Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សាធារណការ រក​ឃើញ​រថយន្ត​កុងតឺន័រ​ដឹកទំនិញ​ចេញចូល​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មួយចំនួន ល្មើស​បច្ចេកទេស​

​ភ្នំពេញ ​៖ ​ក្រសួង​សាធារណការ បាន​បន្ត​យុទ្ធនាកា​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត និង​ប័ណ្ណបើកបរ​របស់​អ្នកបើកបរ​រថយន្ត​កុងតឺន័រ និង​អ្នក​រថយន្ត​ដឹក​ទំនិញ​ចេញ​ចូល​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដោយ​ត្រួតពិនិត្យ​រថយន្ត​សរុប ចំនួន​១១៥​គ្រឿង​ដែល​បាន​ត្រួតពិនិត្យ រថយន្ត​ល្មើស​សរុប ចំនួន​០៥​គ្រឿង រថយន្ត​ត្រឹមត្រូវ ចំនួន​១១០​គ្រឿង ចំនួន​ទឹកប្រាក់​ពិន័យ សរុប ៤.៨០០.000​រៀល​។​

​នា​ថ្ងៃ​អង្គារ ៨​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ លោក​សេង ឈួន រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ ត្រួតពិនិត្យ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក នៅក្នុង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ដឹកនាំ​ក្រុមការងារ កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​រឹតបន្តឹង​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត និង​ប័ណ្ណបើកបរ​របស់​អ្នកបើកបរ​រថយន្ត និង​អ្នក​រថយន្ត​ដឹក​ទំនិញ​ចេញ​ចូល​កុងតឺន័រ​បរិវេណ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​

​ក្រសួង​សាធារណការ បានឲ្យដឹងថា ការចុះ​ត្រួតពិនិត្យ​រឹតបន្តឹង​នេះ​មាន​គោលបំណង​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ ដែល​មាន​ដូចជា​៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន​ឱ្យ​បាន​ស្ថិតស្ថេរ គង់វង្ស រឹងមាំ ប្រើប្រាស់​ជាប់​បាន​យូរអង្វែង​តាម​អាយុកាល ស្របតាម​ស្តង់ដារ​បច្ចេកទេស​សាងសង់​កំណត់ និង​ក៏​ដូចជា​ដើម្បី​រួមចំណែក​ក្នុង​ការទប់ស្កាត់ និង​ការ បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។​

​សូម​ជម្រាប​ជូន​ថា​៖ ក្រុម​ការងារ​នេះ​បានចាប់ផ្តើម​ត្រួតពិនិត្យ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ធ្វើ​ការពិន័យ​អន្តរ​ការ និង​កែតម្រូវ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ចំពោះ​យានយន្ត​ធុន​ធ្ងន់ និង អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងឡាយណា ដែល​មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ដូច​មានចែង​ក្នុង​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន នៅ​តាម​គោលដៅ​ដើមទី​ក្នុង​កំពង់ផែ ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ចាប់ពី​ថ្ងៃ​សៅរិ៍ ១៣​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩​តទៅ​។​

​ជាមួយគ្នា​នេះ​ផង​ដែរ គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​រំលឹក​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ ឱ្យ​ចូលរួម​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ដោយ​ស្មារតី​រួមសហការ និង​ទទួលខុសត្រូវ​ខ្ពស់​។​

​ជា​លទ្ធផល ក្រុមការងារ​ត្រួតពិនិត្យ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នៅ​គោលដៅ​ដើមទី​ក្នុង​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ បាន​រកឃើញថា​៖ រថយន្ត​សរុប ចំនួន​១១៥​គ្រឿង​ដែល​បាន​ត្រួតពិនិត្យ រថយន្ត​ល្មើស​សរុប ចំនួន​០៥​គ្រឿង រថយន្ត​ត្រឹមត្រូវ ចំនួន​១១០​គ្រឿង​។ ចំនួន​ទឹកប្រាក់​ពិន័យ សរុប ៤.៨០០.000​រៀល​៕​ ដោយ​៖​កូឡាប​

 

×