កំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅកណ្តាលវាលស្រែ ។ បន្ទាប់ពីមានករណីនេះកើតឡើង សមត្ថកិច្ចបានចុះស្រាវជ្រាវ ដោយសន្និដ្ឋានថា រាលកៃកាំភ្លើងច្នៃ ត្រូវចំដើមទ្រូង។ ដែលហេតុការណ៍នេះកើតឡើង នៅចំណុចជ្រៃគោក ស្ថិតក្នុងភូមិត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ប៊ុន លៀងគីម ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះបានទៅទាក់សត្វគ្រួចអ៊ឺត នៅចំណុចជ្រៃគោក ស្ថិតក្នុងត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ដោយយកកាំភ្លើងកែច្នៃបាញ់ដោយគ្រាប់កង់ទៅជាមួយផង ។
ឆ្លងតាមការធ្វើកោសល្យវិច័យ របស់ក្រុមបចេ្ចកទេសវិទ្យាសាស្ត្រ ពិនិត្យនៅកន្លែងកើតហេតុ ឃើញមានថង់យាមមួយ មានគ្រាប់កង់ចំនួន៧៧គ្រាប់ មានស្នាមរបួស នៅលើទ្រូងជនរងគ្រោះ ទំហំប៉ុនគ្រាប់កង់ និងតាមការអះអាងរបស់ក្មួយស្រី អាយុ១៦ឆ្នាំ បានឃើញជនរងគ្រោះ កាន់កាំភ្លើងកែច្នៃទៅជាមួយ។ តាមការសន្និដ្ឋានបឋម ជនរងគ្រោះ ស្លាប់ដោយរាលកៃកាំភ្លើងកែច្នៃ ត្រូវចំដើមទ្រូងខ្លួនឯង៕ ដោយ៖បញ្ញាស័ក្តិ