ខេត្តព្រះសីហនុ៖ មន្ត្រីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា ចំនួនមនុស្សស្លាប់ ដោយឧប្បត្តិវហេតុបាក់ស្រុតអាគារកំពស់ ៧ជាន់ នៅខេត្តព្រះសីហនុ គិតមកដល់ម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ មានចំនួនមនុស្សស្លាប់បានកើនដល់ ២០នាក់ ស្រី៤នាក់ និងរបួសធ្ងន់ស្រាល ២៤នាក់ ស្រី២នាក់ សរុបមានចំនួន៤៤នាក់។
អាគារដែលបាក់រលំខាងលើនេះ មានបណ្តោយ ៣០ម៉ែត្រ ទទឹង ១៥ម៉ែត្រ និងមានកំពស់ ៧ជាន់ មានទីតាំងក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយបានបាក់ កាលពីម៉ោងជិត៥ព្រឹកថ្ងៃទី២២ ខែមិថុនា។
យ៉ាងណាក៏ដោយចុះ កម្លាំងសមត្ថកិច្ចចម្រុះមកពីស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ និងមានកម្លាំងមកពីក្រុមហ៊ុនសំណង់ការដ្ឋានជនជាតិចិនមួយចំនួនទៀត ក៏បានចូលរួមសហការកាយកកាកសំណល់សំណង់អាគារបាក់បែកនោះ ដើម្បីជួយសង្គ្រោះជនរងគ្រោះ ជាមួយកម្លាំងចម្រុះ របស់កម្ពុជាផង បានបន្តមកដល់យប់ថ្ងៃទី២៣ ខែមិថុនានេះ។ ហើយថា រហូតមកដល់ពេលនេះ ក្រុមសង្គ្រោះគ្រប់ស្ថាប័ន កំពុងបន្តការងារជួយសង្គ្រោះចេញពីគំនរអាគារបាក់រលំ ទាំងយប់ដោយយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់៕ ដែន សីមា