ខេត្តព្រះសីហនុ ៖ មន្ត្រីបំរើការងារ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្ននេះ ខេត្តព្រះសីហនុ មានជើងហោះហើរត្រង់ ចេញពីប្រទេសថៃ ឆ្ពោះមកកាន់អាកាសយាដ្ឋានអន្តរជាតិជាប់ឆ្នេរសមុទ្រមួយនេះជាផ្លូវការហើយ ។
មន្ត្រីដដែលបន្តថា ការហោះហើរជាលើកដំបូង បានចុះចតដោយសុវត្ថិភាព នៅម៉ោង ៣ និង ២០នាទី រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៩នេះ ។
មន្ត្រីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បញ្ជាក់ថា ជើងហោះហើរជាលើកដំបូងនេះ យន្តហោះក្រុមហ៊ុនទេសចរណ៍ថៃ បានដឹកភ្ញៀវចម្រុះជាតិសាសន៍ចំនួន ១៨០នាក់ ពីប្រទេសថៃ ចូលមកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
ព្រមជាមួយគ្នានេះ ក៏មានភ្ញៀវទិញសំបុត្រជិះយន្តហោះ ចេញពីអាកាសយានដ្ឋានខេត្តព្រះសីហនុ ហោះឆ្ពោះទៅកាន់ប្រទេសថៃវិញមានចំនួន១៧០នាក់ផងដែរ។
តាមមន្ត្រីក្រុមហ៊ុនអាកាសចរណ៍ បញ្ជាក់ថា ក្នុង១សប្តាហ៍មានការហោះហើរត្រង់ចេញពីប្រទេសថៃ ឆ្ពោះមកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសថៃចំនួន៤ថ្ងៃ គឺថ្ងៃ ចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ៕ ដែន សីមា