បន្ទាយមានជ័យ ៖ នៅដំណាច់ឆ្នាំចាស់ចូលឆ្នាំថ្មីឆ្នាំសាកល២០១៨នេះ អាជីវកររកស៊ីដឹកជញ្ជូនទំនិញទ្រង់ទ្រាយតូចៗ សូមត្អូញត្អែរពីទុក្ខព្រួយ ការលំបាក ការគាបជម្រឹតទារលុយនិងការបុករុកពីមន្ត្រីគយ គយចល័តតាមបណ្តោយផ្លូវជាតិលេខ៥និងលេខ៦ ដែលប្រដេញនិងដាក់កុងត្រូលនានា។ ដូចករណីមួយ ដែលបង្ហាញមុនគេនេះ អាជីវករដឹកពូកស្តើងពីប៉ោយប៉ែតខេត្តបន្ទាយមានជ័យមកភ្នំពេញ បានប្រាប់គេហទំព័រ CEN ថ្ងៃទី៣០ ខែធ្នូថា ៖ ខ្លួនដឹកពូកស្តើង២០០ទៅ៤០០ពូកដែលបង់ពន្ធនៅច្រកទ្វារព្រំដែនប៉ោយប៉ែតហើយតាមឡានធុនមធ្យមកង់៦ ត្រូវមន្ត្រីគយ មន្ត្រីគយចល័តនៅគោលដៅនានាសម្លុតទារលុយដដែល។
ដូចជាលើផ្លុវជាតិលេខ៥ គយចល័តនៃសាខាគយខេត្តបន្ទាយមានជ័យចំណុចសាលាក្រហម ខេត្តបន្ទាយមានជ័យ មានឈ្មោះមករា ជាកូនចៅរបស់ឈ្មោះធី ទារ៨ម៉ឺនរៀល(ថ្លៃបាយថ្លៃទឹក)។ គយចល័តក្រសួងនៅភូមិគាបក្រុងសិរីសោភ័ណ ទារ ៨ទៅ១៥ម៉ឺនរៀល។ គយចល័តនៅអូរតាគីខេត្តបាតដំបង ទារ៨-១០ម៉ឺនរៀល។ គយនៅពោធិសាត់ បង់ប៉ុន្មានក៏យក។និងគយនៅស្រះត្រាចខេត្តកំពង់ឆ្នាំង បង់ពី៨-១០ម៉ឺនរៀល ឬជួនកាលថោកជាងនេះ។ តែបើដឹកជញ្ជូនតាមផ្លូវជាត់លេខ៦វិញ ត្រូវបង់ដូចគ្នានេះនៅគយចល័តនៅស្រុកពួកខេត្តសៀមរាប,បង់នៅគយស្រុកបារាយណ៍ខេត្តកំពង់ធំនិងនៅខេត្តកំពង់ចាម។
អាជីវករនោះនិយាយបន្តថា ៖ ក្រៅពីគយចល័តនេះ ក៏នៅមានប៉ូលីសសេដ្ឋកិច្ចខេត្ត,ប៉ូលីសចរាចរណ៍ខេត្ត ស្រុកនានាតាមបណ្តោយផ្លូវជាតិខាងលើ ជម្រិតទារលុយថ្លៃបាយថ្លៃទឹកថែមទៀត។ ការបង់លុយចូលហៅប៉ោ ដែលក្រៅផ្លូវការបែបនេះគឺថ្លៃលើសការចំណាយលើថ្លៃប្រេង ថ្លៃកម្មករ ថ្លៃអ្នកបើកបររថយន្តទៅទៀត ។ ពោលគឺ ការដឹកទំនិញនេះ ក្នុង១ជើងៗអាចចំណេញសល់ផលពី២៨០ទៅ៣០០ដុល្លារ។ តែដោយសារតាមផ្លូវនិងកុងត្រូលជម្រឹតទារនិងសុំថ្លៃបាយថ្លៃទឹកដូច្នេះ ម្ចាស់ទំនិញគ្មានសល់អ្វីទេ។ពោលគឺធ្វើនេះដូច”កាន់ក្តអោយគេនោម ឬដូច “រកស៊ីចិញ្ចឹមប្តីគេ” (មន្ត្រីគយ មន្ត្រីប៉ូលិសដូច្នោះដែរ) ។
អាជីវករសូមជូនដំណឹងចំហនេះ ដល់មន្ត្រីថ្នាក់ដឹកនាំជ្រាប ឬអាចជួយពិនិត្យដោះស្រាយផង ឬក៏យ៉ាងហោចបានជួយរំលែកទុក្ខព្រួយផង នៅដើមឆ្នាំថ្មី ឆ្នាំសកល២០១៨ខាងមុខនេះ។
មន្ត្រីគយខ្លះ បានបំភ្លឺតបនឹងការចោទប្រកាន់នេះ ដោយនិយាយប្រាប់គេហទំព័រCEN ថ្ងៃទី៣០ធ្នូថា ៖ តួនាទីគយគឺរកចំណូល។ ដូច្នេះ បើទំនិញត្រូវបង់ពន្ធត្រូវតែបង់។ ហើយបើចង់មិនអោយគយទារលុយតាមផ្លូវទៀត ម្ចាស់ទំនិញត្រូវបង់ពន្ធអោយគ្រប់ ហើយមានឯកសារគយអមជាមួយផង។
មន្ត្រីគយនោះ និងមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តខ្លះ និយាយថា៖ ការត្អូញត្អែរនោះ ពិតជាមាន។ តែអាជីវករតូចៗជាច្រើនម្តេចគេរកស៊ីបាន? ចុះអ្នកត្អូញហ្នុង ពិបាកអីតែឯង? ដូច្នេះ បើរកមិនកើតទេ ឈប់រកទៅ ។ អត់អ្នកឯង ក៏មានអ្នកផ្សេងគេនៅរកដែរ៕ ដោយ ៖ បន្ទាយ