មនុស្សរាប់ពាន់នាក់ ដែលជាអ្នកគាំទ្រ រដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើការប្រមូលផ្តុំគ្នា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីគាំទ្រ ដល់ប៉ូលិស នៅក្នុងទីក្រុងហុងកុង។
អ្នកតវ៉ាជាច្រើន ដែលស្លៀកពាក់ស និងខៀវ និងមានគ្រវីទង់ជាតិ ចិន បានធ្វើការជំទាស់ ទៅនឹងការតវ៉ា ប្រឆាំងច្បាប់ ធ្វើបត្យាប័ន ដ៏ចម្រូងចម្រាស់។
បើតាមប្រព័ន្ធផ្សព្វផ្សាយ អ្នកតវ៉ា ដែលគាំទ្រក្រុងប៉េកាំង មានប្រមាណ ១៦០.០០០នាក់ ដែលចំនួននេះ នៅតិចណាស់ បើធៀបទៅនឹងចំនួន ប្រជាជនហុងកុង ដែលធ្វើការតវ៉ាប្រឆាំង នឹងច្បាប់ធ្វើបត្យាប័ន ដែលមានជាង ២លាននាក់។
ទោះយ៉ាងណា វាគឺជាសញ្ញា ដែលបង្ហាញ ពីចលនាគាំទ្រ ទីក្រុងប៉េកាំង នៅក្នុងទឹកដីហុងកុង។
កាលពីពេលថ្មីៗនេះ អ្នកតវ៉ាប្រមាណជាង ២លាននាក់ នៅក្នុងទីក្រុងហុងកុង បានធ្វើការតវ៉ា ប្រឆាំងទៅនឹង សេចក្តីព្រាងច្បាប់ ធ្វើបត្យាប័ន ដែលកម្លាំងប្រជាជនហុងកុង ដ៏ច្រើន សម្បើមបែបនេះ បានធ្វើឲ្យរដ្ឋាភិបាល ហុងកុង សម្រចចិត្ត ធ្វើការពន្យារសេចក្តីព្រាងច្បាប់នោះ និងបានធ្វើការសុំទោស ផងដែរ។
សូមបញ្ជាក់ថា ប្រសិនជាច្បាប់ ធ្វើបត្យាប័ន ចូលជាធរមាន វានឹងអនុញ្ញាត ឲ្យមានការបញ្ជូនជនសង្ស័យ លើករណីរំលោភ និងសម្លាប់ ពីទីក្រុងហុងកុង ដើម្បីយកទៅកាត់ទោស នៅប្រទេសចិន បាន។
ទីក្រុងហុងកុង ស្ថិតក្រោមអាណានិគមន៍ របស់អង់គ្លេស រយៈពេល ១៥៦ឆ្នាំ ពីឆ្នាំ ១៨៤១ ដល់ឆ្នាំ ១៩៩៧។ ក្នុងឆ្នាំ ១៩៩៧ ទីក្រុងហុងកុង ត្រូវបានប្រគល់ត្រឡប់ ឲ្យចិនវិញ ក្រោមកិច្ចព្រមព្រៀង “ប្រទេសមួយ ប្រព័ន្ធ ពីរ”។ប្រភព៖ BBC៕ អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ