មេដឹកនាំហុងកុងគឺអ្នកស្រី Carrie Lam បានស្នើសុំជួបចរចាជាមួយនឹងនិស្សិត និងក្រុមបាតុករ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យការិយាល័យរបស់អ្នកស្រី។ ការស្វែងរកការចរចានេះ កើតឡើង ក្រោយពេលមានមហាបាតុកម្មអស់ជាច្រើនសប្តាហ៍។
អ្នកនាំពាក្យរបស់អ្នកស្រី Carrie Lam បានបញ្ជាក់ថា ”កាលពីពេលថ្មីៗនេះ អ្នកស្រីបានចាប់ផ្តើមអញ្ជើញក្រុមមនុស្សវ័យក្មេងជាច្រើន ដើម្បីជួបពិភាក្សាគ្នា រួមមាន និសិ្សតមហាវិទ្យាល័យ និងអ្នកដែលបានចូលរួមបាតុកម្មកន្លងទៅ”។
សហភាពនិស្សិតនៅសកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តហុងកុង បានបដិសេធការអញ្ជើញរបស់មេដឹកនាំហុងកុង ដោយពួកគេបញ្ជាក់ថា មេដឹកនាំហុងកុងស្នើឲ្យមានការជួបចរចាបិទទ្វារ។
សហភាពនិស្សិតថ្លែងនៅក្នុងសេចក្តីប្រកាសដូច្នេះថា “ការចរចាត្រូវតែបើកចំហរទៅកាន់ប្រជាជនហុងកុងទាំងអស់ ឲ្យចូលរួម និងអនុញ្ញាតឲ្យគ្រប់គ្នាបាននិយាយ”។
ទោះយ៉ាងណា អ្នកនាំពាក្យអ្នកស្រី Carrie Lam បានបញ្ជាក់វិញថា អ្នកស្រីសង្ឃឹមថា សភាពនិស្សិត នឹងធ្វើការពិចារណាឡើងវិញ ក្នុងការចូលរួមការពិភាក្សាគ្នា ដែលនឹងត្រូវធ្វើឡើងក្នុងលក្ខណៈតូច និងបិទទ្វារ ដើម្បីសម្រួលឲ្យមានការផ្លាស់ប្តូរទស្សនៈគ្នា ឲ្យបានស៊ីជម្រៅ។
មាននិស្សិតនៅមហាវិទ្យាល័យជាច្រើនទៀត ក៏ត្រូវបានអញ្ជើញឲ្យចូលរួមផងដែរ ប៉ុន្តែពួកគេមិនទាន់បានធ្វើការសម្រេចចិត្តនៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់ប្រភព។ ប្រភព៖ channelnewsasia៕ អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ