Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ស៊ុន ចាន់ថុល បាន​ជំរុញ​ឱ្យ​មន្ត្រីក្រោមឱវាទ​លើ​កិច្ចការងារ​ថែទាំ​ផ្លូវ​ស្ពាន​ដែល​ត្រូវ​ដល់​អាយុ

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជំរុញ​ឱ្យ​មន្ត្រីក្រោមឱវាទ​លើ​កិច្ចការងារ​ថែទាំ​ផ្លូវ​ស្ពាន​ដែល​ត្រូវ​ដល់​អាយុ និង​រៀបចំ​លិខិតបទដ្ឋាន​អនុវត្ត​ការងារ​ដឹកជញ្ជូន និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ បន្ថែម​លើ​ការរៀបចំ​ផែនការមេ​ភស្តុភារ​កម្ម​កម្ពុជា​។​

​ថ្ងៃ​ពុធ ៩​រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ​ក្រសួង និង​មន្ត្រី​អង្គភាព​ក្រោម​ឱវាទ​។

​កិច្ចប្រជុំ​នេះ​ផ្តោតជាសំខាន់​លើ​ការប្រមូល​ធាតុ​ចូល​ពី​បណ្តា​អង្គភាព​ពាក់ព័ន្ធ​នានា​ដាក់ចូល​ទៅក្នុង​ផែនការមេ​ថ្នាក់ជាតិ​ស្តីពី​ការដឹកជញ្ជូន​ភស្តុភា​រកម្ម ការពិនិត្យ​ឡើងវិញ​វិធានការ និង​នីតិវិធី​សាងសង់​ផ្លូវ​ឱ្យបាន​រឹងមាំ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើឱ្យ​បញ្ចូល​ក្នុង​ផែនការមេ​ថ្នាក់ជាតិ​នូវ​គម្រោង​ផ្លូវ​សាងសង់​ពី​ខេត្តកំពង់ឆ្នាំង ទៅ​ខេត្តកំពង់ធំ​ដែល​ទទួលបាន​ការឯកភាព​ពី​សម្តេចនាយក​រដ្ឋមន្ត្រី​រួចហើយ គម្រោង​សិក្សា​សាងសង់​ផ្លូវ ប៉ូល​សេដ្ឋកិច្ច​រវាង​ខេត្តសៀមរាប និង​បាត់ដំបង​ដែលមាន​ផលប្រយោជន៍​ច្រើន គម្រោង​សាង់សង់​ផ្លូវដែក ពី​ភ្នំពេញ​ទៅ​បាវិត និង​ផែនការមេ​កំពង់ផែ​ក្រុងព្រះសីហនុ​ផងដែរ​។

​លោក​ទេសរដ្ឋមន្ត្រី​បាន​ស្នើឱ្យ​មន្ត្រីក្រោមឱវាទ​ទាំងអស់ និង​ក្រុមការងារ​បច្ចេកទេស​សាងសង់​ផ្លូវ​ពិនិត្យឡើងវិញ​នូវ​វិធានការ និង​នីតិវិធី​សាងសង់​ឱ្យបាន​ម៉ត់ចត់ ជាពិសេស​ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៣ និង​គម្រោង​សាងសង់​ផ្លូវ​កំពុង​អនុវត្ត​នានា ធ្វើយ៉ាងណា​ឱ្យ​គុណភាព​ផ្លូវ​មាន​ភាពរឹងមាំ ប្រើប្រាស់​ជាប់​បានយូរ​ស្របតាម​ស្តង់ដា​ដែល​អាច​ទទួលយកបាន​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​មន្ត្រី​ក្រសួង​ទាំងអស់ ក៏ដូចជា​ប្រជាពលរដ្ឋ​ដោ​ន​ឡូត​កម្មវិធី​ថែទាំ​ផ្លូវ ROAD CARE Mobile App ដើម្បី​ប្រើប្រាស់​ក្នុងការ​រាយការណ៍​ផ្លូវ​ជង្ហុក​សំបុកមាន់ និង​ផ្លូវ​ខូច និង​បាន​ណែ​នាំឱ្យ​ប្រធាន​មន្ទីរ​ទាំង​២៥​រាជធានី​-​ខេត្ត​ទាំងអស់ ប្រកបដោយ​ទំនួល​ខុសត្រូវ​ចំពោះ​បណ្តាញ​ផ្លូវថ្នល់​ដែល​ឋិត​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​មិន​ថា​ផ្លូវ​នោះ​ជា​ផ្លូវ​របស់​ក្រុមហ៊ុន ឬ​ស្ថាប័ន​ណា​ជា​អ្នក​សាងសង់​ទេ​។​

​ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឱ្យ​ក្រុមការងារ​ត្រួតពិនិត្យ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នៅ​គោលដៅ​ដើមទី​ក្នុង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ចាត់វិធានការ​តឹងរឹង និង​ពិនិត្យ​លទ្ធភាព​ឈានទៅរក​ការបិទ​អាជីវកម្ម​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ធុន​ធ្ងន់​ទាំងឡាយណា​ដែល​ចេញចូល​កំពង់ផែ​ស្វយ័ត​ទាំងនេះ មិន​អនុវត្តតាម​ការណែនាំ កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ធ្វើឱ្យ​ខូចខាត​ផ្លូវ ដើម្បី​ទុកជា​ការព្រមាន ដែល​ទាំងនេះ​ជា​អ្វីដែល​យើង​ត្រូវ​សម្រេច​អោយបាន​តាមច្បាប់​កំណត់ និង​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ៕ ដោយ​៖​កូ​ឡាប

×