ខេត្តបន្ទាយមានជ័យ ៖ គ្រឿងក្នុងជ្រូកជាងកន្លះតោន ដឹកតាមរថយន្តទួរីស ១ គ្រឿង នាំពីប្រទេសថៃចូលមកកម្ពុជា ខូចគុណភាពត្រូវបានកម្លាំងនគរបាល ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបង្ក្រាប និង ឃាត់ខ្លួនអ្នកបើករថយន្ត ១ នាក់ បញ្ជូនមកកាន់ស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ ដើម្បី ត្រួតពិនិត្យ និង ចាត់ការតាមផ្លូវច្បាប់ ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅម៉ោង ៤ និង ៣០ នាទីរសៀល ថ្ងៃ ទី ២០ ខែមិថុនា ឆ្នាំ ២០១៩ លើកំណាត់ ផ្លូវជាតិលេខ ៥ ស្ថិតនៅក្នុងភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំកម្លាំងបង្ក្រាបផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការរង ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួល នីតិវិធីពីលោកមាសច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រីចាប សុផាប្ញទ្ធិ ប្រាប់ឱ្យដឹងថា ការបង្ក្រាបរថយន្តម៉ាក Toyota alphard ពណ៌ស ពាក់ផ្លាកលេខបន្ទាយមាន ជ័យ 2B-6779 អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោ ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់នៃការនាំចូលម្ហូបអាហារខូចគុណភាពខុសច្បាប់ បង្កគ្រោះថ្នាក់សុខភាពប្រជាពលរដ្ឋខ្មែរ ។ ក្រោយពីមានប្រជាពលរដ្ឋប្តឹងរាយការណ៍មកថា រថយន្តខាងលើនោះ បានលួចដឹកគ្រឿងក្នុងជ្រូកខូចគុណភាព ចេញពីក្រុងប៉ោយប៉ែតឆ្ពោះទៅរាជធានីភ្នំពេញ ។
លោកអាត់ ខែម ស្នងការនគរបាលខេត្ត បានប្រាប់ឱ្យដឹងថា ការត្រួតពិនិត្យជាក់ស្តែងការនាំចូលគ្រឿងក្នុង ជ្រូកទាំងនោះ គ្មានលិខិតអនុញ្ញាតនាំចូល និងគ្មានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញនោះឡើយ ។ គ្រឿងក្នុងជ្រូកសរុប ១២ កេស ស្មើនឹង ៥៧២ គីឡូក្រាម ក្នុងនោះមានពោះជ្រូក ២០០ គីឡូក្រាម , ត្រចៀកជ្រូក ១៨០ គីឡូក្រាម បេះដូង ជ្រូក ១៥០ គីឡូក្រាម ឆ្អឹងជំនីរ ជ្រូក ២២ គីឡូក្រាម និង ពោះវៀនធំ ២០ គីឡូក្រាម ។
លោក ឧត្តមសេនីយ៍ត្រី ចាប សុផាឫទ្ធិ ប្រាប់ឱ្យដឹងទៀតថា បើតាមចម្លើយសារភាពពីអ្នកបើកបររថយន្ត ឈ្មោះ គូ លាង ចិន ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិ ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ប្រាប់ សមត្ថកិច្ចថា រូបគេប្រកបមុខរបរអ្នករត់តាក់ស៊ី ទើបតែស៊ីឈ្នួលដឹកគ្រឿងក្នុងជ្រូក លើកទី ១ ឱ្យថៅកែនៅភ្នំពេញ ស៊ីឈ្នួលដឹក១កេស ២៥.០០០ រៀល ដោយមិនដឹងថា ជាគ្រឿងក្នុងជ្រូកមានច្បាប់ ឬអត់ច្បាប់នោះទេ ។
លោកស្នងការរងបញ្ជាក់ឱ្យដឹងទៀតថា គ្រឿងក្នុងជ្រូកជាងកន្លះតោននេះ រង់ចាំឱ្យមន្ត្រីជំនាញកាំកុងត្រូល ចុះមកធ្វើការត្រួតពិនិត្យ ក្រែងមានការលាយផ្សំនូវសារធាតុគីមី និងសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីយកទៅដុតកម្ទេចចោល ៕ ដោយ ៖ កូឡាប