Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បែង​គ្រប​មាន់​

​ល្បែង​គ្រប​មាន់ (​អ្នកខ្លះ​គេ​ហៅថា ល្បែង​លាក់​មាន់​) ជា​ល្បែង​កំសាន្ត​មួយ​យ៉ាង​របស់​ពួក​កុមារា កុមារី​ជំទង់ៗ គ្រប់​ភូមិ​ស្រុក ទូទៅ​ទាំង​ប្រទេស​កម្ពុជា ដែល​តែងតែ​លេង​នៅពេល​ទំនេរ ក្នុង​វេលាយប់​ខែភ្លឺ ។ អ្នកលេង​មាន​ស្រី​មាន​ប្រុស​មាន​គ្នា​តាំងពី ៨ នាក់ ឬ ១០ នាក់​ម្ខាង​ឡើងទៅ ។ របៀង​លេង​គេ​ជ្រើស​យក​ក្មេងប្រុស​ម្នាក់​ស្រី​ម្នាក់ ក្នុង​បណ្ដាល​ពួកគេ​ទាំងពីរ​នោះ មក​គ្រប​សំពត់ ឬ​ក្រមា ឲ្យ​ជិត​ខ្លួន​តាំងពី​ក្បាល​ដល់​ចុងជើង ប៉ុន្តែ​កុំ​ឲ្យ​ស្គាល់​ជា​នរណា ហើយ​គេ​ឲ្យ​ក្មេង​ទាំងពីរ​នាក់​នោះ ក្រាប​បែរមុខ​រកគ្នា គឺ​ខាង​ប្រុស​តំណាង​មាន់​ឈ្មោល ខាង​ស្រី​តំណាង​មាន់​ញី ។​

​សកម្មភាព​របស់​អ្នកលេង ដូច​រូបភាព​នេះ ៖

​កាល​ក្រាប​ហើយ​គេ​ឲ្យ​ពួក​ខាង​ប្រុស​ម្នាក់​គោះ​ខ្នង​មាន់​ខាង​ស្រី​ឲ្យ​រងាវ មាន់​ខាង​ស្រី​រងាវ​ថា ‹​កិក​កិ​កែ​កឺ​ត​› ឡើង ដោយ​ខំ​ធ្វើ​សំលេង​ឲ្យ​ប្លែក​ពី​ធម្មតា ។ តែបើ​សា្ត​ប់​សូរ​មិនបាន​គេ​អាច​គោះ​ឲ្យ​រងាវ​បាន បី ដង​ពួក​ខាង​ប្រុស​ចាំ​ស្ដាប់​សំលេង​មាន់​ខាង​ស្រី​នោះ ហើយ​គេ​ទាយ​តាម​ឈ្មោះ​មនុស្ស​ស្រី​ដែល​គេ​ស្គាល់ ទាយ​ហើយ​គេ​បើក​គំរប​ឡើង បើ​ត្រូវគេ​យក​មាន់​នោះមក​ទុកជា​របស់គេ រួចហើយ​ខាង​ស្រី​គោះ​មាន់ ខាង​ប្រុស​ឲ្យ​រងាវ​ម្ដង ។ មាន់​ខាង​ប្រុស​រងាវ​ថា ‹​កិក​កិ​កែ​កឺ​ត​› ដូចគ្នា ។ ពួក​ខាង​ស្រី​ចាំ​ស្ដាប់​សំលេង​មាន់​ខាង​ប្រុស​នោះ ហើយ​គេ​ទាយ​តាម​ឈ្មោះ​មនុស្ស​ប្រុស ដែល​គេ​ស្គាល់​បើ​ខាង​ស្រី​ទាយ​ត្រូវ ខាង​ប្រុស គេ​យក​មាន់​ខាង​ស្រី ដែល​គេ​យកទៅ​នោះ មក​សង​ស្រី​វិញ តែបើ​ខាង​ស្រី​ទាយ​ខុស ខាង​ប្រុស​គេ​យក​មាន់​ខាង​ស្រី​នោះ​ទៅទៀត ។​

​ការ​ទាយ​សំលេង​មាន់​ស្រេច​លើ​ខាង​ណា​ទាយ​ត្រូវ​ច្រើន គេ​បាន​មាន់​ច្រើន​, ខាង​ណា​ទាយ​ខុស​ច្រើន ត្រូវ​បង់ខាត​មាន់​ច្រើន​ដែរ ។ គេ​ធ្វើ​របៀបនេះ​ទាល់តែ​ម្ខាងៗ​អស់​មាន់​ទាំងអស់ ឬ​មាន់​ច្រើនជាងគេ​ទុកជា​ចាញ់ ខាង​ណា​បាន​មាន់​ច្រើន​គេ​ទុកជា​ឈ្នះ ហើយ​គេ​រៀបចំ​ជាថ្មី​ឡើងវិញ ។ គេ​ចេះតែធ្វើ​របៀបនេះ ដរាប​ដល់​ពេលណា ដែល​គេ​សន្ម​ត់​គ្នា​ថា ឈប់ ទើប​លែង​លេង ។​

​ល្បែង​នេះ ជា​ល្បែង​កំសាន្ត​មួយ​យ៉ាង​សំរាប់​កុមារា កុមារី ជំទង់ៗ​លេង​តាម​សប្បាយ ដែលជា​ល្បែង​ហាត់​បញ្ញា ហាត់​គំនិត ឲ្យ​ប៉ិនប្រសព្វ​ខាង​ស្ដាប់ ខាង​កាត់​ប្រមាណ​តម្រូវ​តាម​សំលេង​របស់​មនុស្ស ៕ CEN

×