ប្រធានផ្នែកឌីហ្សាញរបស់ក្រុមហ៊ុន Apple គឺលោក Jony Ive នឹងបញ្ចប់អាជីពរបស់លោកនៅក្រុមហ៊ុន ដើម្បីបង្កើតក្រុមហ៊ុនឌីហ្សាញផ្ទាល់ខ្លួនវិញម្តង។ លោក Jony Ive ដែលបានធ្វើការអោយ Apple តាំងពីឆ្នាំ ១៩៩២ មក បានដើរតួយ៉ាងសំខាន់ក្នុងការឌីហ្សាញផលិតផលជាច្រើនអោយក្រុមហ៊ុន ដូចជា iPhone និង iPod ជាដើម។
លោក Jony Ive នឹងចាកចេញនៅចុងឆ្នាំនេះ ដើម្បីបង្កើតក្រុមហ៊ុនឌីហ្សាញឯករាជ្យមួយ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Apple នៅក្នុងសេចក្តីប្រកាស។ ទោះយ៉ាងណា លោកនឹងនៅតែបន្តធ្វើការសហការជាមួយនឹងក្រុមហ៊ុនដដែល។
ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វញ៉ា បញ្ជាក់ទៀតថា “លោក Jony Ive នឹងធ្វើការលើគម្រោងផ្ទាល់ខ្លួន ប៉ុន្តែលោកនៅតែបន្តធ្វើកិច្ចការយ៉ាងជិតស្និទលើគម្រោងជាច្រើនជាមួយនឹងក្រុមហ៊ុន Apple”។
សូមរម្លឹកថា ចាប់តាំងពីបានចូលរួមជាមួយនឹង Apple ក្នុងឆ្នាំ ១៩៩២មក លោក Jony Ive បានសម្រេចសមិទ្ធិផលយ៉ាងច្រើនអោយក្រុមហ៊ុន ដោយលោកបានធ្វើការឌីហ្សាញលើ iPod, iPhone, iPad, Macbook និងប្រព័ន្ធកម្មវិធី iOS ផងដែរ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia