ខេត្តព្រះសីហនុ ៖ ភ្លៀងធ្លាក់មួយមេធំ ចាប់តាំងពីយប់រហូតមកដល់វេលាជិតថ្ងៃត្រង់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ បណ្តាលឲ្យតំបន់ទំនាបមួយចំនួន ក្នុងក្រុងព្រះសីហនុ ត្រូវលិចលង់ស្ទើរមួយចំហៀងក្រុង។
ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បានឲ្យដឹងថា តំបន់លិចលង់ទាំងនោះមាននៅម្តុំអូរសំអាត តាមផ្លូវឯករាជ្យ និងភូមិដ្ឋានពលរដ្ឋមួយចំនួនទៀត នៅតាមផ្លូវអ៊ឹលវី ត្រូវទឹកភ្លៀងជន់លិចទាំងផ្ទះប្រជាពលរដ្ឋ និងផ្លូវធ្វើដំណើរ..។
ទាក់ទិនបញ្ហានេះ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ ទទួលបន្ទុកផ្នែកប្រព័ន្ធលូ អូរ និងប្រឡាយ បញ្ជាក់ថា រាល់ថ្ងៃនេះ នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ផ្លែកខ្លះក្នុងមូលដ្ឋានក្រុងព្រះសីហនុ គឺតែងមានជំនន់ទឹកភ្លៀងជន់លិច ។
មន្ត្រីបន្តថា ជំនន់ទឹកភ្លៀងជន់លិចនៅថ្ងៃទី៣ ខែកក្កដានេះ វាមិនមែនជាលើកទី១ទេ ដែលត្រូវជន់លុចក្រុងព្រះសីហនុនោះ។ មន្ត្រូបម្តថា ជំនន់ជន់លិចនេះ វាបណ្តាលមកពីទំហំអូរ និងប្រឡាយរំដោះទឹកភាគច្រើន នៅក្នុងក្រុងព្រះសីហនុបានរួមតូច ដោយសាការសាងសង់ផ្ទះ និងសំណង់ផ្សេងៗ របស់ប្រជាពលរដ្ឋមួយចំនួន បានសង់រំលោភ នៅលើដីចំណីមាត់អូរ និងប្រឡាយ ដោយខុសច្បាប់។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា រាល់ថ្ងៃនេះ នាមូលដ្ឋានក្រុងព្រះសីហនុ គឺមានសំណង់មួយចំនួន បានសាងសង់ដោយគ្មានប្រព័ន្ធលូក្រោមដី ហើយបានចាក់ដីលុបបិទផ្លូវទឹកហូរជាដើម ទើបបណ្តាលឲ្យទឹកភ្លៀងជនលិចក្រុង។
ក្នុងនោះ កាកសំណល់សំរាម ក៏បានរសាត់អណ្តែតមកបិទមាត់លូ និងប្រឡាយសម្រាប់រំដោះទឹកផង ទើបធ្វើឲ្យចរន្តទឹកហូៗមិនទាន់ នាំឲ្យមានជំនន់ទឹកភ្លៀងលិចលង់ផ្ទះប្រជាពលរដ្ឋ និងផ្លូវធ្វើដំណើរមួយចំនួននាក្រុងព្រះសីហនុ។
ត្រង់ចំណុចនេះ មន្ត្រីខេត្តព្រះសីហនុបន្តថា បច្ចុប្បន្នជំនន់ជន់លិចនេះ រដ្ឋបាលខេត្តព្រះសីហនុ កំពុងធ្វើការដោះស្រាយជាបន្តបន្ទាប់ ដោយប្រើវិធានការបច្ចេកទេសនាំយកគ្រឿងចក្រ កាយបើកផ្លូវទឹកហូរផង និងប្រើវិធានការផ្លូវច្បាប់ ទៅលើជនទាំងឡាយណា ដែលរំលោភយកដីចំណីមាត់អូរ និងប្រឡាយ ធ្វើកម្មសិទ្ធិខុសច្បាប់ ដើម្បីឈានទៅរំដោះទឹកជន់លិច ពេលមានភ្លៀងធ្លាក់ខ្លាំងមកម្តងៗ។
យ៉ាងណាក៏ដោយចុះ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ រំពឹងថា ចំពោះសកម្មភាពនាំយកគ្រឿងចក្រ មកជីកាយអូរ ប្រឡាយ និងការស្ថាបនាប្រព័ន្ធលូបង្ហូរ ទឹកក្រោមដី ដើម្បីរំដោះទឹកភ្លៀង របស់ក្រុមបច្ចេកទេស នៃរដ្ឋបាលខេត្តព្រះសីហនុ នឹងអាចឈានទៅរំដោះជំនន់ទឹកភ្លៀងនាក្រុងព្រះសីហនុ ទទួលបានជោគជ័យ ក្នុងពេលឆាប់ៗនេះ៕ ដែន សីមា