ភ្នំពេញ៖ ក្នុងឱកាស ចូលរួមកម្មវិធី របស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ និងជួបពិភាក្សាការងារ ជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អង្គការអន្តរជាតិទាំងនេះ បន្តផ្តល់ជំនួយ និងគម្រោងនានា ដើម្បីជួយគាំទ្រដល់វិស័យពាណិជ្ជកម្មនៅកម្ពុជា ដែលកំពុងស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្ម ដែលអាចបង្កើនចំណូល ជួយកាត់បន្ថយភាពក្រក្រី និងបង្កើតការងារ សម្រាប់ប្រជាជនទាំងអស់គ្នា។
ក្រោមការអញ្ជើញរបស់លោកស្រី អារ៉ាញ់ឆា ហ្កន់ហ្សាឡេស (Arancha Gonzalez) នាយកប្រតិបត្តិ នៃមជ្ឈ មណ្ឌលពាណិជ្ជកម្មអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានចូលរួម ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះ លើកទី៥៣ (53rd Joint Advisory Group Meeting) ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការ អង្គការពាណិជ្ជកម្មពិភពលោក នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ។
ក្នុងកិច្ចប្រជុំនេះ មានការធ្វើសេចក្តីថ្លែងការណ៍ ដោយអគ្គទីប្រឹក្សាកូស្តារីកា ជាប្រធានអង្គប្រជុំចាស់ អគ្គរដ្ឋទូតហ្វាំងឡង់ ជាប្រធានអង្គប្រជុំថ្មី អគ្គនាយក នៃអង្គការពាណិជ្ជកម្មពិភពលោក អគ្គលេខាធិការនៃអង្គការ UNCTAD នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មមីយ៉ាន់ម៉ា និងប្រធានអង្គការអន្តរជាតិ និងឥស្សរជនជាន់ខ្ពស់ដទៃទៀតផងដែរ។ កិច្ចប្រជុំដ៏មានសារសំខាន់នេះ បានរាយការណ៍ពីសកម្មភាពពីឆ្នាំ២០១៨ និងថ្លែងដោយផ្តោតសំខាន់ លើទំនាក់ទំនង និងការរួមចំណែក របស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការ UNCTAD ក្នុងការជួយគាំទ្រដល់ប្រទេស ដែលមានសេដ្ឋកិច្ចតូច និងទន់ខ្សោយ តាមរយៈការផ្តល់គម្រោងជាច្រើន ដើម្បីជំរុញការអភិវឌ្ឍ និងជួយឲ្យសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងឆ្នាំ២០៣០។ អង្គការទាំងនេះ បានបញ្ជាក់ពីជំហរ ក្នុងបន្តសកម្មភាព និងគម្រោងនានា ក្នុងការបន្តជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីជួយជំរុញការអភិវឌ្ឍ និងវិស័យពាណិជ្ជកម្ម តាមរយៈការផ្តល់អនុសាសន៍ និងការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុផងដែរ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានធ្វើសេចក្តីថ្លែងការណ៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ នូវកិច្ចសហប្រតិបត្តិការ និងជំនួយដែលបានផ្តល់ដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ជាពិសេសជំនួយដូចជា ការចូលរួមគាំទ្រ ការអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជាកន្លងមក ការអភិវឌ្ឍន៍ធនធានមនុស្ស និងជំនាញ ការពង្រឹងភាពប្រកួតប្រជែង របស់សហគ្រាសធុនតូច និងមធ្យម និងការជួយដល់សហគ្រាសកម្ពុជា មួយចំនួន ចូលរួមក្នុងពិព័រណ៍នាំចេញនាំចូលចិន លើកទី២ នៅទីក្រុងសៀងហៃ ក្នុងឆ្នាំ២០១៩។ ជាមួយនោះដែរ លោករដ្ឋមន្ត្រី បានអំពាវនាវដល់អង្គការអន្តរជាតិទាំងនេះ បន្តផ្តល់ជំនួយ និងគម្រោងនានា ដើម្បីជួយគាំទ្រដល់វិស័យពាណិជ្ជកម្មនៅកម្ពុជា ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្ម ដែលអាចបង្កើនចំណូល ជួយកាត់បន្ថយភាពក្រក្រី និងបង្កើតការងារ សម្រាប់ប្រជាជនទាំងអស់គ្នា។
នៅក្នុងព្រឹកថ្ងៃដដែលនោះដែរ លោករដ្ឋមន្ត្រី ក៏បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ លោក រ៉ូប៊ែតូ អាហ្សែវ៉េដូ (Roberto Azevedo) អគ្គនាយក នៃអង្គការពាណិជ្ជកម្មពិភពលោក ដោយក្នុងនោះ លោករដ្ឋមន្ត្រី និងលោកអគ្គនាយក បានពិភាក្សាពីភាពចាំបាច់ ក្នុងការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ដើម្បីជួយដល់ប្រទេសអភិវឌ្ឍន៍តិចតួច ដោយក្នុងនោះ រួមមានជំនួយសម្រាប់ពាណិជ្ជកម្មផងដែរ៕ ដោយ៖កូឡាប