ខេត្តស្វាយរៀងៈ មនុស្សប្រុស ស្រី៥នាក់ បានស្លាប់ និងរងរបួស នៅក្នុងករណីគ្រោះថ្នាក់ចរាចរមួយ រវាងរថយន្តម៉ាកព្រូស និងរថយន្តមិនស្គាល់ម៉ាក ដែលហេតុការណ៍នៃគ្រោះថ្នាក់ចរាចរ ដ៏ឱ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ២៣និង៣០នាទីយប់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ។
សមត្ថកិច្ចបានឱ្យដឹងថា មានគ្រោះថ្នាក់ចរាចរ រវាងរថយន្តម៉ាកព្រួស និងរថយន្តមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅស្របគ្នា ពីលិចទៅកើត លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ លេខ១៥៩-១៦០ ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ចំនួន ៣ នាក់ គឺអ្នកបើកបររថយន្តម្នាក់ ជាជនជាតិខ្មែរ និងជនជាតិចិន ២ នាក់ ជាស្ត្រី និងរបួសធ្ងន់ ២ នាក់ ជាប្រុស ជនជាតិចិន ។
ប្រភពខាងលើ បានបន្តថា រីឯរថយន្តម្ខាងទៀត ក្រោយពេលកើតហេតុ បានបើករត់គេចខ្លួនបាត់។ មូលហេតុ អ្នកបើកបររថយន្តម៉ាកព្រួស ប្រើប្រាស់ល្បឿនលឿន។ បច្ចុប្បន្ន អ្នករបួសធ្ងន់ទាំង ២នាក់ បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងសាកសព៣នាក់ បានយកទៅតម្កល់ទុក នៅវត្តពោធិថ្មី (ហៅវត្តបាវិត) ដើម្បីរង់ចាំប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ មធ្យោបាយ សមត្ថកិច្ចបានយកមករក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងបាវិត ដើម្បីបង្កសំណុំរឿង ចាត់ការតាមនីតិវិធី៕ ដោយ៖វ៉ៃកូ