សៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ១រោច ខែអាសាឍ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារអភិរក្សព្រៃឈើ នៃនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ សហការជាមួយ មន្រ្តីឧទ្យានុរក្សតំបន់ការពារទេសភាពអង្គរ នគរបាលការពារបេតិកភណ្ឌប្រចាំការខ្នងបារាយណ៍ខាងលិច អាជ្ញាធរភូមិបន្ទាយឈើ បានចុះបង្ការ និងទប់ស្កាត់ បទល្មើសករណីកាប់ដើមត្រសេកមួយដើម ស្ថិតនៅខាងត្បូងវត្តស្វាយរមៀត ភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុង-ខេត្តសៀមរាប។
ករណីបទល្មើសខាងលើ បង្កឡើងដោយប្រជាពលរដ្ឋឈ្មោះ ហ៊ត់ យ៉ន់ មានទីលំនៅត្រង់ចំណុចកើតហេតុ ហើយក្នុងប្រតិបត្តិការនេះ ក្រុមការងារបានដកហូតវត្ថុតាង និងបានហៅជខាងលើ ទៅបំភ្លឺនៅស្នាក់ការតំបន់ការពារទេសភាពអង្គរ នៃមន្ទីបរិស្ថានខេត្តសៀមរាប ដើម្បីអនុវត្តន៍ទៅតាមនីតិវិធី។
អាជ្ញាធរជាតិអប្សរា សូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវប៉ះពាល់ ដើមឈើក្នុងតំបន់អង្គរឡើយ ព្រោះជាសកម្មភាពល្មើសច្បាប់។ ក្នុងករណីដែលដើមឈើទាំងនោះ អាចបង្កផលប៉ះពាល់ដល់ការរស់នៅ ឬផ្ទះសម្បែងរបស់ខ្លួន សុំធ្វើការទំនាក់ទំនង មកអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការត្រួតពិនិត្យ ក៏ដូចជារកដំណោះស្រាយ៕ដោយ : កូឡាប