ភ្នំពេញ ៖ ជនសង្ស័យម្នាក់កាលពីមុនគឺត្រឹមជាមុខសញ្ញាលួចកំប៉ិកកំប៉ុក និងធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការកាត់ទោសឲ្យជាប់គុកមួយរយៈពេលកន្លងមកហើយ។ លុះក្រោយពីចេញពីគុកវិញ មិនត្រឹមតែមិនព្រមរាងចាលថែមទាំងចេះជំនាញខាង ចោរកម្មនេះយ៉ាងស្ទាត់រហូតក្លាយទៅជាមេខ្លោង តែងតែធ្វើសកម្មភាពកាប់ វាយប្លន់យកលុយព្រមទាំងម៉ូតូ និងឆក់កាបូបនៅតាម ដងផ្លូវយ៉ាងសកម្ម ជាពិសេសភាគច្រើនឆក់ប្លន់កាបូបជនបរទេយ៉ាងកក្រើកបានសម្រេចរាប់ដងមិនអស់ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនសែនជ័យ នៅទីតាំងធ្វើសកម្មភាពញឹកញាប់ជាងគេនោះគឺ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដង ទើបតែពេលនេះត្រូវកម្លាំងនគរបាលខណ្ឌ ពោធិ៍សែនជ័យបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឆ្មក់ចូលទៅចាប់ខ្លួនបាន។
ការចាប់ខ្លួននោះ បានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងភូមិភូមិសាមគ្គី សង្កាត់ង្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ រុន តរៈសេត អាយុ១៩ឆ្នាំ គ្មានមុខរបរមេចោរប្លន់ និងឆក់ សព្វថ្ងៃស្នាក់នៅក្នុងភូមិ កើតហេតុខាងលើ។ ក្រោយពីឃាត់ខ្លួននគរបាលដកហូតបានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ក្រហម១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1HR-6715 ដែលជននេះប្រើជាមធ្យោបាយ ចេញធ្វើសកម្មភាពកាប់ប្លន់ និងឆក់រាល់ថ្ងៃ។
ដោយឡែកស្ត្រីម្នាក់ដែលជាសាច់ញាតិក៏ត្រូវបាននគរបាល ឃាត់ខ្លួន នាំទៅសាកសួរដែរ ព្រោះគាត់បានរារាំងយ៉ាងខ្លាំងដល់ការងាររបស់កងកម្លាំងដែលកំពុងចុះចាប់ជនសង្ស័យខាងលើ។ នគរបាលបាននិយាយថា ជនសង្ស័យម្នាក់នេះ កាលពីអតីតគឺគ្រាន់តែជាចោរលួចរបស់របរកំប៉ិកកំប៉ុកប៉ុណ្ណោះ ហើយក៏លួចមិនរើសមុខ ហើយក្រោយមកត្រូវបានជាប់ពន្ធនាគារមួយរយៈពេលពីបទលួច។ លុះក្រោយពេលបានចេញពីគុកវិញមិនបានរាងចាល ហើយរឹតតែមានជំនាញខាងចោរកម្មកាន់តែខ្លាំងឡើងថែមទៀត ដោយបានបង្កើតក្រុមចេញធ្វើ សកម្មភាពវាយ និងកាប់ប្លន់យកម៉ូតូតាមផ្លូវព្រមទាំងឆក់កាបូបយ៉ាងសកម្មបំផុត ជាពិសេស ប្រព្រឹត្តទៅលើជនបរទេសភាគច្រើនជនជាតិចិនដែលរងគ្រោះច្រើនជាងគេ។ ការចាប់ជននេះ យោងតាមដីកា បង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ។ បន្ទាប់មកនគរបាលបានបញ្ជូនជននោះ ទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ដោយ៖កូឡាប