ទីក្រុងហ្សឺណែវ ៖ ក្នុងកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩»នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្តេចហ៊ុនសែន បានថ្លែងថា កម្ពុជាថែមទាំងសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត្រ គឺការឆ្លងពីឋានៈប្រទេសមានចំណូលទាប ទៅជាប្រទេស មានចំណូលមធ្យមកម្រិតទាប ជាផ្លូវការក្នុងឆ្នាំ ២០១៥ ហើយសម្តេចតេជោ បានសូមវាយតម្លៃខ្ពស់ និង កោតសរសើរដល់អង្គការពាណិជ្ជកម្ម ពិភពលោក ព្រមទាំងដៃគូអភិវឌ្ឍន៍ និង អង្គការអន្តរជាតិនានា ដែលបានកិច្ចសហប្រតិបត្តិការល្អ ក្នុងការចូល រួមចំណែកជួយប្រទេសអភិវឌ្ឍន៍តិចតួច, រួមទាំងកម្ពុជាផងដែរ, ចាប់ផ្តើមតាំងពីការចរចាចូលជាសមាជិកនៃ អង្គការពាណិជ្ជកម្មពិភពលោក រហូតមកដល់បច្ចុប្បន្ននេះ ។ សម្រាប់កម្ពុជា ចក្ខុវិស័យរបស់យើង គឺការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ដែលបានប្រព្រឹត្តទៅនៅស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO)នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក និងដៃគូស្ថាប័នពាក់ព័ន្ធជាច្រើនទៀតផងដែរ ហើយកិច្ចប្រជុំនេះគឺក្រោមមូលបទ «គាំទ្រពិពិធកម្ម និងការលើកកម្ពស់សេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម» ដោយមានគោលបំណងពិនិត្យមើលពីរបៀប ដែលជំនួយពាណិជ្ជកម្ម អាចទ្រទ្រង់ប្រកបដោយប្រសិទ្ធភាព ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច»។
ថ្លែងនៅក្នុងឱកាសនោះ សម្ដេចតេជោនាយកមន្ត្រី បានអញ្ជើញថ្លែងសន្ទរកថាគន្លឹះ ដែលមានខ្លឹមសារសំខាន់ៗថា៖ សម្តេចពិតជារីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ជាពិសេសដើម្បីចែករំលែកអំពីបទពិសោធន៍របស់កម្ពុជាក្នុងការរៀបចំគោលនយោបាយពាណិជ្ជកម្ម និងជោគជ័យនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្រោយពេលដែលកម្ពុជា បានក្លាយជាសមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០០៤ ព្រមទាំងតួនាទីរបស់កម្ពុជានាបច្ចុប្បន្ន និងទៅអនាគតក្នុងការទ្រទ្រង់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និង ការបន្តរក្សាមាគ៌ាសេរីភាវូបនីយកម្ម ជាសកល ។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះអង្គការពាណិជ្ជកម្មពិភពលោក(WTO) ដែលបានរៀបចំកិច្ចប្រជុំនេះឡើង។ សម្តេចតេជោបានវាយតម្លៃខ្ពស់ ចំញេះតួនាទីយ៉ាងសកម្ម របស់អង្គការពាណិជ្ជកម្មពិភពលោក ក្នុងការបង្កើតឱ្យមានវិធាននានាដ៏ពេញលេញ ដែលក្លាយជាមូលដ្ឋានគ្រឹះ ក្នុងការធ្វើសេរីភាវូបនីយកម្មជាសកល និង សម្រាប់ពាណិជ្ជកម្មពហុភាគី ធានាដល់ស្ថិរភាពនៃលំហូរពាណិជ្ជកម្ម ដោយសេរី រលូន និង ឤចព្យាករណ៍បាន ក៏ដូចជាក្នុងការកៀរគរជំនួយនានា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចថ្នាក់ជាតិ តំបន់ និង អន្តរជាតិតាមរយៈការៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ នូវជំនួយសម្រាប់ពាណិជ្ជកម្ម ដែលបានប្រព្រឹត្តិទៅចំនួន៦លើករួចមកហើយ ។
ជាមួយគ្នានេះដែរ ក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាបានខិតខំបំពេញនូវតួនាទីប្រកបដោយភាពទទួលខុសត្រូវខ្ពស់ តាមរយៈការដាក់ចេញ និងការរៀបចំកម្មវិធីកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចច្បាប់ បទប្បញ្ញត្តិផ្សេងៗ និងវិធាននានា ដើម្បីឱ្យមានអនុលោមភាពទាំងស្រុងជាមួយបទបញ្ញត្តិអន្តរជាតិ ជាពិសេសឱ្យស្របតាមការសន្យារបស់កម្ពុជា ក្រោមក្របខ័ណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក ។ ជាមួយនឹងការខិតខំបំពេញកាតព្វកិច្ចជាសមាជិករបស់អង្គការញណិជ្ជកម្មពិភពលោក រាជរដ្ឋាភិបាលកម្ពុជាក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី-ពហុបក្ស ខិតខំរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកបដោយ ភាពប្រុងប្រយ័ត្ន តាមរយៈការដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្ត្រទូលំទូលាយជាឤទិ៍ យុទ្ធសាស្ត្រចតុកោណ ដែលជារបៀបវារៈគោលនយោបាយរួម សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និង យុទ្ធសាស្ត្រតាមវិស័យសំខាន់ៗដទៃទៀត ។ នៅក្នុងវិស័យពាណិជ្ជកម្ម កម្ពុជាបានរៀបចំ និងដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា តាំងពីឆ្នាំ ២០០១ ហើយបានកែលម្អជាបន្តបន្ទាប់ ដើម្បី ឆ្លើយតបទៅនឹងកម្រិតនៃការអភិវឌ្ឍរបស់កម្ពុជា ។
ក្នុងឆ្នាំ២០១៩ នេះ កម្ពុជាបានធ្វើបច្ចុប្បន្នភាពលើកទីបី រួចរាល់ជាស្ថាពរ នូវយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ សំដៅឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងបរិការណ៍បច្ចុប្បន្ន និង អនាគត នៃពាណិជ្ជកម្មតំបន់ និងពិភពលោក ។ ជាលទ្ធផលពីកិច្ចខំប្រឹងប្រែងខាងលើ, កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ជាមធ្យមប្រចាំឆ្នាំ ក្នុង រង្វង់ ៧,៧% ប្រកបដោយបរិយាប័ន្ន និងសមធម៌, ក្នុងរយៈពេល ២ ទសវត្សរ៍ ៕ ដោយ៖កូឡាប