(ភ្នំពេញ) ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចប្រជុំសហព័ន្ធឧស្សាហកម្មវាយនភណ្ឌអាស៊ាន ដែលរៀបចំឡើងនៅសណ្ឋាគារសុខា និងរ៉េស៊ីដេន រាជធានីភ្នំពេញ រយៈពេល ២ថ្ងៃកន្លងមកនេះ ថាសម្រេចបានលទ្ធផលគាប់ប្រសើរ ជាមួយអត្ថប្រយោជន៍រួមសម្រាប់គ្រប់ភាគីពាក់ព័ន្ធ នៅក្រោមស្មារតីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ការលើកឡើងរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំសហព័ន្ធឧស្សាហកម្មវាយនភណ្ឌអាស៊ាន លើកទី៤២ និងកិច្ចប្រជុំកំពូល លើកទី៣៩ (the ASEAN Federation of Textile Industries-AFTEX 42th Council Meeting and 39th Plenary Session) កាលពីព្រឹកថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ ដែលមានការចូលរួមពីលោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមកាត់ដេរនៅកម្ពុជា និងលោក ផុងសាក់ អាសសាកុល (Phongsak Assakul) ប្រធានកិត្តិយសសហព័ន្ធឧស្សាហកម្មវាយនភណ្ឌអាស៊ាន ព្រមទាំងសមាជិក-សមាជិកាជាង ៣០រូប។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងកសាងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្ម និងការអនុវត្តបញ្ជរអាស៊ានតែមួយ ដើម្បីជំរុញការធ្វើសមាហរណកម្មទំនិញ និងសេវាកម្ម ចូលទៅក្នុងបណ្តាញផលិតកម្មកម្រិតតំបន់ និងពិភពលោក ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់សហព័ន្ធឧស្សាហកម្មវាយនភណ្ឌអាស៊ាន និងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ទាំងមូល។
លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធី អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា ក្នុងរយៈពេលជាង២ទស្សវត្សចុងក្រោយ នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានជួយឱ្យកម្ពុជា មានការផ្លាស់ប្តូរយ៉ាងល្អប្រសើរ ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ហើយត្រូវបានមជ្ឈដ្ឋានអន្តរជាតិ ជាពិសេសធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ចាត់ទុកជាខ្លាថ្មីនៅអាស៊ី៕ ដោយ៖កូឡាប