ខេត្តព្រះសីហនុ៖ ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ លោក ឱ សារឿន បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន និងពិនិត្យឃើញថា ម្ចាស់ព្រឹត្តិបត្រព័ត៌មានឈ្មោះ សីហនុវីលប៉ុស្តិ៍ (Sihanouk Vill Post) បោះពុម្ភផ្សាយជាភាសាចិន ដែលមានស្នាក់ការស្ថិតនៅ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាន់ប្រកាស (អាជ្ញាប័ណ្ណ) អនុញ្ញាត របស់ក្រសួងព័ត៌មាន លេខ២១៤ ព.មប្រក ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ បានយកស្លាកសញ្ញា ឡូហ្គោ របស់ក្រសួងព័ត៌មាន ទៅបិតលើកញ្ចក់រថយន្តផ្នែកខាងក្រោយរួចមក។ ភ្លាមៗនោះ លោក ក៏បានចាត់មន្រ្តី របស់ លោកចុះស្រាវជ្រាវ និងបកស្ទីកគ័រ ឬសញ្ញាឡូហ្គូ របស់ក្រសួងព័ត៌មាននោះ ចេញពីកញ្ចក់រថយន្ត ម្ចាស់ព្រឹត្តិបត្រនោះរួចហើយ។
ជាងនេះទៀត លោក ឱ សារឿន មន្ត្រីមន្ទីរព័ត៌មានខេត្តព្រះសីហនុ បញ្ជាក់ថា មន្ត្រីលោក ក៏បានណែនាំមិនឲ្យម្ចាស់ព្រឹត្តិបត្ររូបនោះ ធ្វើសកម្មភាពបែបនេះ តទៅថ្ងៃខាងមុខទៀត។
ទាក់ទិនបញ្ញានេះ លោក ឱ សារឿន បញ្ជាក់ថា ស្លាកសញ្ញា ឡូហ្គោ របស់ក្រសួងព័ត៌មាន ដែលបានបិតលើកញ្ចក់រថយន្តខាងលើនេះ ត្រូវមន្រ្តីមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានបកចេញពីកញ្ចក់រថយន្ត របស់ម្ចាស់ព្រឹត្តិបត្រភាសាចិននោះ កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០១៩ រួចរាល់ជាស្ថាពរហើយ៕ ដោយ៖ ដែន សីមា