ខេត្តសៀមរាប៖ សមត្ថកិច្ចចម្រុះនៅខេត្តសៀមរាប មានទាំងស្ថាប័នអយ្យការ មេព្រៃ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កងរាជអាវុធហត្ថ បានរួមគ្នាចុះឆែកឆេរឃ្លាំងស្តុកឈើមួយកន្លែង នៅក្នុងបរិវេណសណ្ឋាគារអង្គរអេរ៉ា ដែលមានចំនួនរាប់រយម៉ែត្រគូប ដែលស្ថិតក្នុងភូមខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប។
ប្រភពបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារចម្រុះ របស់រដ្ឋបាលខេត្តសៀមរាប បានចុះទៅពិនិត្យការដ្ឋានសំណង់មួយ នៅជាប់សណ្ឋាគារអង្គរអេរ៉ា បានរកឃើញថា មានឃ្លាំងស្តុកឈើដ៏ធំនេះ រួចក៏រាយការណ៍ទៅលោកទៀ សីហា អភិបាលខេត្តសៀមរាប។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះ លោកអភិបាលខេត្តសៀមរាប បានបញ្ជាឲ្យកម្លាំងពាក់ព័ន្ធ ធ្វើការត្រួតពិនិត្យករណីនេះ។
ប្រភពដដែលបន្តថា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញពាក់ព័ន្ធ បានចូលទៅធ្វើការត្រួតពិនិត្យនៅទីតាំងនោះ ប៉ុន្តែកម្លាំងសមត្ថកិច្ច ហាក់បីដូចជា ជាញញើតញញើម ខ្លាចក្រែងចិត្តម្ចាស់ឃ្លាំងឈើ ដែលជាអ្នកមានអំណាច។ មុនដំបូងគេបានហាមឃាត់ មិនឲ្យអ្នកព័ត៌មានចូលទៅទេ ប៉ុន្តែប្រហែលជាខ្លាចមានការរិះគន់ សមត្ថកិច្ចបានអនុញ្ញាតឲ្យចូលក្នុងទីតាំងឃ្លាំងឈើ ប៉ុន្តែគេមកហាមមិនឲ្យថត និងហាមឃាត់ មិនទាន់ឲ្យចេញផ្សាយព័ត៌មាន ដោយសមត្ថកិច្ចនិយាយថា ចាំពិនិត្យចប់សព្វគ្រប់សិន។
បើតាមសមត្ថកិច្ច ដែលចូលរួមក្នុងប្រតិបត្តិការនេះ បានប្រាប់ដោយសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ឃ្លាំងស្តុកឈើរាប់រយម៉ែត្រគូបនេះ ជារបស់លោកលី ស៊ីណា ជាមន្ត្រីជាន់ខ្ពស់ នៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយ និងមានតួនាទី ទទួលខុសត្រូវក្នុងតំបន់សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
តាមប្រភពពីមន្ត្រីមេព្រៃម្នាក់ សុំមិនបញ្ចេញឈ្មោះ ក៏បានបង្ហើបដែរថា កាលពីពេលកន្លងទៅ ខាងជំនាញមេព្រៃ ក៏ធ្លាប់ចូលពិនិត្យទីតាំងនេះដែរ តែអ្វីដែលពិបាកនោះ គឺឋានៈពួកគាត់ មិនមានសមត្ថភាព ក្នុងការចាត់វិធានការច្បាប់ ជាមួយម្ចាស់ទីតាំងដែលមានអំណាចនេះ។
ទោះយ៉ាងណាអ្នកសារព័ត៌មានមិនអាចទំនាក់ទំនង លោកលី ស៊ីណា ដើម្បីបំភ្លឺបានទេ៕ ដោយ : កូឡាប