Thursday, January 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជ្រើសរើស​អ្នក​និយាយ​ភាសា​ចិន​ឆ្នើម​ ផ្នែក​សណ្ឋាគារ​ក្នុង​វិស័យ​ទេសចរណ៍​ប្រចាំឆ្នាំ​២០១៩

​ភ្នំពេញ​៖ ក្រសួង​ទេសចរណ៍​បាន​សហការ​ជាមួយ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រៀបចំ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​អ្នក​និយាយ​ភាសា​ចិន​ឆ្នើម​ក្នុង​វិស័យ​ទេសចរណ៍​ផ្នែក​សណ្ឋាគារ​ប្រចាំឆ្នាំ ២០១៩ នៅ​ស្ថានីយ៍​ទូរទស្សន៍​ជាតិ​កម្ពុជា ក្រោម​អធិបតីភាព​លោក​ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​នៃ​ក្រសួង​ទេសចរណ៍ និង​លោក Zhong Jifa លេខា​ទូ​តទី​១ នៃ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​នា​រសៀល​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៩​។​

​ការរៀបចំ​ការប្រកួត​អ្នក​និយាយ​ភាសា​ចិន​ឆ្នើម​នេះ​ឡើង​គឺ​ដើម្បី​ចូលរួម​លើក​កម្ពស់ និង​ពង្រឹង​គុណភាព​ទេសចរណ៍​ផ្នែក​សេវាកម្ម​ស្នាក់នៅ ពិសេស​ការត្រៀម​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ទេសចរ​ចិន (China-Ready) ដែល​ជា​ទីផ្សារ​ទេសចរណ៍​ដ៏​ធំចម្បង និង​កំពុង​មាន​និន្នាការ​កើន​ឡើង​ខ្លាំង​នៅ​កម្ពុជា ក៏ដូចជា​ពិភពលោក​ទាំងមូល​។​

​បេក្ខជន​ដែល​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​មាន​ចំនួន ១២ នាក់ មកពី ០៣ រាជធានី​ខេត្ត និង ១០ សណ្ឋាគារ ដោយ​បាន​ឆ្លងកាត់​ការប្រកួត​វគ្គ​ជំ​រុះ​ចំនួន ០៣ ដង​។ បន្ទាប់​ពី​គណៈកម្មការ​បាន​ដាក់​សំនួរ​អោយ​បេក្ខជន​ឡើង​បកស្រាយ ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​គណៈអធិបតី និង​គណៈកម្មការ​រួចមក ជា​លទ្ធផល បេក្ខជន​ទទួលបាន​ជ័យលាភី​មាន​ចំនួន ១២​រូប ដែល​មានឈ្មោះ​ដូច​ខាងក្រោម ៖

-​លេខ​១.​លោក តាន់ គីម​សួរ មកពី សណ្ឋាគារ​ឃ្វីន​កូរ (​ខេត្ត​ព្រះសីហនុ​)

-​លេខ​២. លោក ឈួ​រ កុក មកពី សណ្ឋាគារ​ខ្សាច់​ស (​ខេត្ត​ព្រះសីហនុ​)

-​លេខ​៣. លោក តាំង ហួង​លាង មកពី សណ្ឋាគារ​ព្រីម​ថា​មស៍ (​ខេត្ត​ព្រះសិហនុ​)

-​លេខ​៤. កញ្ញា ជា សុខ​ណា មកពី សណ្ឋាគារ​ខ្សាច់​ស (​ខេត្ត​ព្រះសីហនុ​)

-​លេខ​៥. កញ្ញា ជេ​ន ឡា​វីត មកពី សណ្ឋាគារ Rose Wood (​រាជធានី​ភ្នំពេញ​)

-​លេខ​៦. លោក យិន វ៉ាន់ឈី មកពី សណ្ឋាគារ ឡឺ​មេរី​ឌៀន (​ខេត្តសៀមរាប​)

-​លេខ​៧. លោក ង៉ែ អ៊ុយ​ហេង មកពី សណ្ឋាគារ W.E Boutique (​រាជធានី​ភ្នំពេញ​)

-​លេខ​៨. លោក ប៉ុន សុ​វណ្ណៈ មកពី សណ្ឋាគារ​អង្គរ​មី​រ៉ា​ខ​ល (​ខេត្តសៀមរាប​)

-​លេខ​៩. លោក ឆេង ហួរ មកពី សណ្ឋាគារ​រី​ចេន​ស៊ី (​ខេត្តសៀមរាប​)

-​លេខ​១០. លោក ហេង រំ​ហើយ មកពី សណ្ឋាគារ​អង្គរ​សិន​ជូ​រី (​ខេត្តសៀមរាប​)

-​លេខ​១១. កញ្ញា ជេ​ន ឡា​វីន មកពី សណ្ឋាគារ Rose Wood (​រាជធានី​ភ្នំពេញ​)

-​លេខ​១២.​លោក កូយ សុជាតិ មកពី សណ្ឋាគារ XIANG CHOU INN (​រាជធានី​ភ្នំពេញ​)

​សូម​ជម្រាប​ជូន​ថា បេក្ខជន​ជ័យលាភី​ទាំង​១២​រូប ក៏​ទទួលបាន​នូវ​រង្វាន់​លើកទឹកចិត្ត​ពី​ក្រសួង​ទេសចរណ៍ និង​ស្ថានទូត​ចិន​ផង​ដែរ មានដូចជា ទូរស័ព្ទ​ដៃ​ម្នាក់ ០១​គ្រឿង ម៉ាស៊ីន​បោក​សម្លៀកបំពាក់ ម៉ាស៊ីន​ចំអិន​សាច់ និង​សំភារៈ​ប្រើប្រាស់​មួយចំនួនទៀត អាស្រ័យ​ទៅតាម​ចំណាត់​ថ្នាក់​ជ័យលាភី​។​

​គួរកត់សម្គាល់​ផងដែរ​ថា ក្រសួង​ទេសចរណ៍ នឹង​បន្ត​រៀបចំ​ការប្រឡងប្រណាំង​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​លើ​ជំនាញ និង​ភាសា​ផ្សេងៗ​ទៀត នាពេលខាងមុខ​។ ដោយឡែក​សម្រាប់​ទិដ្ឋភាព​ទាំងស្រុង​នៃ​ការប្រឡង​វគ្គ​ផ្តាច់ព្រ័ត្រ​អ្នក​និយាយ​ភាសា​ចិន​ឆ្នើម​ផ្នែក​សណ្ឋាគារ​ក្នុង​វិស័យ​ទេសចរណ៍​ឆ្នាំ​២០១៩ នេះ នឹង​មាន​ការចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា​នា​ពេលខាងមុខ​នេះ​ផងដែរ​៕​ ​ដោយ​៖​កូឡាប​

 

×