ភ្នំពេញ៖ កំណាត់ផ្លូវ៥ខ្សែ ប្រព័ន្ធលូ ការស្តារប្រឡាយ និងការបាញ់ថ្នាំសម្លាប់មូសត្រូវបាន លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ប្រកាសផ្តល់ជូនប្រជាពលរដ្ឋនៅសហគមន៍ត្រពាំងអញ្ចាញ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ដើម្បីសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅសហគមននេះអោយបានប្រសើរឡើងមួយកម្រិតថែមទៀត។
ការប្រកាសក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋក្នុងសហគមន៍ខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ធ្នូនេះ ខណៈដែរ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អមដំណើរដោយលោកហែម ដារិទ្ធិអភិបាលខណ្ឌពោធិសែនជ័យ ចុះសួរសុខទុក្ខនិងពិនិត្យស្ថានភាពប្រជាពលរដ្ឋរស់នៅសហគមន៍ត្រពាំងអញ្ចាញនេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ការអញ្ជើញចុះតាមមូលដ្ឋាននាចុងសប្តាហ៍នេះ របស់លោកឃួង ស្រេងធ្វើឡើងដើម្បីស្វែងយកពីការរស់នៅរបស់ប្រជាពលរដ្ឋ ស្តាប់ការសំណូមពររបស់ប្រជាពលរដ្ឋ និងពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ ហើយបើមានអ្វីដែលត្រូវជួយបានគឺរដ្ឋបាលរាជធានីជួយភ្លាមៗតែម្តង។
ក្នុងការចុះតាមមូលដ្ឋាននេះ ពោលគឺក្រោយពីពិនិត្យមើលពីស្ថានភាពជាក់ស្តែងនៅក្នុង សហគមន៍នេះហើយ អភិបាលរាជធានីភ្នំពេញបានសម្រេចប្រគល់នូវការស្ថាបនាផ្លូវចំនួន៥ខ្សែ ក្នុងនោះមានផ្លូវចាក់ជាបេតុងឆ្អឹងដែក២ខ្សែ ប្រវែងប្រមាណ១០០០ម៉ែត្រ ស្ថាបនាជាប្រភេទផ្លូវចាក់ថ្មម៉ិចចំនួន៣ខ្សែ ។ស្ថាបនាប្រព័ន្ធលូបង្ហូរទឹកប្រវែង៧០០ម៉ែត្រ ។ជានេះទៅទៀតលោកអភិបាលរាជធានីក៏បានបញ្ជាអោយលោកសាំ ពិសិដ្ឋ ប្រធាមមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដាក់គ្រឿងចក្រកាយប្រឡាយដើម្បីរំដោះទឹកចេញពីសហគមន៍នេះផងដែរ ខណៈដែលប្រឡាយមានលក្ខណៈរួមតូច មិនអាចរំដោះទឹកបានស្រួល។ក្រៅពីគិតគូរពីការកសាងហេដ្ឋារចនាសម្ព័ន្ធហើយនោះ នៅក្នុងឱកាសនោះដែរលោកឃួង ស្រេងក៏បានបញ្ជាអោយប្រធាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បាញ់ថ្នាំសម្រាប់សត្វមូសនៅក្នុងសហគមនជាច្រើននៅក្នុងខណ្ឌពោធិសែនជ័យនេះផងដែរ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ការអញ្ជើញចុះតាមមូលដ្ឋាននាចុងសប្តាហ៍នេះរបស់លោកឃួង ស្រេងធ្វើឡើងដើម្បីស្វែងយកពីការរស់នៅរបស់ប្រជាពលរដ្ឋ ស្តាប់ការសំណូមពររបស់ប្រជាពលរដ្ឋ និងពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន ហើយបើមានអ្វីដែលត្រូវជួយបានគឺរដ្ឋបាលរាជធានីជួយភ្លាមៗតែម្តង៕ ដោយ៖កូឡាប