សៀមរាប : បើទោះបីជាមានសេចក្តីជូនដំណឹងជាច្រើនលើក ដើម្បីបញ្ឈប់សកម្មភាពលក់ដូរដីធ្លី ក្នុងតំបន់ការពារបេតិកភណ្ឌពិភពលោក ក៏មានបុគ្គលមួយចំនួន នៅតែសម្ងំធ្វើសកម្មភាពយ៉ាងគឃ្លើន ផ្ទុយពីសេចក្តីជូនដំណឹង។ ជាក់ស្តែង នៅថ្ងៃព្រហស្បត្តិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារទប់ស្កាត់សំណង់ខុសច្បាប់ នៃសណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការ រួមនឹងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ និងហាមឃាត់ការពុះដីឡូត៍លក់មួយកន្លែង នៅភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្នុងការចុះប្រតិបត្តិការនេះ ម្ចាស់ដីឡូត៍ពុំមានវត្តមាននៅទីតាំងទេ តែបើតាមសម្តីរបស់លោក ប៉ោយ ណារ័ត្ន ភេទប្រុស អាយុ ៤០ឆ្នាំ ដែលជាអ្នកចាំដី បានប្រាប់ថា ម្ចាស់ដីមានឈ្មោះ ស៊ីង រស់នៅទីក្រុងសៀមរាប ខេត្តសៀមរាប។ ចំពោះបុគ្គលដែលជាម្ចាស់ដីឡូត៍ខាងលើ អាជ្ញាធរជាតិអប្សរា នឹងចាត់វិធានការច្បាប់នាពេលខាងមុខ។
ជាថ្មីម្តងទៀត ដើម្បីចូលរួមលើកតម្លៃរមណីយដ្ឋានអង្គរ និងថែរក្សាមរតកដូនតា ឱ្យបានគង់វង្សយូរអង្វែង អាជ្ញាធរជាតិអប្សរា សូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពពុះដីឡូត៍លក់ក្នុងតំបន់ការពារបេតិកភណ្ឌពិភពលោក។ ពិសេសជាងនេះទៅទៀត សូមកុំមានការទិញដីក្នុងតំបន់តាមរយៈការឃោសនារបស់ឈ្មួញ ព្រោះនឹងនាំឱ្យខាតបង់ទ្រព្យសម្បត្តិជាអាសារបង់៕ ដោយ៖កូឡាប