃ​របស់​ស្ត្រី​ព្នង ក្រចេះ ដើម​ស​.​វ​ទី ២០ (Cf. ឡឺ​ក្លែរ​) និង នៅ​វៀតណាម​ខាងត្បូង រវាង ១៩២២ និង ១៩៦០ (​ឯកសារ បារាំង​)

​បើ​និយាយ​ម្យ៉ាងទៀត បងប្អូន​ខ្មែរលើ​មានជំនឿថា កងដៃ​ទាំងនោះ ដែល​មាន​ចំនួន​ពី​១​ទៅដល់ ១០ ឬ ២០ អាច​បញ្ចៀស​នូវ​រាល់ ឧបទ្រពចង្រៃ ដែល​ប៉ុនប៉ង រំខាន​ការរស់នៅ​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​។ មិនតែប៉ុណ្ណោះ​សោត វា​ក៏​អាច​នាំមក​នូវ​ភ​ព្វសំណាង ភោគទ្រព្យ ឬ​កសិផល​តាម​បំណងប្រាថ្នា​ថែមទៀត​ផង​។

​សូមជម្រាបថា សម្រាប់​ស្ត្រី​ព្រៃភ្នំ មន​-​ខ្មែរ គ្មាន​អ្វី​ទេ​ដែល​មាន​តម្លៃ​ជាង​គ្រឿងអលង្ការ​ទាំងនោះ ពាក់​នៅ​ដៃ​ដែល​ពួកគេ​ចូលចិត្ត​និយម​ច្រើន ហើយ​ជា​មរតក​របស់​ដូនតា​? ម្ល៉ោះហើយ​គ្រឿងអលង្ការ​ទាំងនោះ ដែល​ធម្មតា​មនុស្ស​ក្រីក្រ​ពុំ​អាចមាន​លទ្ធភាព​នឹង​មាន​ឡើយ គឺជា​និមិត្តសញ្ញា​នៃ​ឧត្តមភាព ឬ​ភាព​ស្តុកស្តម្ភ​របស់​ពួកគេ​យ៉ាង​ប្រាកដ​។​

​ការពាក់​កងដៃ​លោហៈ​ទាំងនោះ ដោយ​ស្ត្រី​មន​-​ខ្មែរ គឺ​ត្រូវបាន​ផ្តើមចេញ​ពី​កងដៃ​ដែល​មាន​លក្ខណៈ​តូច​នៅត្រង់​កដៃ ហើយ​បន្តិច​ម្តងៗ កងដៃ​នេះ​ត្រូវបាន​ពង្រីក​ទៅ​ធំ​នៅ​កំភួនដៃ ដោយ​ត្រួត​តៗ​គ្នា ដូចជា​រេស្ស​ត៍​។​

​រូបភាព ១-៣ : កងជើង​របស់​ស្ត្រី​ព្នង នៅ​លាវ និង វៀតណាម​ខាងត្បូង រវាង ១៩៥០ និង ១៩៦៥ (​ឯកសារ បារាំង​)

​សូមជម្រាបថា ជនជាតិ​ខ្មែរ​លើ​ពី​ដើម​មិន​ទិញ​កងដៃ កងជើង​មកពី​ក្រៅ​នោះ​ទេ ពួកគេ​ផលិត​ខ្លួនឯង​ដោយ​ដំ​ពន្លូត​លោហធាតុ​រ៉ែ​ឲ្យក្លាយ​ទៅ​ជា​គ្រឿងអលង្កា​ទាំងនោះ សម្រាប់​ជូត​ឲ្យ​កូនចៅ​របស់​ពួកគេ​ដែល​ពេញវ័យ​ក្រមុំ​។ ជា​ព័ត៌មាន​បន្ថែម​ថ្មីៗ​នេះ នៅ​ស្ថានីយ៍​ស្រែអំពិល ស្រុក​គៀនស្វាយ រាជធានី​ភ្នំពេញ គេ​ក៏​បាន​រកឃើញ​ប្រភេទ​កងដៃ​សំរិទ្ធិ ដែល​ធ្លាប់​មាន​នៅ​ស្ថានីយ៍​ស្នាយ​, ស្វាយចេក​, សូ​ភី​ព្រៃ​ក្មេង និង​នៅ​ស្ថានីយ​មួយចំនួនទៀត​នៅ​ប្រទេស​ថៃ​។ នៅក្នុង​តំបន់​ព្រៃភ្នំ ក្រៅពី​កងដៃ​ធ្វើ​អំពី​លោហធាតុ ក៏​មាន​ការពេញនិយម​នូវ​កងដៃ​ធ្វើ​អំពី​ខ្សែ​វ​ល្លិ៍ព្រៃ ដែល​គេ​យក​ខ្សែ​វល្លិ៍​មក​ដង្គួ​ញ វេញ​គ្នា​ជា​ពីរ​បី​ធ្លុង ទើប​យក​ទៅ​ពាក់​នៅ​កងដៃ​។​

​គប្បី​គួរ​រំលឹក​ផង​ដែរ​ថា ការប្រើ​កងដៃ​បែប​ស្ត្រី​ខ្មែរ​ក៏​ត្រូវបាន​ជួបប្រទះ​នៅ​តំបន់​សៀមរាប​អង្គរ​ផងដែរ ជាពិសេស​នៅ​សម័យអង្គរ ដូច​វត្តមាន​របស់​ចម្លាក់​លើ​ប្រាសាទលលៃ ក្នុង​រាជ​របស់​ព្រះបាទ​យ​សោ​វរ្ម័នទី​១ ជា​សក្ខីកម្ម​ស្រាប់​។​

​ប្រការ​មួយ​ទៀត ដែល​គប្បី​យើង​ត្រូវ​រំលឹក គឺ​ថ្វីត្បិតតែ​សព្វថ្ងៃនេះ កងដៃ កងជើង​ធ្វើ​អំពី​លោហធាតុ ត្រូវបាន​ជំនួស​ដោយ​ខ្សែ​អំបោះ​តែ​មួយ​នៅ​កញ្ចឹងក​ដៃ​ក្តី ក៏ប៉ុន្តែ​អត្ថន័យ​ពិសិដ្ឋ​ត្រូវបាន​រក្សា​ទុក​យ៉ាង​ខ្ជាប់ខ្ជួន​៕ (​ម​.​ត្រា​ណេ​)​

×