Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញា​ការកសាង​ធនធានមនុស្ស ដើម្បី​កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​

​កណ្ដាល​៖ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ប៊ិន ឈិន បាន​ថ្ងែងថា សាលារៀន​ជា​ថ្នាល​បណ្តុះបណ្តាល​យ៉ាងសំខាន់ សម្រាប់​អភិវឌ្ឍន៍ ធនធានមនុស្ស គ្មាន​ប្រទេស​ណាមួយ កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ បាន​រីកចំរើន​ដោយ​គ្មាន កម្លាំង​ធនធានមនុស្ស​នោះទេ​។​

​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ វិទ្យាល័យ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ពោធិ៍​អណ្តែត​ដើម​ឫស្ស ស្ថិតនៅក្នុង​ឃុំ​ដើម​ឫស្ស ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាស់វៃ និង​ប្រកបដោយ​គតិបណ្ឌិត​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុង​ការកសាង​ធនធានមនុស្ស ដោយ​បាន​កំណត់​យក​ការកសាង​ធនធានមនុស្ស​ជា​អាទិភាព ដោយ​ធានា​ឲ្យ​ប្រជាពលរដ្ឋ​យើង​ចូល​រៀន​ចប់​ថ្នាក់​ទី​៩​យ៉ាងតិច​។​

​ឧបនាយករដ្ឋមន្ត្រី បាន​បន្ថែមទៀតថា កន្លងមកនេះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់​រៀបចំ បណ្តាញ​សិក្សាធិការ​អប់រំ ដោយ​បាន​កសាង​អគារសិក្សា​រាប់ពាន់​ខ្នង ដើម្បី​បង្ខិត សាលា​ឲ្យបាន​ដល់​ជិត​ផ្ទះ ប្រជាពលរដ្ឋ នៅតាម​តំបន់​ជនបទ​ដាច់ស្រយាល ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ​បាន​ចូលរៀន​គ្រប់ៗ​គ្នា បង្កើន​ធនធានមនុស្ស​នៅ​កម្ពុជា ឲ្យបាន​សម្បូរបែប​។​

​ឧបនាយករដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស ត្រូវ​ខិតខំ​រៀនសូត្រ បើ​ទំនេរ ត្រូវ​អាន​សៀវភៅ ដើម្បី​បង្កើន​ចំណេះដឹង​របស់​ខ្លួន ឲ្យក្លាយ​ខ្លួន​ជា​កូន​ល្អ មិត្ត​ល្អ សិស្ស​ល្អ និង​ជា​ពលរដ្ឋ​ល្អ និង​ដើម្បី​ធ្វើ​ជា​ទំពាំង​ស្នង​ឫស្សី​ដ៏​ល្អ​សម្រាប់​ខ្លួនឯង និង​សង្គមជាតិ​ទៅ​អនាគត​។ ត្រូវ​ជៀសឲ្យផុត​ពី​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​នាំឲ្យ​មាន​គ្រោះថ្នាក់ ដល់​សុខភាព បោះបង់​ការសិក្សា កើតមាន​អំពើ​ហិង្សា លួច ឆក់ ប្លន់ ដែល​បង្ក​ឲ្យមាន​អសន្តិសុខ ដល់​សង្គម និង​ធ្វើឲ្យ​បាត់បង់​នូវ​កម្លាំង​ធនធានម​នុស្ស ក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ ព្រមទាំង​បណ្តាល​ឲ្យ​ប៉ះពាល់ ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ទៀតផង​។​

​បើ​តាម​លោក​ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល បាន​ថ្លែងថា សមិទ្ធផល ដែល​ត្រូវ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នា​ឱកាស​នេះ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន​
​អគារសិក្សា​១​ខ្នង ទំហំ ៦៦​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ កម្ពស់​៣​ជាន់ មាន​១៨ បន្ទប់ សាងសង់​ពី​បេតុង ប្រក់​ក្បឿង​។ អគារសិក្សា​១​ខ្នង ទំហំ ៦៦​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ កម្ពស់​២ ជាន់ មាន​១២ បន្ទប់ សាងសង់​ពី​បេតុង ប្រក់​ក្បឿង​ និង​របង ខ្លោងទ្វារ សួនច្បារ និង​ការរៀបចំ​សោភ័ណភាព​ក្នុង និង​ក្រៅ​បរិវេណ​សាលារៀន ព្រមទាំង​ការបំពាក់​គ្រឿង​បរិក្ខារ​៕ ដោយ​៖​កូឡាប​

×